
សមាគមនៃប្រទេសផលិតកៅស៊ូធម្មជាតិ បានអះអាងថា ផលិតកម្មកៅស៊ូធម្មជាតិ ត្រូវបានគេរំពឹងថា នឹងផ្តល់ទិន្នផលទាបជាងតម្រូវការបន្តទៀតនៅក្នុងឆ្នាំ២០២៥ នេះ។ យោងតាមទិន្នន័យដែលបានព្យាករណ៍ដោយសមាគមនៃប្រទេសផលិតកៅស៊ូធម្មជាតិ បានឲ្យដឹងថា ផលិតកម្មកៅស៊ូធម្មជាតិសកលទំនងជានឹងកើនឡើង០,៣ % នៅឆ្នាំ២០២៥ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ តម្រូវការទូទាំងពិភពលោកត្រូវបានគេរំពឹងថា នឹងលើសពីផលិតកម្មកៅស៊ូប្រមាណ១,៨%។
មកដល់ពេលនេះផលិតកម្មកៅស៊ូធម្មជាតិ ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងផលិតផលមួយចំនួនដូចជាគ្រឿងបន្លាស់រថយន្ត ទំនិញឧស្សាហកម្ម ស្បែកជើង ខ្សែក្រវាត់ដឹកជញ្ជូន ឧបករណ៍វេជ្ជសាស្ត្រ និងកម្រាលឥដ្ឋជាដើម ដោយសារវាជាផលិតផលដែលមានភាពធន់ ភាពបត់បែន និងមានតម្រូវការថែទាំទាប។ ជាមួយនឹងកំណើននេះ ទីផ្សារកៅស៊ូធម្មជាតិពិភពលោកត្រូវបានគេរំពឹងថានឹងឈានដល់ជិត៦៦ពាន់លានដុល្លារ នៅឆ្នាំ២០៣០ ខាងមុខ។
ប្រទេសដែលផលិតកៅស៊ូធម្មជាតិធំៗរួមមានប្រទេសថៃ ឥណ្ឌូនេស៊ី វៀតណាម និងម៉ាឡេស៊ី។ ជាមួយគ្នានេះប្រទេសចិន ឥណ្ឌា កូតឌីវ័រ ស្រីលង្កា និងហ្វីលីពីនជាដើម ក៏ជាប្រទេសផលិតកៅស៊ូដ៏ធំផងដែរ៕
ដោយៈ សរ សុជាតិ