រោងចក្រផលិតសំបកកង់រថយន្តនៅកម្ពុជា

កម្ពុជារំពឹងរោងចក្រផលិតសំបកកង់រថយន្តតម្លៃ៣០០លានដុល្លាទើបដំណើរថ្មី នឹងជួយរក្សាលំនឹងតម្លៃកៅស៊ូក្នុងស្រុក


រោងចក្រផលិតសំបកកង់រថយន្តនៅខេត្តព្រះសីហនុរបស់ក្រុមហ៊ុន ជេនេរ៉ល ថាយអឺរ ថេកណូឡូជី បានបើកដំណើរការផលិតជាផ្លូវការកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ ដើម្បីបំពេញតម្រូវការប្រើប្រាស់ក្នុងស្រុក និងនាំចេញទៅលក់លើទីផ្សារធំៗនៅលើសកលលោក។ ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានកៅស៊ូកម្ពុជារំពឹងថា រោងចក្រដែលមានតម្លៃវិនិយោគ៣០០លានដុល្លារជាមួយសមត្ថភាពផលិតរាប់លានកង់ក្នុង១ឆ្នាំនេះ នឹងជួយធ្វើទីផ្សារកៅស៊ូក្នុងស្រុកកាន់តែល្អប្រសើរ តាមរយៈការជួយរក្សាលំនឹងតម្លៃ និងកាត់បន្ថយការពឹងផ្អែកលើទីផ្សារក្រៅប្រទេស។
កម្ពុជារំពឹងរោងចក្រផលិតសំបកកង់រថយន្តតម្លៃ៣០០លានដុល្លាទើបដំណើរថ្មី នឹងជួយរក្សាលំនឹងតម្លៃកៅស៊ូក្នុងស្រុក

ឯកឧត្តម ហ៊ឹម អូន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបង្ហាញក្តីរំពឹងខ្ពស់ចំពោះរោងចក្រផលិតសំបកកង់រថយន្តនៅខេត្តព្រះសីហនុ ដែលបានបើកដំណើរការផលិតជាផ្លូវការកាលពីពេលថ្មីៗក្នុងការធ្វើឲ្យប្រសើរឡើងនូវទីផ្សារកៅស៊ូរបស់កម្ពុជា។ សម្រាប់ឯកឧត្តម រោងចក្រនេះមានសារសំខាន់ខ្លាំងណាស់សម្រាប់កសិករដាំកៅស៊ូលក្ខណៈគ្រួសារ ក៏ដូចជាក្រុមហ៊ុនកែច្នៃកៅស៊ូបឋមនៅកម្ពុជា។ ឯកឧត្តមរំពឹងថា តាមរយៈរោងចក្រនេះ វានឹងជួយរក្សាលំនឹងតម្លៃកៅស៊ូក្នុងស្រុក និងជួយកាត់បន្ថយការពឹងផ្អែកខ្លាំងលើទីផ្សារក្រៅប្រទេស។

បើតាមការគូសបញ្ជាក់របស់ឯកឧត្តម ហ៊ឹម អូន បច្ចុប្បន្នដី ដែលមានសក្តានុពលសម្រាប់ដំណាំកៅស៊ូនៅកម្ពុជាមានមិនច្រើននោះទេ ហើយការពង្រីកផ្ទៃដីដាំដុះកៅស៊ូថ្មីក៏នៅមានកម្រិត ប៉ុន្ដែកសិករដាំកៅស៊ូនៅតែចាត់ទុកដំណាំនេះជាដំណាំមានសក្តានុពលសេដ្ឋកិច្ចសម្រាប់ពួកគេ។ ដូច្នេះ ឯកឧត្តមរំពឹងថា តាមរយៈវត្តមានរោងចក្រផលិតសំបកកង់រថយន្តលើកដំបូងនៅកម្ពុជា វានឹងជួយផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរផ្នត់គំនិតរបស់កសិករក្នុងការកែប្រែដីកៅស៊ូទៅដាំដំណាំផ្សេង។ កន្លងមកមានកសិករមួយចំនួនបាននាំគ្នាកាប់ដើមកៅស៊ូចោលទៅដំណាំផ្សេងដែលមានទីផ្សារល្អ ក្រោយទីផ្សារកៅស៊ូជួបបញ្ហាធ្លាក់ថ្លៃ។ បើតាមការគូសបញ្ជាក់របស់ឯកឧត្តម ហ៊ឹម អូន បច្ចុប្បន្នកម្ពុជាមានផ្ទៃដីដាំដុះកៅស៊ូសរុប៤០ម៉ឺន៤ពាន់ហិកតា ក្នុងនោះផ្ទៃដីអាចចៀរជ័របានមានជាង៣១ម៉ឺន៥ពាន់ហិកតា និងផ្ទៃដីកំពុងស្ថិតក្នុងដំណាក់កាលថែទាំមានជាង៨ម៉ឺន៩ពាន់ហិកតា។

ជាមួយគ្នានេះឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដែលបានធ្វើជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការរបស់រោងចក្រផលិតសំបកកង់រថយន្តខាងលើបានគូសបញ្ជាក់នៅចំពោះមុខថ្នាក់ដឹកនាំរោងចក្រនេះថា កម្ពុជាជាប្រទេសសក្តានុពលមួយក្នុងការផលិត និងនាំចេញជ័រកៅស៊ូនៅតំបន់អាស៊ាន។ ទន្ទឹមនឹងនេះឯកឧត្តមបានស្នើឲ្យរោងចក្រផលិតសំបកកង់រថយន្តនេះជួយប្រមូលទិញជ័រកៅស៊ូពីកសិករ ឬក្រុមហ៊ុន ដើម្បីផ្គត់ផ្គង់តម្រូវការផលិតរបស់រោងចក្រ សំដៅជួយរក្សាស្ថិរភាពតម្លៃជ័រកៅស៊ូ និងជួយបង្កើនប្រាក់ចំណូលដល់កសិករ។

បើតាមការគូសបញ្ជាក់របស់លោក Gu Cui អគ្គនាយកក្រុមហ៊ុន ជេនេរ៉ល ថាយអឺរ ថេកណូឡូជី រោងចក្រដែលមានតម្លៃវិនិយោគ៣០០លានដុល្លារនេះ គ្រប់ដណ្តប់លើផ្ទៃដីប្រមាណ១៨ហិកតាស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ មានសមត្ថភាពអាចផលិតសំបកកង់រថយន្តតូចបានចំនួន៥លានគ្រឿង និងសំបកកង់ធំៗ បាន៩០ម៉ឺនគ្រឿងក្នុងមួយឆ្នាំ។ ក្រៅពីផ្គង់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុក រោងចក្រដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ នេះ គ្រោងនាំចេញសំបកកង់រថយន្តដែលផលិតបាននៅកម្ពុជាទៅលក់នៅលើទីផ្សារសហរដ្ឋអាមេរិក អឺរ៉ុប ប្រេស៊ីល និងប្រទេសជាច្រើនទៀត៕




អត្ថបទបន្ទាប់


ជំទាវ ជា សិរី៖ ការប្រើប្រាស់រូបិយវត្ថុជាតិ ជួយធានាដល់ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងកាត់បន្ថយផលប៉ះពាល់ពីខាងក្រៅ

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់នៃធនាគារជាតិនៃកម្ពុជា អះអាងថា ការប្រើប្រាស់ប្រាក់រៀល បានរួមចំណែកដល់កិច្ចការពារ និងពង្រឹងអធិបតេយ្យសេដ្ឋកិច្ច អត្តសញ្ញាណជាតិ…

សម្ដេចតេជោ ហ៊ុន សែន ៖ បច្ចុប្បន្នកម្ពុជាខ្ចីថវិកាពីបរទេសប្រចាំឆ្នាំតិចជាង២០% នៃថវិកាជាតិសរុប

ព័ត៌មាន
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានកត់សម្គាល់ឃើញថា ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងរយៈពេលប្រមាណ ២០ឆ្នាំ កន្លងទៅនេះ បានបង្កើតនូវស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ