បញ្ហាកម្រិតបំណុលអតិបរមារបស់សហរដ្ឋអាមេរិក

រដ្ឋាភិបាល និងសភាអាមេរិកកំពុងខិតខំបង្រួមបញ្ហា ដើម្បីឈានដល់កិច្ចព្រមព្រៀងស្ដីពីកម្រិតបំណុលនៅចុងសប្ដាហ៍នេះ


បញ្ហាកម្រិតបំណុលអតិបរមារបស់សហរដ្ឋអាមេរិកនៅមិនទាន់ដោះស្រាយទេ ប៉ុន្តែក្នុងជំនួបកាលពីថ្ងៃអង្គាររវាងប្រធានាធិបតី ចូ បៃដិន និងមេដឹកនាំសភានិងពឹ្រទ្ធសភា គ្រប់ភាគីបានព្យាយាមបង្រួមបញ្ហា ដើម្បីបញ្ចៀសវិបត្តិសេដ្ឋកិច្ច ដែលអាចនឹងកើតមានឡើង។ បើតាមសេចក្ដីរាយការណ៍ដោយ រ៉យទ័រ កិច្ចព្រមព្រៀងមួយស្ដីពីកម្រិតបំណុលនេះអាចនឹងកើតឡើងនៅចុងសប្តាហ៍នេះ។
រដ្ឋាភិបាល និងសភាអាមេរិកកំពុងខិតខំបង្រួមបញ្ហា ដើម្បីឈានដល់កិច្ចព្រមព្រៀងស្ដីពីកម្រិតបំណុលនៅចុងសប្ដាហ៍នេះ
ដោយ

ប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ លោក ចូ បៃដិន និងមេដឹកនាំសភាមកពីគណបក្សសាធារណរដ្ឋ លោក ខេវិន ម៉ាកខាធី កាលពីថ្ងៃអង្គារ៍ បានព្យាយាមបង្រួមបញ្ហាក្នុងការចរចាអំពីកម្រិតបំណុលអតិបរមារបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីឲ្យសម្រេចបានកិច្ចព្រមព្រៀងមួយ។ ដោយលៃលកលទ្ធភាពនាំប្រទេសនេះគេចផុតពីសុបិន្តអាក្រក់ផ្នែកសេដ្ឋកិច្ច លោក បៃឌិន បានសម្រេចបន្ថយពេលធ្វើទស្សនកិច្ចនៅអាស៊ីនាចុងសប្តាហ៍នេះ។

បន្ទាប់ពីកិច្ចពិភាក្សារយៈពេលមួយម៉ោង លោក ម៉ាកខាធី បានប្រាប់អ្នកយកព័ត៌មានថា ភាគីទាំងពីរមានជំហរនៅឆ្ងាយពីគ្នានៅឡើយចំពោះមុខការបង្កើនកម្រិតបំណុល ប៉ុន្តែលោកសង្កត់ធ្ងន់ថា៖ «វាអាចទៅរួចក្នុងការទទួលបានកិច្ចព្រមព្រៀងនៅចុងសប្តាហ៍។ ដើម្បីទទួលបានកិច្ចព្រមព្រៀងមួយ វាពិតជាមិនពិបាកពេកនោះទេ»។

ដោយឡែកខាងសេតវិមានវិញ មន្ត្រីបានបញ្ជាក់ថា ខ្លួនមិនមានសុទិដ្ឋិនិយមចំពោះពេលវេលា ដែលកិច្ចព្រមព្រៀងអាចកើតមានរហ័សទេ ប៉ុន្តែបានទទួលស្គាល់ថា ជំនួបនោះគឺជាជំនួបប្រកបដោយផ្លែផ្កា និងពិភាក្សាចំបញ្ហាត្រង់ៗ។

លោក បៃដិន បានអះអាងថា៖ «បណ្ដាមេដឹកនាំបានឈានដល់«ការយល់ស្របគ្នាដ៏លើសលុប ... ថា ការខ្វះលទ្ធភាពសងបំណុល ជាធម្មតាមិនមែនជាជម្រើសទេ។ សេដ្ឋកិច្ចរបស់យើងនឹងមានឱនភាព»។

យោងតាមប្រធានាធិបតីរូបនេះ នៅមានការងារដែលត្រូវធ្វើច្រើន ប៉ុន្តែយើងកំពុងដើរលើផ្លូវឆ្ពោះទៅមុខ ដើម្បីធ្វើឱ្យប្រាកដថាសហរដ្ឋអាមេរិកមិនជួបប្រទះកង្វះលទ្ធភាពសងបំណុលរបស់ខ្លួនជាលើកទី១។

ការបង្កើនពន្ធចំពោះអ្នកមាននិងក្រុមហ៊ុននានាដើម្បីជួយទ្រទ្រង់ចំណាយសម្រាប់កម្មវិធីទាំងឡាយជាប្រយោជន៍សម្រាប់ជនជាតិអាមេរិកផ្សេងៗទៀត គឺជាផ្នែកសំខាន់នៃថវិកាឆ្នាំ ២០២៤ របស់រដ្ឋបាលលោក បៃឌិន។ លោកប្រធានាធិបតីបានលើកឡើងថា រូបលោកខកចិត្តដែលគណបក្សសាធារណរដ្ឋមិនពិចារណាអំពីវិធីបង្កើនចំណូល។

លោក មីត ម៉ាកខូណែល ប្រធានក្រុមព្រឹទ្ធសភាគណបក្សសាធារណៈរដ្ឋ បាននិយាយថា មកដល់ពេលនេះសមាជិកសភាមកពីគណបក្សសាធារណរដ្ឋនៅតែបន្តបដិសេធសំណើដំឡើងកម្រិតបំណុលអតិបរមាឱ្យហួសពីទំហំ ៣១,៣ ទ្រីលានដុល្លារ ដរាបណារដ្ឋបាលរបស់លោកបៃដិន និងគណបក្សប្រជាធិបតេយ្យរបស់លោក មិនយល់ព្រមកាត់បន្ថយការចំណាយថវិកាសហព័ន្ធ។ ទោះជាយ៉ាងនេះក្ដី លោក ម៉ាកខូណែល បានបញ្ជាក់នៅក្រោយកិច្ចប្រជុំថា៖ «យើងដឹងថា យើងនឹងមិនឱ្យខ្វះលុយសងបំណុលទេ»។

មកដល់ពេលនេះគេដឹងថា រដ្ឋាភិបាលអាមេរិក អាចនឹងមានលទ្ធភាពទូទាត់បំណុលរបស់ខ្លួនមួយចំនួននៅត្រឹមថ្ងៃទី ១ ខែមិថុនា ប៉ុណ្ណោះ លើកលែងតែសហសភាអាមេរិកបោះឆ្នោតឱ្យដំឡើងកម្រិតបំណុលអតិបរមា ដើម្បីឱ្យរដ្ឋាភិបាលអាចខ្ចីលុយយកមកដោះស្រាយបំណុលថែមទៀត។ ពេលមិនទាន់មានកិច្ចព្រមព្រៀងនៅឡើយ អ្នកសេដ្ឋកិច្ចបានបង្ហាញក្ដីបារម្ភថា កំពូលមហាអំណាចយោធានិងសេដ្ឋកិច្ចនេះអាចនឹងធ្លាក់ចូលទៅក្នុងឱនភាពសេដ្ឋកិច្ច ហើយជះឥទ្ធិពលអវិជ្ជមានមកលើសេដ្ឋកិច្ចពិភពលោកទាំងមូល៕

អត្ថបទ៖ សរ សុជាតិ




អត្ថបទបន្ទាប់


កត្តាអ្វីខ្លះជំរុញឲ្យសេដ្ឋកិច្ចជប៉ុនសម្រេចបានកំណើនពិតក្នុងអត្រា ១,៦% នៅត្រីមាសទី១ឆ្នាំនេះ?

ព័ត៌មាន
រដ្ឋាភិបាលជប៉ុនបាននិយាយនៅថ្ងៃពុធថា សេដ្ឋកិច្ចប្រទេសនេះបានកើនឡើងក្នុងអត្រាពិតប្រចាំឆ្នាំចំនួន ១,៦% ពីខែមករា ដល់ខែមីនា។ នេះជាការកើនឡើងល…

ប្រធានាធិបតីអាហ្វ្រិកខាងត្បូងថា រុស្ស៊ី និងអ៊ុយក្រែនយល់ព្រមទទួលគណៈប្រតិភូអាហ្វ្រិកដើម្បីផែនការសន្តិភាព

ព័ត៌មាន
ប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក ស៊ីរីល រ៉ាម៉ាហ្វូសា បាននិយាយកាលពីថ្ងៃអង្គារថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតី…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ