នៅក្នុងបទសម្ភាសពិសេសជាមួយសារព័ត៌មាន China Media Group នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងកម្មវិធី Leaders Talk សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីថ្មីនៃកម្ពុជា បានអរគុណចំពោះរាជរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា នាពេលកន្លងមក។ សម្រាប់សម្ដេចធិបតី ហ៊ុន ម៉ាណែត តាមរយៈគម្រោងខ្សែក្រវាត់ និងផ្លូវរបស់ចិន ប្រទេសកម្ពុជាទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន ដែលនេះមិនត្រឹមតែជួយធ្វើឲ្យសេដ្ឋកិច្ច និងសង្គមកម្ពុជា កាន់តែរីកចម្រើន ប៉ុណ្ណោះទេ តែក៏នឹងជួយជំរុញបន្ថែមនូវទំនាក់ទំនងរវាងប្រជាជន និងប្រជាជនររបស់ប្រទេសទាំងពីរផងដែរ។ ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានចិន ចំពោះផែនការរបស់កម្ពុជា ក្នុងការពង្រឹងទំនាក់ទំនាក់សេដ្ឋកិច្ចរវាងប្រទេសចិន និងប្រទេសកម្ពុជា សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា អះអាងថា ក្នុងនាមជានាយករដ្ឋមន្រ្តីថ្មីរបស់កម្ពុជា សម្ដេចប្ដេជ្ញានឹងបន្តរក្សាទំនាក់ទំនងល្អ ជាមួយរាជរដ្ឋាភិបាលនៃសាធារណរដ្ឋចិន សំដៅធ្វើយ៉ាងពង្រឹងទំនាក់ទំនងផ្នែកសេដ្ឋកិច្ចរវាងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរថែមមួយកម្រិតទៀត។
ប្រទេសកម្ពុជា និងចិនកន្លងមកបានប្តេជ្ញាចិត្ត នឹងពង្រីកទំហំពាណិជ្ជកម្មឲ្យបានដល់១៥ពាន់លានដុល្លារក្នុងមួយឆ្នាំផងដែរ ខណៈកាលពីឆ្នាំ២០២២សម្រេចបានជិត១២ពាន់លានដុល្លារអាមេរិក។ នេះបើតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
ចិន គឺជាប្រទេសដំបូងគេបង្អស់ ដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត បានធ្វើដំណើរបំពេញទស្សនកិច្ចជាផ្លូវការ ក្នុងនាមជានាយករដ្ឋមន្រ្តីថ្មីនៃកម្ពុជា ដើម្បីចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី២០ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។ បន្ទាប់មក តបតាមការអញ្ជើញរបស់លោក ស៊ី ជិនពីង ប្រធានាធិបតីចិន សម្ដេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណប្រតិភូជាន់ខ្ពស់ អញ្ជើញធ្វើដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាមានិតចិន ដើម្បីចូលរួម«វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣» សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ នៅទីក្រុងប៉េកាំង ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣។
សូមបញ្ជាក់ថា នៅរយៈពេល ៩ខែឆ្នាំនេះ ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា-ចិន សម្រេចបានទំហំទឹកប្រាក់ជាង ៩ពាន់លានដុល្លារអាមេរិក កើនឡើងជាង ៣% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២។ ក្នុងនោះ ការនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារចិន សម្រចបានប្រមាណ ១ពាន់លានដុល្លារ ខណៈការនាំចូលពីចិនមកកាន់កម្ពុជាវិញ មានទំហំទឹកប្រាក់ប្រមាណ ៨ពាន់លានដុល្លារ។ ប្រទេសចិន ក៏ជាប្រភពហិរញ្ញប្បទាន វិនិយោគទុន និងទេសចរណ៍អន្តរជាតិដ៏សំខាន់របស់កម្ពុជាផងដែរ៕