តើអាមេរិក និងសម្ព័ន្ធមិត្តកំពុងឈឺក្បាលដោយសារនាវាមុជទឹកនុយក្លេអ៊ែររបស់ចិន?

តើសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត កំពុងតែឈឺក្បាលវិលមុខ ដោយសារនាវាមុជទឹកនុយក្លេអ៊ែរចិនក្នុងសមុទ្រចិនខាងត្បូងមែនឬយ៉ាងណា?


របាយការណ៍ក្រសួងការពារជាតិសហរដ្ឋអាមេរិកបានបង្ហាញថា នេះជាលើកដំបូងហើយដែលប្រទេសចិនបានរក្សាទុកនាវាមុជទឹកបំពាក់អាវុធនុយក្លេអ៊ែរ យ៉ាងហោចណាស់ ១ គ្រឿង ឱ្យធ្វើប្រតិបត្តិការជាប្រចាំនៅក្នុងសមុទ្ររបស់ខ្លួន។ ការណ៍នេះបានបន្ថែមសម្ពាធនិងបន្ទុកមួយកម្រិតទៀត សម្រាប់សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ត ក្នុងការប្រណាំងប្រជែង ក៏ដូចជាទប់ស្កាត់កំណើនផ្នែកយោធានៃមហាអំណាចចិនដែលទើបនឹងរះនេះ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ។
តើសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត កំពុងតែឈឺក្បាលវិលមុខ ដោយសារនាវាមុជទឹកនុយក្លេអ៊ែរចិនក្នុងសមុទ្រចិនខាងត្បូងមែនឬយ៉ាងណា?

អ្នកវិភាគនៅក្នុងវិស័យការពារជាតិធំៗមួយចំនួនបានឱ្យដឹងថា តាមរយៈការស្រាវជ្រាវ ពួកគេបានកត់សម្គាល់ឃើញថា កងនាវាជើងទឹកនៃកងទ័ពកងរំដោះប្រជាជនចិន ដែលមាននាវាមុជទឹកប្រភេទជីនចំនួន 6 គ្រឿង បំពាក់ដោយកាំជ្រួចផ្លោង បាននិងកំពុងធ្វើប្រតិបត្តិការល្បាតជាប្រចាំពីកោះហៃណានចូលទៅសមុទ្រចិនខាងត្បូង។ អ្នកជំនាញថា នាវាមុជទឹកទាំងនោះ ត្រូវបានបំពាក់ដោយកាំជ្រួចផ្លោងប្រភេទថ្មី និងអាចប្រតិបត្តិការរយៈចម្ងាយឆ្ងាយជាងមុននិង មានសមត្ថភាពផ្លោងដល់ទឹកដីសហរដ្ឋអាមេរិកផង។

ការគូសបញ្ជាក់ក្នុងរបាយការណ៍ កម្រាស់ ១៧៤ ទំព័រ របស់មន្ទីរបញ្ចកោណ ដែលផ្សាយចេញកាលពីខែវិច្ឆិកាកន្លងទៅ បានផ្តោតការចាប់អារម្មណ៍យ៉ាងខ្លាំងលើការអភិវឌ្ឍសមត្ថភាពនាវាមុជទឹករបស់ទីក្រុងប៉េកាំង។ បើទោះបីជាកិច្ចព្រមព្រៀងសន្តិសុខត្រីភាគី AUKUS នឹងផ្តល់លទ្ធភាពឱ្យអូស្ត្រាលីអាចដាក់ពង្រាយនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរជាលើកដំបូងនៅ២០ឆ្នាំទៀតក៏ដោយ ក៏ការបង្ហាញសាច់ដុំនាវាមុជទឹករបស់ទីក្រុងប៉េកាំង និងការល្បាតជាប្រចាំនៅមាត់ទ្វារផ្ទះ និងដែនទឹកមានជម្លោះក្នុងសមុទ្រចិនខាងត្បូង កំពុងធ្វើឱ្យសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់គេ បង្ហូរធនធានដ៏ច្រើនសន្ធឹកសន្ធាប់ នៅពេលដែលពួកគេបង្កើនការពង្រាយកម្លាំងតាមបែបសង្គ្រាមត្រជាក់ថ្មី។

លោក គ្រីស្តូហ្វើ ថូមី (Christopher Twomey) អ្នកស្រាវជ្រាវផ្នែកសន្តិសុខនៅសាលាជាន់ខ្ពស់នៃកងទ័ពជើងទឹកសហរដ្ឋអាមេរិក បានប្រាប់ រ៉យទ័រ ក្នុងនាមបុគ្គលផ្ទាល់ខ្លួនថា អាមេរិកនឹងចង់ប្រើប្រាស់នាវាមុជទឹកប្រភេទ SSN ដែលអាចវាយប្រហារដោយអាវុធនុយក្លេអ៊ែរ ក្នុងការត្រួតពិនិត្យនាវាមុជទឹករបស់ចិនទាំងនោះ ជាហេតុធ្វើឱ្យមានតម្រូវការធនធានបន្ថែមយ៉ាងពិតប្រាកដ។ អ្នកស្រាវជ្រាវរូបនេះបានសង្គត់ធ្ងន់ថាការល្បាតគឺសឹងតែធ្វើជាប់ជាប្រចាំ បានផ្លាស់ប្តូរយ៉ាងឆាប់រហ័ស រហូតដល់យើងមិនដឹងថាមានអ្វីផ្សេងទៀតបានផ្លាស់ប្តូរទេ។

ជាងនេះទៅទៀត អតីតមន្ត្រីយោធាខាងនាវាមុជទឹក និងអ្នកវិភាគលោកខាងលិចផ្សេងទៀត មើលឃើញថា ការល្បាតថ្មីរបស់យោធាប៉េកាំងក៏បានចង្អុលប្រាប់អំពីវឌ្ឍនភាពក្នុងផ្នែកផ្សេងៗទៀត រួមទាំងភស្តុភារ បញ្ជាការ និងការគ្រប់គ្រង ព្រមទាំងអាវុធ ហើយវាក៏បង្ហាញអំពីរបៀបដែលចិននឹងចាប់ផ្តើមប្រតិបត្តិការនាវាមុជទឹកបំពាក់ដោយមីស៊ីលផ្លោងរបស់ខ្លួនតាមរបៀបដូចគ្នាដែលសហរដ្ឋអាមេរិក រុស្ស៊ី អង់គ្លេស និងបារាំង ធ្លាប់ធ្វើរាប់ទសវត្សរ៍មកហើយដែរ។

ឧត្តមសេនីយ អ៊ែនថូនី ខតធិន (Anthony Cotton) មេបញ្ជាការនៃបញ្ជាការដ្ឋានយុទ្ធសាស្ត្រសហរដ្ឋអាមេរិក បានប្រាប់សភា កាលពីខែមីនាកន្លងទៅថា នាវាមុជទឹករបស់ចិនឥឡូវនេះ ត្រូវបានបំពាក់ដោយមីស៊ីលជំនាន់ទីបី។ វាអាចបាញ់បានរយៈចម្ងាយប្រមាណ ១ ម៉ឺនគីឡូម៉ែត្រ ដែលអាចអនុញ្ញាតឱ្យមីស៊ីលដែលមានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរច្រើនទាំងនោះ ហោះដល់ទ្វីបអាមេរិកយ៉ាងងាយស្រួល។

ទោះបីជាយ៉ាងណាក៏ដោយ គេមិនទាន់ឃើញក្រសួងការពារជាតិចិនមានការឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយលើរបាយការណ៍របស់មន្ទីរបញ្ចកោណ ទាក់ទិនការដាក់ពង្រាយនាវាមុជទឹករបស់ខ្លួននេះនៅឡើយទេ។ ជាមួយគ្នានេះ មន្ទីរបញ្ចកោណក៏មិនបានធ្វើអត្ថាធិប្បាយលើការវាយតម្លៃមុនរបស់ខ្លួន ឬថាតើការដាក់ពង្រាយរបស់ចិននោះអាចបង្កបញ្ហាប្រឈមក្នុងប្រតិបត្តិការរបស់ខ្លួននោះដែរ។

លោក ធីម៉ូស៊ី រ៉ៃ (Timothy Wright) អ្នកវិភាគក្នុងវិស័យការពារជាតិ នៅវិទ្យាស្ថានសិក្សាយុទ្ធសាស្ត្រក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស បាននិយាយថា កងកម្លាំងសហរដ្ឋអាមេរិកប្រហែលជាអាចទប់ទល់នឹងស្ថានភាពនៅពេលនេះ ប៉ុន្តែនឹងត្រូវចំណាយធនធានច្រើនបន្ថែមទៀតក្នុងរយៈពេលពី 10 ទៅ 15 ឆ្នាំខាងមុខ នៅពេលដែលការល្បាតដោយប្រើនាវាបំបាំងកាយ។

លោកបានបន្ថែមថា ការពង្រីកកម្លាំងនុយក្លេអ៊ែរយ៉ាងរហ័សរបស់ចិនមានន័យថា អ្នកយុទ្ធសាស្រ្តរបស់សហរដ្ឋអាមេរិកត្រូវតែតតាំងជាមួយ "សត្រូវនុយក្លេអ៊ែរ" ចំនួនពីរ ចិន និង រុស្ស៊ី។

អ្នកវិភាគក្នុងវិស័យការពារជាតិ នៅវិទ្យាស្ថានសិក្សាយុទ្ធសាស្ត្រក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស បានបញ្ជាក់ថា៖ «វានឹងក្លាយជាការព្រួយបារម្ភចំពោះសហរដ្ឋអាមេរិក ព្រោះវានឹងបង្កើនការការពាររបស់សហរដ្ឋអាមេរិក ផ្តោតលើគោលដៅកាន់តែច្រើនប្រកបដោយហានិភ័យ ហើយពួកគេនឹងត្រូវប្រឈមមុខជាមួយនឹងសង្គ្រាមដែលប្រើអាវុធធម្មតា និង អាវុធនុយក្លេអ៊ែរថែមទៀត៕




អត្ថបទបន្ទាប់


ហ្វីលីពីនប្រកាសមូលដ្ឋានទ័ពបួនកន្លែងថែមទៀត សម្រាប់ឱ្យកងទ័ពសហរដ្ឋអាមេរិកប្រើការ

ព័ត៌មាន
ប្រទេសហ្វីលីពីនកាលពីថ្ងៃចន្ទបានប្រកាសអំពីទីតាំងមូលដ្ឋានយោធា 4 កន្លែងបន្ថែមទៀត ពីលើមូលដ្ឋានដែលមានស្រាប់ចំនួន 5 កន្លែង សម្រាប់ឱ្យកងទ័ពសហរដ្ឋ…

ក្រុមហ៊ុនផលិតយន្តហោះអ៊ែបឺសកំពុងចរចាលើគម្រោងការបញ្ជាទិញយន្តហោះថ្មីជាមួយចិន

ព័ត៌មាន
ការចរចាលើកិច្ចព្រមព្រៀងថ្មីប្រកបដោយសក្ដានុពលក្នុងការលក់យន្តហោះអឺរ៉ុបរាប់រយគ្រឿងទៅឱ្យប្រទេសចិន បាននិងកំពុងប្រព្រឹត្តទៅ បន្ទាប់ពីក្រុមហ៊ុនអ៊ែប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ