ដំណាំកៅស៊ូ

កម្ពុជា រកចំណូលបានជាង១២៥លានដុល្លាពីការនាំចេញជ័រកៅស៊ូនៅ៤ខែឆ្នាំនេះ ខណៈតម្លៃបានកើនឡើង១០០ដុល្លារក្នុង១តោន


កម្ពុជារកចំណូលបានជាង១២៥លានដុល្លារពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូទៅកាន់ទីផ្សារអន្តរជាតិ នៅ៤ខែឆ្នាំ២០២៤ នេះ មានការកើនឡើងជាង១២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ស្របពេលការនាំចេញមានការកើនឡើង តម្លៃជ័រកៅស៊ូកម្ពុជាបច្ចុប្បន្ន ក៏បានរើបឡើងវិញគួរឱ្យកត់សម្គាល់ផងដែរ ពោលគឺបានកើនឡើងប្រមាណ១០០ដុល្លារក្នុង១តោន។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ដំណាំកៅស៊ូ
ដោយ

លោក ម៉ែន សុភក្តិ ប្រធានសមាគមអភិវឌ្ឍន៍កៅស៊ូកម្ពុជា បានគូសបញ្ជាក់ថា បើទោះបីជាស្ថានភាព​សេដ្ឋកិច្ច​សកលនៅតែបន្តស្ថិតក្នុងភាពមិនច្បាស់លាស់ និងបញ្ហាសង្រ្គាមនានា​នៅតែបន្តកើតមានយ៉ាង​ណា​ក៏ដោយ ក៏ទីផ្សារនាំចេញជ័រកៅស៊ូរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ នៅតែមានតម្រូវការខ្ពស់។ បើតាមការអះអាងរបស់ប្រធានសមាគមរូបនេះ កត្តាដែលជំរុញឱ្យជ័រកៅស៊ូរបស់កម្ពុជា​មានតម្រូវការ​ខ្ពស់ គឺដោយសារការផ្គត់ផ្គង់ផលិតផលជ័រកៅស៊ូនៅលើទីផ្សារអន្តរជាតិ មានតិចជាងតម្រូវ​ការ​ប្រើ​ប្រាស់ ក្រោយប្រទេសមួយចំនួនដូចជាឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងថៃជាដើម បានកាត់បន្ថយ​ការដាំដុះ​កៅស៊ូ។ ទន្ទឹមនឹងការនាំចេញជ័រកៅស៊ូមានការកើនឡើង តម្លៃជ័រកៅស៊ូនៅកម្ពុជា ក៏បានហក់ឡើងថ្លៃ​ដូចគ្នាដែរ​នៅឆ្នាំនេះ ដោយជ័រកៅស៊ូកម្ពុជាបច្ចុប្បន្នអាចលក់បានក្នុងតម្លៃ​ប្រមាណ១ពាន់៦រយ​ដុល្លារ​ក្នុង១តោនកើនឡើងប្រមាណជិត១០០ដុល្លារក្នុង១តោន។

​ពាក់ព័ន្ធការដាំដុះនិងទិន្នផលកៅស៊ូនៅឆ្នាំនេះវិញ ត្រូវបានលោក ម៉ែន សុភក្តិ អះអាងថា បញ្ហាអាកាស​ធាតុ​ក្តៅខ្លាំងបានធ្វើឱ្យប៉ះពាល់ដល់ការលូតលាស់របស់កូនកៅស៊ូតូចៗ និងបានទាញទម្លាក់ទិន្នផល​ជ័រកៅស៊ូ​នៅឆ្នាំនេះផងដែរ។ តែយ៉ាងណាលោកអះអាងថា បញ្ហានេះមិនបង្ករផលប៉ះពាល់ដល់​បរិមាណ​​នាំចេញជ័រកៅស៊ូរបស់កម្ពុជា នោះទេ។

​បើយោងតាមគូសបញ្ជាក់របស់លោក ឃុន កក្កដា អគ្គនាយកស្តីទីនៃអគ្គនាយកដា្ឋនកៅស៊ូ នៅក្នុង​រយៈ​ពេល៤ខែដើមឆ្នាំ២០២៤នេះ កម្ពុជារកចំណូលបានជាង១២៥លានដុល្លារ ពីការនាំ​ចេញជ័រកៅស៊ូ និង​ឈើកៅស៊ូកើនឡើងជាង១២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះការនាំចេញជ័រ​កៅ​ស៊ូ​សម្រេចបានប្រមាណ១២៥លានដុល្លារ ខណៈការនាំចេញឈើកៅស៊ូ​សម្រេចបានជាង៦១ម៉ឺន​ដុល្លារ។

សូមជម្រាបថា ជ័រកៅស៊ូ និងផលិតផលធ្វើពីកៅស៊ូរបស់កម្ពុជាភាគច្រើន​ត្រូវបាននាំចេញទៅទី​ផ្សារ​អាស៊ី ដូចជាប្រទេសចិន វៀតណាម ម៉ាឡេស៊ី សិង្ហបុរី និងប្រទេសជប៉ុនជាដើម។ គិតត្រឹមឆ្នាំ២០២៣ កម្ពុជា មានផ្ទៃដីដាំកៅស៊ូសរុបជាង៤០ម៉ឺនហិកតា ក្នុងនោះផ្ទៃដីចម្ការកៅស៊ូកសិ-ឧស្សាហកម្ម មាន​ជាង៤ម៉ឺន៦ពាន់ហិកតា, ផ្ទៃដីចម្ការកៅស៊ូសម្បទានដីសេដ្ឋកិច្ចមានជាង១៨ម៉ឺនហិកតា និងផ្ទៃដី​ចម្ការ​កៅស៊ូគ្រួសារមានជាង១៨ម៉ឺនហិកតា។ ដោយឡែក ផ្ទៃដីចៀរជ័រកៅស៊ូមានប្រមាណ​៣២ម៉ឺនហិកតា និងផ្ទៃដីថែទាំមានជាង៨ម៉ឺនហិកតា៕

None



អត្ថបទបន្ទាប់


តើមានកត្តារាំងស្ទះអ្វីខ្លះធ្វើឱ្យការទាក់ទាញភ្ញៀវទេសចរមកពីអឺរ៉ុបរបស់កម្ពុជា នៅមានកម្រិត?

ប្រទេសកម្ពុជា ពោរពេញទៅដោយតំបន់ទេសចរណ៍សម្បូរបែបទាំងតំបន់ឆ្នេរសមុទ្រ អេកូទេសចរណ៍បែបធម្មជាតិ និងរមណីយដ្ឋានប្រវត្តិសាស្ត្រមិនចាញ់ប្រទេសនានា …

ទីផ្សារលក់រថយន្តរបស់ក្រុមហ៊ុន RMA ធ្លាក់ចុះជាង៣០% នៅត្រីមាសទី១ឆ្នាំនេះ

កត្តាវិបត្តិសេដ្ឋកិច្ច បានទាញទម្លាក់ទីផ្សារលក់រថយន្តរបស់ក្រុមហ៊ុន RMA Cambodia ឱ្យធ្លាក់ចុះប្រមាណជាង៣០% នៅត្រីមាសទី១ឆ្នាំ២០២៤នេះ បើធៀបនឹង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ