ប្រទេសរុស្ស៊ី គ្រោងសាងសង់ព្រែកជីកស៊ុយអេថ្មីដ៏សម្បើមអស្ចារ្យមួយមានឈ្មោះថា យូរ៉ូអេស៊ា ខានែល ឬ ព្រែកជីកអឺរ៉ុប-អាស៊ីប្រវែងជាង៦៩០គីឡូម៉ែត្រ ក្រោមទុនវិនិយោគរហូតដល់ទៅប្រមាណ២២,៥ពាន់លានដុល្លារអាម៉េរិក តភ្ជាប់សមុទ្រកាសព្យែន (Caspian Sea) ដែលជាបឹងទឹកប្រៃដ៏ធំបំផុតរបស់ពិភពលោកក្នុងតំបន់អាស៊ី ជាមួយសមុទ្រខ្មៅ ដែលស្ថិតក្នុងតំបន់អឺរ៉ុប។
គម្រោងព្រែកជីកនេះត្រូវបានស្នើឡើងជាមួយទំហំ២ខុសគ្នា ក្នុងនោះទំហំទី១ មានទុនវិនិយោគជាង៩ពាន់លានដុល្លារអាម៉េរិក ដែលអាចឱ្យកប៉ាល់ទម្ងន់១ម៉ឺនតោន បើកឆ្លងកាត់បាន ហើយទំហំទី២ មានទុនវិនិយោគប្រមាណ២២,៥ពាន់លានដុល្លារអាម៉េរិក ដែលអាចឱ្យកប៉ាល់ទម្ងន់២ម៉ឺន៦ពាន់តោនបើកឆ្លងកាត់បាន។ យោងតាមផែនការបង្ហាញថា គម្រោងព្រែកជីកទំហំទី១ គ្រោងចំណាយពេលសាងសង់១១ឆ្នាំ ហើយគម្រោងទីហំទី២ គ្រោងសាងចំណាយពេលសាងសង់រហូតដល់ទៅ២៥ឆ្នាំឯណោះ។
ប្រសិនបើការសាងសង់បញ្ចប់ជាស្ថាពរ ព្រែកជីក យូរ៉ូអេស៊ា ខានែល ឬព្រែកជីកអឺរ៉ុប-អាស៊ីនេះ នឹងជួយជំរុញការនាំចេញមិនមែនប្រេងពីប្រទេសរុស្ស៊ី ជួយបង្កើតការងារបានរហូតដល់ទៅជាង២សែនកន្លែងនៅប្រទេសរុស្ស៊ី ភាគខាងត្បូង ប្រទេសកាហ្សាក់ស្ថាន និងតំបន់កាសព្យែន (Caspian) ហើយវាក៏នឹងបង្កើនពាណិជ្ជកម្មយ៉ាងច្រើនរវាងប្រទេសចិន និងសហភាពអឺរ៉ុបផងដែរ។
សូមបញ្ជាក់ថា ព្រែកជីកថ្មីនេះមានប្រវែងវែងជាងព្រែកជីកស៊ុយអេ (Suez Canal) រហូតដល់ទៅជាង៤ដង និងវែងជាងព្រែកជីកប៉ាណាម៉ា (Panama Canal) រហូតដល់ទៅ៨ដងឯណោះ៕
ដោយ: តែម សុខុម