រុស្ស៊ី និងអ៊ុយក្រែនយល់ព្រមទទួលបេសកជនអាហ្វ្រិក

ប្រធានាធិបតីអាហ្វ្រិកខាងត្បូងថា រុស្ស៊ី និងអ៊ុយក្រែនយល់ព្រមទទួលគណៈប្រតិភូអាហ្វ្រិកដើម្បីផែនការសន្តិភាព


ប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក ស៊ីរីល រ៉ាម៉ាហ្វូសា បាននិយាយកាលពីថ្ងៃអង្គារថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមៀ ហ្សេណេនស្គី បានយល់ព្រមទទួលជួបក្រុមបេសកជនអាហ្វ្រិក ដើម្បីពិភាក្សាអំពីផែនការសន្តិភាពហើយ។ បេសកកម្មរបស់ក្រុមប្រទេសអាហ្វ្រិកក្នុងការសម្របសម្រួលរកដំណោះស្រាយចំពោះសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែនជាគំនិតផ្ដួចផ្ដើមថ្មីមួយទៀត បន្ទាប់ពីប្រទេសចិន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ និងទីភ្នាក់ងារសារព័ត៌មានអេភី។
រុស្ស៊ី និងអ៊ុយក្រែនយល់ព្រមទទួលបេសកជនអាហ្វ្រិក

លោកប្រធានាធិបតីប្រទេសអាហ្វ្រិកខាងត្បូង ស៊ីរីល រ៉ាម៉ាហ្វូសា បានថ្លែងប្រាប់សន្និសីទសារព័ត៌មានជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរីនៅទីក្រុង ខេបថោន ថា ការពិភាក្សារបស់លោកជាមួយមេដឹកនាំរុស្ស៊ី និងជាមួយមេដឹកនាំអ៊ុយក្រែន បានបង្ហាញថា ទាំងលោក ពូទីន ទាំងលោក ហ្សេលេនស្គី បានត្រៀមខ្លួនទទួលស្វាគមន៍គណៈប្រតិភូអាហ្វ្រិក ដើម្បីពិភាក្សាគ្នាអំពីលទ្ធភាពបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។ ប៉ុន្តែព័ត៌មានលម្អិតយ៉ាងណានោះ គេមិនទាន់ដឹងច្បាស់នៅឡើយទេ។

កាលពីពេលកន្លងទៅ អ៊ុយក្រែនតែងប្រកាន់ជំហរថា សន្តិភាពអាចមានទៅបាន លុះត្រាតែកងទ័ពរុស្ស៊ីទាំងអស់ដកចេញពីប្រទេសអ៊ុយក្រែនសិន។ លោក រ៉ាម៉ាហ្វូសា បានថ្លែងក្នុងសន្និសីទសារព័ត៌មានថា បេសកម្មរបស់ក្រុមប្រទេសអាហ្វ្រិកជោគជ័យឬយ៉ាងណានោះ អាស្រ័យលើការពិភាក្សាគ្នាសិន ហើយគោលការណ៍នៃកិច្ចពិភាក្សាគឺកិច្ចខិតខំដើម្បីរកដំណោះស្រាយសន្តិភាពឱ្យជម្លោះដ៏បំផ្លិចបំផ្លាញនៅអ៊ុយក្រែន។

គួរជម្រាបដែរថា ផែនការសន្តិភាពរវាងរុស្ស៊ីនិងអ៊ុយក្រែនដែលស្នើឡើងដោយប្រទេសអាហ្វ្រិកខាងត្បូង ក៏មានការជួយជ្រោមជ្រែងពីសំណាក់មេដឹកនាំនៃប្រទេសសេណេហ្គាល់ អ៊ូហ្គង់ដា អេហ្ស៊ីប សាធារណរដ្ឋកុងហ្គោ និងប្រទេសហ្សំប៊ីដែរ ហើយមេដឹកនាំនៃប្រទេសទាំងនេះជាសមាជិកនៃគណៈប្រតិភូអាហ្វ្រិកដែលនឹងទៅពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែន និងប្រធានាធិបតីរុស្ស៊ី ក្នុងជំនួបដាចដោយឡែកពីគ្នា។

រហូតមកដល់ពេលនេះ ប្រទេសចិនគឺជាប្រទេសតែមួយគត់ដែលផ្តល់ការសម្របសម្រួលកិច្ចចរចាសន្តិភាពសម្រាប់សង្គ្រាមនៅអ៊ុយក្រែន ប៉ុន្តែសំណើរបស់ចិនគ្របដណ្តប់មន្ទិលសង្ស័យដោយសារចិនបានបង្ហាញការគាំទ្រផ្នែកនយោបាយចំពោះរុស្ស៊ី។ កាលពីខែកុម្ភៈ ទីក្រុងប៉េកាំងបានចេញផ្សាយផែនការសន្តិភាព ១២ ចំណុច ហើយបេសកជនចិនកំពុងធ្វើដំណើរឆ្ពោះទៅរុស្ស៊ីនិងអ៊ុយក្រែន។ ប៉ុន្តែ ទស្សនកិច្ចរបស់បេសកជនចិនហាក់ដូចជាមានឱកាសតិចតួចសម្រាប់ការបញ្ចប់សង្រ្គាមក្នុងពេលឆាប់ៗ ព្រោះអ៊ុយក្រែននិងសម្ព័ន្ធមិត្តបានបង្ហាញការគាំទ្រតិចតួចប៉ុណ្ណោះចំពោះសំណើរបស់ទីក្រុងប៉េកាំង ហើយលោកខាងលិចកំពុងពួតដៃគ្នាជួយអ៊ុយក្រែនឱ្យវាយបកលើទាហានរុស្ស៊ីវិញ។

អាហ្វ្រិកខាងត្បូងគឺជាប្រទេសដែលស្និទ្ធនឹងប្រទេសរុស្ស៊ី ខណៈពេលកន្លងមកប្រទេសនេះតែងអះអាងថា ខ្លួនមានជំហរអព្យាក្រឹតនៅក្នុងជម្លោះរុស្ស៊ី-អ៊ុយក្រែន ហើយរួមជាមួយកុងហ្គោ សេណេហ្គាល់ និងអ៊ូហ្គង់ដា បានបោះឆ្នោតអនុប្បវាទលើសំណើដំណោះស្រាយបញ្ហាសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែនក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ។

លោក រ៉ាម៉ាហ្វូសា បាននិយាយថា សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស បានសម្តែងការគាំទ្រ«ដោយប្រយ័ត្នប្រយែង» ចំពោះផែនការសន្តិភាពនោះ ហើយអគ្គលេខាធិការអង្គការសហប្រជាជាតិក៏បានដឹងដោយសង្ខេបអំពីគំនិតផ្តួចផ្តើមនេះផងដែរ៕




អត្ថបទបន្ទាប់


រដ្ឋាភិបាល និងសភាអាមេរិកកំពុងខិតខំបង្រួមបញ្ហា ដើម្បីឈានដល់កិច្ចព្រមព្រៀងស្ដីពីកម្រិតបំណុលនៅចុងសប្ដាហ៍នេះ

បញ្ហាកម្រិតបំណុលអតិបរមារបស់សហរដ្ឋអាមេរិកនៅមិនទាន់ដោះស្រាយទេ ប៉ុន្តែក្នុងជំនួបកាលពីថ្ងៃអង្គាររវាងប្រធានាធិបតី ចូ បៃដិន និងមេដឹកនាំសភាន…

សហគមន៍ធនាគារថៃព្រមានរដ្ឋាភិបាលក្រោយបោះឆ្នោត អំពីផលប៉ះពាល់នៃការអនុវត្តគោលនយោបាយប្រជានិយម

នៅប្រទេសថៃ រដ្ឋាភិបាលក្រោយការបោះឆ្នោតថ្ងៃទី១៤ ខែឧសភា នៅមិនទាន់មានរូបរាងនៅឡើយ ប៉ុន្តែសហគមន៍ធនាគាររបស់ប្រទេសថៃ បានសំដែងក្តីបារម្ភថា គោល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ