ថ្នាក់ដឹកនាំធនាគារ SME Bank បានអះអាងថា ដំបូងឡើយម្ចាស់អាជីវកម្មម្នាក់អាចដាក់ពាក្យស្នើសុំកម្ចីនេះបានក្នុងទំហំទឹកប្រាក់តែ៤០ម៉ឺនដុល្លារ និងមានរយៈពេលឥណទាន៧ឆ្នាំប៉ុណ្ណោះ ប៉ុន្តែដើម្បីឆ្លើយតបទៅនឹងសំណើររបស់ម្ចាស់អាជីវកម្មក្នុងវិស័យទេសចរណ៍ទាំងនោះ និងដើម្បីឱ្យការទទួលបានកម្ចីនេះកាន់តែមានភាពងាយស្រួល និងទូលំទូលាយជាងមុន SME Bank ក៏បានបង្កើនទំហំទឹកប្រាក់កម្ចីដល់៦០ម៉ឺនដុល្លារ ដោយមានរយៈពេលឥណទានវែងរហូតដល់៨ឆ្នាំផងដែរ។
លោកបណ្ឌិត លឹម អូន អគ្គនាយកធនាគារសហគ្រាសធុនតូច និងមធ្យម បានគូសបញ្ជាក់ថា បច្ចុប្បន្នម្ចាស់អាជីវកម្មស្ថិតក្នុងវិស័យទេសចរណ៍ទាំងអស់ អាចស្នើសុំឥណទានក្រោមគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ ជាមួយទំហំទឹកប្រាក់រហូតដល់៦០ម៉ឺនដុល្លារ ក្នុងអត្រាការប្រាក់ទាបត្រឹមតែ៦.៥% ក្នុងមួយឆ្នាំ និងមានរយៈពេលឥណទានវែងដល់៨ឆ្នាំ។ លោកបានបន្តទៀតថា នេះគឺជាការគិតគូមួយកម្រិតបន្ថែមទៀត ដើម្បីបង្កលក្ខណៈងាយស្រួល និងកាន់តែមានភាពទូលំទូលាយជាងមុនក្នុងការទទួលកម្ចីមកប្រើប្រាស់សម្រាប់អាជីវកម្មក្នុងវិស័យទេសចរណ៍ ដ្បិតរយៈពេលឥណទានវែងជាងមុនក៏បានជួយសម្រួលដល់ការបង់ត្រឡប់មកវិញឲ្យមានកម្រិតមួយសមរម្យផងដែរ។
តែយ៉ាងណាក៏ដោយចុះ លោកបណ្ឌិត លឹម អូន យល់ឃើញថា ការបញ្ចេញកម្ចីនៅក្នុងគម្រោងនេះ ហាក់មានដំណើរការយឺតយ៉ាវនៅឡើយ ដ្បិតរហូតមកទល់ពេលនេះសហហិរញ្ញប្បទាន ដែលមានទំហំ១៥០លានដុល្លារនេះ ទើបបញ្ចេញអស់ជាង៥៤លានដុល្លារ ឬស្មើនឹង៣៦% នៃទំហំទឹកប្រាក់សរុបប៉ុណ្ណោះ។ ភាពយឺតយ៉ាងនេះ ត្រូវបានថ្នាក់ដឹកនាំធនាគារ SME រូបនេះ អះអាងថា ដោយសារបច្ចុប្បន្នការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍របស់កម្ពុជាហាក់នៅមានកម្រិតមិនទាន់អាចឆ្លើយតបតាមការរំពឹងទុកនៅឡើយ ជាពិសេសខេត្តសៀមរាប ដែលជាគោលដៅទេសចរណ៍ដ៏សំខាន់របស់កម្ពុជា។ បើតាមថ្នាក់ដឹកនាំរូបនេះ កត្តាងើបឡើងវិញយឺតនៃវិស័យទេសចរណ៍នេះហើយ បានធ្វើឲ្យអ្នកប្រកបរបរទេសចរណ៍ មិនសូវមានទំនុកចិត្តក្នុងការស្នើសុំឥណទានបន្ថែម ដើម្បីចាប់ផ្ដើមអាជីវកម្ម ឬពង្រីកអាជីវកម្មរបស់ពួកគេឡើងវិញ ដែលធ្វើឲ្យតម្រូវការផ្នែកឥណទានរបស់វិស័យទេសចរណ៍ តាមរយៈធនាគារ SME នេះនៅមានកម្រិតនៅឡើយ។
បើតាមលោក លឹម អូន ការអនុវត្តផែនការផ្ដល់ហិរញ្ញប្បទានសម្រាប់វិស័យទេសចរណ៍នេះ អាចនឹងបន្តអូសបន្លាយតទៅទៀត ដោយមិនទាន់អាចសន្និដ្ឋានបាននឹងអាចបញ្ចេញអស់នៅពេលណានោះទេ បើសិនស្ថានភាពវិស័យទេសចរណ៍មិនមានការប្រែប្រួលខ្លាំង និងមិនសូវមានទេសចរចូលមកកម្សាន្តនៅក្នុងប្រទេសកម្ពុជាដូចសព្វថ្ងៃ។ ក៏ប៉ុន្តែរាជរដ្ឋាភិបាលនៅតែបន្តអនុវត្តរហូតទាល់តែអស់ចំនួនទឹកប្រាក់១៥០លានដុល្លារនេះ។
សូមជម្រាបថា គម្រោងសហហិរញ្ញប្បទានស្តារវិស័យទេសចរណ៍ គឺផ្តោតសំខាន់លើវិស័យទេសចរណ៍តែមួយប៉ុណ្ណោះ ដែលម្ចាស់អាជីវកម្មក្នុងវិស័យនេះអាច ស្នើសុំឥណទានពីគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម ដែលជាដៃគូរបស់ធនាគារសហគ្រាសធុនតូចនិងមធ្យម។ គម្រោងនេះទៀតសោត មានទំហំទឹកប្រាក់សរុបចំនួន ១៥០លានដុល្លារ ដែលបានមកពីថវិកាបដិភាគរបស់រាជរដ្ឋាភិបាលចំនួន ៧៥លានដុល្លារ តាមរយៈសហគ្រាសធុនតូចនិងមធ្យម និងថវិកាបដិភាគរបស់គ្រឹះស្ថានហិរញ្ញវត្ថុចូលរួមចំនួន៧៥លានដុល្លារ៕