ស្រូវធ្លាក់ថ្លៃដោយសារឈ្មួញមួយចំនួនផ្អាកទិញ

ប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបង៖ ស្រូវធ្លាក់ថ្លៃដោយសារឈ្មួញមួយចំនួនផ្អាកទិញ


តម្លៃស្រូវមានការធ្លាក់ចុះប៉ុន្មានថ្ងៃកន្លងមកនេះ បានឱ្យកសិករមួយចំនួនបង្ហាញការមិនសប្បាយចិត្ត ត្បិតពួកគេលក់បានតម្លៃទាបជាងមុន។ មន្រ្តីកសិកម្មទទួលស្គាល់ថា តម្លៃស្រូវពិតជាបានធ្លាក់ចុះបន្តិចមែននៅប៉ុន្មានថ្ងៃកន្លងមកនេះ ប៉ុន្តែតម្លៃនេះស្ថិតក្នុងកម្រិតមួយសមរម្យ ដែលនៅតែអាចផ្តល់ប្រាក់ចំណេញដល់កសិករ។ ថ្នាក់ដឹកនាំមន្ទីរកសិកម្មខេត្តបាត់ដំបងបានអះអាងថា ការធ្លាក់ចុះតម្លៃស្រូវក្នុងពេលថ្មីៗនេះ គឺបន្ទាប់ពីឈ្មួញវៀតណាម និងកម្ពុជាមួយចំនួនបានផ្អាកទិញ និងកាត់បន្ថយបរិមាណទិញ។
ស្រូវធ្លាក់ថ្លៃដោយសារឈ្មួញមួយចំនួនផ្អាកទិញ
ដោយ

ប្រជាកសិករធ្វើស្រែមួយចំនួននៅខេត្តបាត់ដំបងបានបង្ហាញការមិនសប្បាយចិត្ត ក្រោយ ស្រូវរបស់ពួកគេប្រមូលចំពេលតម្លៃស្រូវមានធ្លាក់ចុះបន្តិចបើធៀបនឹងតម្លៃដែលលក់ចេញកាលពីអំឡុងខែសីហា កន្លងទៅ។ តែយ៉ាងណាការធ្លាក់ថ្លៃនេះ ត្រូវបានមន្ត្រីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទអះអាងថា គឺស្ថិតក្នុងកម្រិតមួយសមរម្យ ដែលអាចផ្តល់ប្រាក់ចំណេញដល់កសិករ។

ជុំវិញតម្លៃស្រូវមានការធ្លាក់ចុះនេះ លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបងបានគូសបញ្ជាក់ថា ការធ្លាក់ចុះតម្លៃស្រូវក្នុងពេលថ្មីៗនេះ គឺដោយសារឈ្មួញវៀតណាមបានផ្អាកទិញ ស្របពេលឈ្នួញក្នុងស្រុកមួយចំនួនក៏បានផ្អាកទិញដូចគ្នា និងមួយចំនួនទៀតបានកាត់បន្ថយបរិមាណនៃការទិញ។ យ៉ាងណាមិញពាក់ព័ន្ធបញ្ហានេះប្រធានមន្ទីរកសិកម្ម រួមជាមួយឯកឧត្តម ភូ ពុយ តំណាងរាស្រ្តខេត្តបាត់ដំបង រួមជាមួយអាជ្ញាធរបានចុះទៅសម្របសម្រួលជាមួយកសិករនៅក្នុងស្រុកសង្កែ និងស្រុកបវិលដោយដាក់ផែនការប្រមូលទិញស្រូវពីកសិករចាប់ពី២០០តោន ឬ៣០០តោនក្នុង១ថ្ងៃ ដោយក្នុងនោះស្រូវស្រងែ១តោនមានតម្លៃចាប់ពី១លាន១៥ម៉ឺនរៀលឡើងទៅ ហើយស្រូវសែនក្រអូបក្នុង១តោន មានតម្លៃចាប់ពី១លាន២៤ម៉ឺន៥ពាន់រៀលឡើងទៅ។

ពាក់ព័ន្ធបញ្ហាតម្លៃស្រូវមានការធ្លាក់ចុះនេះដែរ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសរសេរលើបណ្ដាញសង្គមហ្វ៊េសប៊ុកផ្ទាល់ខ្លួនជាមួយការកត់សម្គាល់ឃើញថា នៅមួយរយៈនេះថ្លៃស្រូវមានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលជាឱកាសកើតចេញពីបម្រែបម្រួលនៃតម្រូវការ និងការផ្គត់ផ្គង់នៃទីផ្សារស្រូវអង្ករនៅក្នុងតំបន់។ យ៉ាងណាមិញតម្លៃស្រូវហាក់បានថយចុះបន្តិចមកវិញ ក្រោយប្រទេសដទៃចាប់ផ្តើមប្រមូលផលរបស់ខ្លួន តែនៅតែខ្ពស់ជាងរាល់ឆ្នាំ ហើយនៅតែផ្តល់ប្រាក់ចំណេញដល់កសិករដដែល ដរាបណាមិនធ្លាក់ក្រោម១ពាន់រៀលក្នុងមួយគីឡូក្រាម។

មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ រូបនេះ បានជំរុញដល់កសិករគួរចាប់យកឱកាសនេះដោយការប្រុងប្រយត្ន័ ឱ្យទាន់ពេលវេលា និងមានភាពឆ្លាតវៃប្រមើលមើលពីសក្តានុពលនៃតម្រូវការទីផ្សារនាពេលអនាគតទុកជាមុនឱ្យហើយ តែក៏មិនគួរនាំគ្នាបង្កើនផលិតកម្មដោយមិនមានការពិគ្រោះយោបល់ជាមួយអ្នកជំនាញនោះឡើយ ហើយត្រូវធ្វើផែនការគិតទុកជាមុន និងសង្កេតពីនិន្នាការប្រែប្រួលនៃទីផ្សារកុំឲ្យធ្វើឱ្យការផ្គត់ផ្គង់ហក់ឡើងលើសពីតម្រូវការក្នុងទីផ្សារ។
បើតាមមន្ទីរកសិកម្មខេត្តបាត់ដំបង តម្លៃស្រូវបានហក់ឡើងខ្ពស់នៅខែសីហា គឺដោយសារអាជីវករវៀតណាមចុះទិញច្រើន ដើម្បីបំពេញតម្រូវការនាំចេញ និងមិនទាន់ដល់រដូវការប្រមូលផល ដែលធ្វើឱ្យតម្លៃខ្ពស់ជាងទីផ្សារអន្តជាតិ។ ប៉ុន្តែពេលនេះវៀតណាម ដល់ពេលប្រមូលផលនៅដើមខែកញ្ញា តម្លៃស្រូវត្រូវបានធ្លាក់ថ្លៃបន្តិចមកវិញដោយសារអាជីវករវៀតណាមផ្អាកទិញ។

បើយោងតាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង នៅថ្ងៃទី៦ ខែកញ្ញា ស្រូវ OM លក់ចេញចន្លោះពី១ពាន់១៨៦រៀលទៅ១ពាន់១៩៨រៀលក្នុងមួយគីឡូក្រាម ខណៈស្រូវស្រងែមានតម្លៃចន្លោះពី១,២០០រៀលទៅ១,៤០០រៀលក្នុងមួយគីឡូក្រាម និងស្រូវសែនក្រអូបមានតម្លៃចន្លោះពី១,២៦៩រៀលទៅ១,២៩២រៀលក្នុងគីឡូក្រាម៕

អត្ថបទ ៖ បូ ដូឡា




អត្ថបទបន្ទាប់


រាជរដ្ឋាភិបាលចាត់ទុកបច្ចេកវិទ្យាឌីជីថលជាឧបករណ៍ថ្មី ក្នុងការជំរុញកំណើនផលិតភាពសេដ្ឋកិច្ច និងសង្គម

ព័ត៌មាន
នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍ និងពត៌មាននៅកម្ពុជា មានការរីកចម្រើនយ៉ាងឆាប់រហ័សគួរឲ្យកត់សម្គាល់ ដែលរួមចំណែកយ៉ាងស…

កម្ពុជា-កូរ៉េ ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យដល់កម្រិត «ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»

ព័ត៌មាន
ទំនាក់ទំនងទ្វេភាគីរវាងប្រទេសកម្ពុជា និងកូរ៉េ មានការរីកចម្រើនជាលំដាប់ ទំាងវិស័យការទូត និងពាណិជ្ជកម្ម ហើយដើម្បីឱ្យទំនាក់ទំនងនេះកាន់តែស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ