ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងមូស្គូ លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) បានលើកឡើងថា មិនចាំបាច់ខ្វល់អំពីការធ្លាក់ចុះនៃប្រព័ន្ធសេដ្ឋកិច្ចសកលផ្អែកលើប្រាក់ដុល្លារ នោះទេ ព្រោះសហរដ្ឋអាម៉េរិកខ្លួនឯងទេ ដែលកំពុងបំផ្លាញវាតាមរយៈសកម្មភាពរបស់ខ្លួន។ អ្នកនាំពាក្យវិមានក្រឹមឡាំង រូបនេះបានអះអាងថា រុស្ស៊ី កំពុងកសាងប្រព័ន្ធសេដ្ឋកិច្ចសកលថ្មី ព្រោះយល់ថា ប្រព័ន្ធសេដ្ឋកិច្ចសកលបច្ចុប្បន្នមិនអាចទុកចិត្តបាន មានភាពមិនត្រឹមត្រូវ និងគ្រោះថ្នាក់។
ប្រទេសរុស្សី តែងតែរិះគន់សហរដ្ឋអាម៉េរិក ចំពោះការប្រើប្រាស់ឥទ្ធិពលរបស់ខ្លួននៅក្នុងប្រព័ន្ធហិរញ្ញវត្ថុសកល ដើម្បីដាក់ទណ្ឌកម្មផ្នែកហិរញ្ញវត្ថុដូចជាការបង្កកគណនីធនាគារ ការហាមឃាត់ការទូទាត់ ការហាមឃាត់ការលក់ប្រាក់ដុល្លារ ដែលបម្រើជារូបិយប័ណ្ណទូទាត់អន្តរជាតិ និងមានឥទ្ធិពលលើការបែងចែកមូលនិធិតាមរយៈស្ថាប័នហិរញ្ញវត្ថុអន្តរជាតិនានាជាដើម។
សូមបញ្ជាក់ថា សហរដ្ឋអាម៉េរិក គឺជាអ្នកគ្រប់គ្រងលើប្រព័ន្ធបញ្ជូនព័ត៌មាន និងការទូទាត់អន្តរជាតិដែលគេស្គាល់ថា ប្រព័ន្ធ SWIFT ហើយស្ថាប័នហិរញ្ញវត្ថុធំបំផុតពីររបស់ពិភពលោក គឺធនាគារពិភពលោក (World Bank) និងស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) សុទ្ធតែមានការិយាល័យកណ្ដាលនៅសហរដ្ឋអាម៉េរិក។
លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានអះអាងថា ប្រទេសរុស្ស៊ី បានរស់ក្រោមទណ្ឌកម្មសេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិក ស្ទើរតែរហូតទៅហើយនៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួននាសម័យទំនើប។ ទោះជាយ៉ាងណា នៅពេលក្រុងមូស្គូ ចាប់ផ្តើមបញ្ឆេះភ្លើងសង្គ្រាមចូលឈ្លានពានប្រទេសអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ សហរដ្ឋអាម៉េរិក និងបណ្ដាសម្ព័ន្ធមិត្តលោកខាងលិច បានដាក់ទណ្ឌកម្មជាច្រើនលើរុស្ស៊ី ដែលធ្វើឱ្យរុស្ស៊ី ស្ថិតក្នុងស្ថានភាពលំបាក ដោយរុស្ស៊ី ត្រូវបានកាត់ផ្ដាច់ពីប្រព័ន្ធហិរញ្ញវត្ថុសកលស្ទើរតែទាំងស្រុង។
ស្ថិតក្នុងកាលៈទេសៈបែបនេះ ក្រុងមូស្គូ បានចាប់ផ្តើមស្វែងរកជម្រើសផ្សេងៗដែលនឹងអនុញ្ញាតឱ្យខ្លួនអាចធ្វើការទូទាត់ពាណិជ្ជកម្មជាអន្តរជាតិជាមួយប្រទេសដទៃទៀត ដែលក្រុងវ៉ាស៊ីនតោនចាត់ទុកថា ជាបញ្ហាប្រឈម៕
ដោយ: តែម សុខុម