ព្រឹត្តិការណ៍នេះបានរៀបចំឡើងក្នុងគោលបំណងមិនត្រឹមតែ ចូលរួមលើកកម្ពស់សុខភាព និងសុខុមាលភាព ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្ហាញពី សេចក្តីស្រឡាញ់ ការចែករំលែក និងការយកចិត្តទុកដាក់ចំពោះសង្គមតាមរយៈការរួមចំណែកជួយដល់កុមារដែលកំពុងត្រូវការជំនួយផ្នែកសុខភាពនិងការព្យាបាលនៅមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប។
លោក ព្រូ ស៊ីថន អគ្គនាយក នៃក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ បានមានប្រសាសន៍ថា៖
«ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ គឺត្រូវបានរៀបចំឡើងដើម្បីលើកកម្ពស់សុខភាពកីឡា និងក្តីសង្ឃឹម រួមគ្នា។ រាល់ជំហានដែលអ្នកចូលរួមរត់ក្នុងរយៈចម្ងាយ៣គីឡូម៉ែត្រ ៥គីឡូម៉ែត្រ និង ១០គីឡូម៉ែត្រ គឺមានអត្ថន័យលើសពីសេចក្តីស្រឡាញ់។ នេះជាការនាំយកស្នាមញញឹម និងក្តីសង្ឃឹមថ្មីទៅកាន់កុមារម្នាក់ដែលកំពុងតស៊ូ និងជួបការលំបាកបំផុតក្នុងជីវិត»។
លោក ព្រូ ស៊ីថន ក៏បានបន្ថែមទៀតថា៖ ការនាំយកសមាជិកក្រុមគ្រួសារ និងកូនចៅមកចូលរួមក្នុងព្រឹត្តិការណ៍សប្បុរធម៌នេះ គឺជាវិធីសាស្ត្រមួយប្រកបដោយគុណតម្លៃ និងសេចក្តីថ្លៃថ្នូរ ក្នុងការបង្រៀនដល់អ្នកជំនាន់ក្រោយឱ្យយល់ថា ជោគជ័យពិតប្រាកដក្នុងជីវិត គឺសមត្ថភាពក្នុងការចែករំលែក និងតបស្នងទៅកាន់សង្គមជាតិ និងសហគមន៍វិញ។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ពិតជាមានមោទនភាពយ៉ាងខ្លាំង ក្នុងការចូលរួមចំណែកលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដែលអាចប្រព្រឹត្តទៅបានតាមរយៈការផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយបរិយាបន្នពិសេសគឺសកម្មភាពសង្គមដែលបានផ្សារភ្ជាប់ទៅនឹងមនុស្សជាទីស្រឡាញ់ ក្រុមគ្រួសារ និងសហគមន៍។ ថវិកាទាំងអស់ដែលទទួលបានពីព្រឹត្តិការណ៍នេះនឹងត្រូវបរិច្ចាគ ១០០% ទៅកាន់មន្ទីរពេទ្យកុមារអង្គរ ដើម្បីគាំទ្រដល់ការព្យាបាល និងសង្គ្រោះជីវិតកុមារដែលកំពុងត្រូវការជំនួយបន្ទាន់។ ថវិកាទាំងនេះមិនមែនត្រឹមតែជាការបរិច្ចាគទេ ប៉ុន្តែជា «កាដូនៃក្តីសង្ឃឹម» ដល់អនាគតរបស់កុមារកម្ពុជា។”