ដំណាំកៅស៊ូ

តម្លៃកៅស៊ូរើបឡើងបន្តិច ខណៈនៅពីរខែឆ្នាំនេះ ការនាំចេញកើនឡើង៩០%


កម្ពុជារកចំណូលបានជាង២០០លានដុល្លារ ពីការនាំចេញកៅស៊ូ និងផលិតផលធ្វើពីកៅស៊ូ ទៅកាន់ទីផ្សារអន្តរជាតិ នៅក្នុងរយៈពេល២ខែដំបូងដើមឆ្នាំ២០២៤នេះ មានការកើនឡើងប្រមាណ៩០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ ទន្ទឺមនឹងការនាំចេញមានការកើនឡើង តម្លៃជ័រកៅស៊ូនៅដើមឆ្នាំ ក៏បានរើបឡើងបន្តិចផងដែរ។ នេះបើតាមការគូសបញ្ជាក់របស់សមាគមអភិវឌ្ឍន៍កៅស៊ូកម្ពុជា។
ដំណាំកៅស៊ូ
ដោយ

លោក ម៉ែន សុភក្តិ ប្រធានសមាគមអភិវឌ្ឍន៍កៅស៊ូកម្ពុជា កត់សម្គាល់ឃើញថា នៅដើមឆ្នាំនេះ តម្លៃជ័រកៅស៊ូនៅកម្ពុជា ហាក់ងើបឡើងវិញបន្តិច បើធៀបនឹងចុងឆ្នាំ២០២៣ កន្លងទៅ ដោយជ័រកៅស៊ូល្អបច្ចុប្បន្នអាចលក់បានក្នុងតម្លៃចន្លោះពី១​៤៥០ដុល្លារ ទៅដល់១​៥០០ដុល្លារក្នុង១តោន។ តែយ៉ាងណាអ្នកជំនាញរូបនេះ អះអាងថា តម្លៃនេះនៅមិនទាន់អាចវិលទៅរកភាពល្អប្រសើរខ្លាំងដូចពេលមិនទាន់មានវិបត្តិសកលនោះទេ ពោលគឺតម្លៃនេះប្រហាក់ប្រហែលគ្នាទៅនឹងដើមឆ្នាំ២០២៣។ យ៉ាងណាក៏ដោយ អ្នកជំនាញរូបនេះ មានសុទិដ្ឋិនិយមខ្ពស់ និងរំពឹងថា តម្លៃជ័រកៅស៊ូរបស់កម្ពុជា នឹងងើបល្អប្រសើរឡើងវិញជាបន្តបន្ទាប់ទៀតនៅឆ្នាំ២០២៤នេះ ក្រោយលោកមើលឃើញពីស្ថានភាពសេដ្ឋកិច្ចនៅលើទីផ្សារសកលលោក និងក្នុងតំបន់កំពុងមានកំណើនឡើងវិញ។

​ស្របពេលដែល តម្លៃជ័រកៅស៊ូកម្ពុជា កំពុងមានសញ្ញាណងើបឡើងវិញការនាំចេញជ័រកៅស៊ូ និងផលិតផលធ្វើពីកៅស៊ូរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ ក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ​។ ជាក់ស្តែងបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅ២ខែដំបូងដើមឆ្នាំ២០២៤នេះ កម្ពុជារកចំណូលពីការនាំចេញកៅស៊ូ និងផលិតផលធ្វើពីកៅស៊ូ បានចំនួនជាង២១៥លានដុល្លារ មានការកើនឡើង៩០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ កំណើននៃការនាំចេញនេះ ត្រូវបានលោក ម៉ែន សុភក្តិ អះអាងថា គឺដោយសារទីផ្សារប្រើប្រាស់កៅស៊ូធម្មជាតិ នៅតែមានតម្រូវការខ្ពស់ ខណៈចលនាពាណិជ្ជកម្មក្នុងវិស័យកៅស៊ូនៅតែមាននិរន្តភាព។

​សូមជម្រាបថា ជ័រកៅស៊ូ និងផលិតផលធ្វើពីកៅស៊ូរបស់កម្ពុជា ភាគច្រើនត្រូវបាននាំចេញទៅទីផ្សារអាស៊ី ដូចជាប្រទេសចិន វៀតណាម ម៉ាឡេស៊ី សិង្ហបុរី និងប្រទេសជប៉ុន ជាដើម។ ​គិតត្រឹមឆ្នាំ២០២៣ កម្ពុជា មានផ្ទៃដីដាំកៅស៊ូសរុបជាង៤០ម៉ឺនហិកតា ក្នុងនោះផ្ទៃដីចម្ការកៅស៊ូ កសិ-ឧស្សាហកម្ម មានជាង៤ម៉ឺន៦ពាន់ហិកតា, ផ្ទៃដីចម្ការកៅស៊ូសម្បទានដីសេដ្ឋកិច្ចមានជាង១៨ម៉ឺនហិកតា និងផ្ទៃដីចម្ការកៅស៊ូគ្រួសារមានជាង១៨ម៉ឺនហិកតា។ ដោយឡែក ផ្ទៃដីចៀរជ័រកៅស៊ូមានប្រមាណ៣២ម៉ឺនហិកតា និងផ្ទៃដីថែទាំមានជាង៨ម៉ឺនហិកតា៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តម្លៃមាសនៅកម្ពុជាហក់ឡើងដល់ជាង២៦០០ដុល្លារក្នុង១តម្លឹង ខណៈអ្នកជំនាញថា អាចកើនឡើងបន្ថែមទៀត

ព័ត៌មាន
តម្លៃមាសនៅកម្ពុជា បានហក់ឡើងខ្ពស់ជាបន្តបន្ទាប់នៅពីរសប្តាហ៍ចុងក្រោយនេះ ពោលគឺបច្ចុប្បន្នមាសមួយតម្លឹងលក់ចេញក្នុងតម្លៃដល់ទៅជាង២៦០០ដុល្លារ កើនឡើ…

តើទំនាក់ទំនងចិន-អូស្ត្រាលី អាចប្រែពីល្វីងជូរចត់ទៅជាផ្អែមល្ហែមវិញឬយ៉ាងណា?

ព័ត៌មាន
ប្រមុខការទូតជាន់ខ្ពស់របស់ចិន នឹងទៅបំពេញទស្សនកិច្ច ដ៏កម្រនៅប្រទេសអូស្ត្រាលី នៅសប្តាហ៍ក្រោយ បន្ទាប់ពីប្រទេសទាំងពីរបានពាក់មុខយក្សដាក់គ្នាទាំង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ