ការនាំចេញអង្ករ

កម្ពុជា ថៃ និងវៀតណាម សុទ្ធតែបង្ហាញពីការនាំចេញអង្ករធ្លាក់ចុះ តើមកពីមូលហេតុអ្វី?


ការនាំចេញអង្ករនៅដើមឆ្នាំ២០២១នេះ មិនមែនមានតែកម្ពុជាទេដែលមានបិរមាណធ្លាក់ចុះ បើក្រឡេកទៅមើលថៃ និងវៀតណាមក្បែរខាងយើង ដែលសុទ្ធសឹងជាប្រទេសនាំចេញអង្ករធំៗនៅក្នុងពិភពលោក ក៏កំពុងជួបបញ្ហានាំចេញអង្ករធ្លាក់ចុះដែរ ដោយមានតួលេខធ្លាក់ចុះ២ខ្ទង់ដូចគ្នា។ ជាក់ស្ដែង នៅ៤ខែដើមឆ្នាំនេះ កម្ពុជាយើងមានបិរមាណនាំចេញអង្ករធ្លាក់ចុះជិត៣៦% ខណៈដែលវៀតណាមវិញធ្លាក់ចុះ១១%។ រីឯថៃវិញ នៅ៣ខែមកនេះ ការនាំចេញអង្ករធ្លាក់ចុះ២៣%។
រដ្ឋថៃជួយកាត់បន្ថយចំណាយសម្រាប់ក្រុមហ៊ុននាំចេញអង្ករ ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែង
ដោយ

តើមានហេតុផលអ្វីខ្លះ ដែលជំរុញឲ្យការនាំចេញអង្ករមានការធ្លាក់ចុះនៅឆ្នាំនេះ ហើយអង្ករកម្ពុជាយើងកំពុងស្ថិតក្នុងស្ថានភាពប្រកួតប្រជែងបែបណាខ្លះ? 

អ្នកជំនួញនៅក្នុងវិស័យស្រូវអង្ករកម្ពុជាបានបញ្ជាក់អះអាងប្រាប់ខេមបូណូមីស ថា ការធ្លាក់ចុះនៃបិរមាណនាំចេញអង្ករកម្ពុជា វៀតណាម និងថៃ នៅដើមឆ្នាំ២០២១នេះ គឺមានហេតុផលប្រហាក់ប្រហែលគ្នា ដែលពាក់ព័ន្ធទៅនឹងបញ្ហាធំជាងគេគឺ ការដឹកជញ្ជូនតែម្ដង។

ឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាអះអាងថា កត្តាថ្លៃដឹកជញ្ជូនឡើងថ្លៃ និងកង្វះទូកុងតឺន័រនៅតែជាបញ្ហាចោទសម្រាប់កម្ពុជាក្នុងការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ។ ជាក់ស្តែងនៅ៤ខែដើមឆ្នាំ២០២១ ការចេញអង្កររបស់កម្ពុជាសម្រេចបានជិត ២០ម៉ឺនតោនប៉ុណ្ណោះ ធ្លាក់ចុះជិត៣៦% បើធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំមុន ដែលសម្រេចបានជាង៣០ម៉ឺនតោន។

បើតាមអ្នកជំនួញស្រូវអង្កររូបនេះ មូលហេតុ ដែលធ្វើឲ្យមានការរាំងស្ទះទូកុងតឺន័រ ដោយសារទូកុងតឺន័រទាំងនោះបានកកស្ទះនៅតាមប្រទេសអឺរ៉ុបមួយចំនួន ដែលបានបញ្ហាទិញអង្ករពីកម្ពុជា។ មួយវិញទៀត ការកើនឡើងតម្រូវការប្រើប្រាស់ទំនិញនៅអឺរ៉ុប ក្រោយមានការធូរស្បើយពីជំងឺកូវីដ-១៩ ក៏ជាកត្តារួមចំណែកធ្វើឲ្យខ្វះទូកុងតឺន័រផងដែរ។ 

អ្នកជំនួញក្នុងវិស័យស្រូវអង្កររូបនេះអះអាងទៀតថា ការនាំចេញអង្កររបស់កម្ពុជាក្នុងរយៈពេល២០ថ្ងៃនៅខែឧសភា កន្លងមកនេះ មិនបានបង្ហាញសញ្ញាវិជ្ជមាននោះទេ ពោលគឺកម្ពុជានៅតែអាចប្រឈមការធ្លាក់ចុះក្នុងការនាំចេញអង្កររបស់ខ្លួន។

ពាក់ព័ន្ធនឹងការនាំចេញអង្ករនេះ បើក្រឡេកទៅមើលប្រទេសថៃវិញ របាយការណ៍ពីអគ្គនាយកដ្ឋានគយថៃបង្ហាញថា នៅត្រីមាសទី១ ឆ្នាំ២០២១នេះ ថៃសម្រេចបានការនាំចេញអង្ករជាង ១លានតោន មានការធ្លាក់ចុះ ២៣% ដោយក្នុងនោះ គិតជាទឹកប្រាក់នាំចេញអង្ករមានប្រមាណជាង៧០០លានដុល្លារ ធ្លាក់ចុះជាង២៣% ដូចគ្នាដែរ។ អ្នកជំនាញក្នុងវិស័យស្រូវអង្ករថៃ បាននិយាយថា បញ្ហាកង្វះទូកុងតឺន័រ, ការឡើងថ្លៃដឹកជញ្ជូន និងការចំណាយផ្សេង នៅតែជាបញ្ហាដែលធ្វើឲ្យការនាំចេញអង្ករថៃមានការធ្លាក់ចុះ។ ម្យ៉ាងវិញទៀត ប្រភេទអង្ករថៃមួយចំនួន ដូចជាអង្ករសជាដើម គឺមានតម្លៃថ្លៃខ្ពស់ជាងអង្ករឥណ្ឌា និងអង្ករប៉ាគីស្ថាន។

ប្រទេសថៃនៅត្រីមាសទី១ ឆ្នាំនេះបានធ្លាក់មកនូវលេខ៣ ក្នុងនាមជាប្រទេសនាំចេញអង្ករច្រើនជាងគេក្នុងពិភពលោកបន្ទាប់ពីប្រទេសឥណ្ឌា និងប៉ាគីស្ថាន។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ ថៃមានការនាំចេញអង្ករលើសវៀតណាមតែប្រហែល៣ម៉ឺនតោនប៉ុណ្ណោះ ដូច្នេះ គេរំពឹងថា វៀតណាមអាចនឹងប្រជែងបានតំណែងកំពូលប្រទេសនាំចេញអង្ករលំដាប់ទី៣ ពីថៃនៅក្នុងពេលខាងមុខនេះ។ 

សូមបញ្ជាក់ថា នៅឆ្នាំនេះ ថៃរំពឹងថានឹងនាំចេញអង្ករបានតែប្រមាណ៦លានតោនប៉ុណ្ណោះ ខណៈដែលកាលពីឆ្នាំមុនថៃនាំចេញបានជាតិ៥លាន ៧សែនតោន។ ដោយឡែក ឥណ្ឌាវិញ មាននាំចេញអង្ករសរុបជិត២លានតោន ក្នុងមួយខែៗ និងរំពឹងថា ការនាំចេញសរុបនៅឆ្នាំនេះ នឹងកើនដល់១៥ ទៅ១៦លានតោន។

ដោយឡែក ការនាំចេញអង្ករវៀតណាមវិញ នៅរយៈពេល៤ខែក្នុងឆ្នាំ២០២១ សម្រេចបានជាង១,៩លានតោនធ្លាក់ចុះជិត ១១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែលចំនួនទឹកប្រាក់ ដែលទទួលបានពីការនាំចេញអង្ករនេះ សម្រេចបានជាង១ពាន់លានដុល្លារ កើនឡើងជាង១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមរបាយការណ៍ពីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម។

សមាគមនាំចេញស្បៀងអាហារវៀតណាម បានព្យាករថាតម្លៃនៃការនាំចេញអង្ករនឹងកើនឡើងថែមទៀតនៅពេលខាងមុខ ដ្បិតថាអង្ករវៀតណាមដែលបានលក់ចេញទៅទទួលបានតម្លៃថ្លៃខ្ពស់ជាងមុន។

សូមបញ្ជាក់ថា វៀតណាមមានផែនការនឹងផលិតស្រូវឲ្យបានដល់ ៤៣លានតោន និងមានគោលដៅនាំចេញអង្ករឲ្យបានដល់៦លាន៥សែនតោន។ នេះបើតាមទិន្នន័យពីក្រសួងកសិកម្ម និងអភិវឌ្ឍជនបទវៀតណាម៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនអាកាសចរណ៍ថៃមួយទៀតហើយ បានដាក់គម្រោងស្ដារនីតិសម្បទាអាជីវកម្ម ក្រោយរងសម្ពាធបំណុល

ព័ត៌មាន
ក្រុមហ៊ុនអាកាសចរណ៍ Nok Air បានក្លាយជាក្រុមហ៊ុនអាកាសចរណ៍ថៃទី២ហើយបន្ទាប់ពីក្រុមហ៊ុនអាកាសចណ៍ Thai Airways ដែលបានដាក់ផែនការស្ដារនីតិសម្…

ការនាំចេញសរុប​របស់​កម្ពុជានៅតែខ្លាំង កើនជិត១០% នៅ៤ខែឆ្នាំនេះ ខណៈអាមេរិកជាទីផ្សារធំជាងគេ

ព័ត៌មាន
ការឆ្លងរាលដាលជាសកលនៃជំងឺកូវីដ-១៩ មិនបានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិនោះទេ។ ជាក់ស្តែងនៅ៤ខែក្នុងឆ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ