ឥណទានកម្ពុជា - ចិន

សម្តេចតេជោ ហ៊ុន សែន អះអាងថា នឹងស្វះស្វែងរកឥណទានបន្ថែមពីចិន ដើម្បីសាងសង់ហេដ្ឋរចនាសម្ព័ន្ធចាំបាច់


សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា សម្ដេចបាននិងកំពុងតែស្វះស្វែងរកឥណទានពីចិន ដើម្បីសាងសង់ហេដ្ឋរចនាសម្ព័ន្ធផ្សេងៗ បន្ថែមទៀត។ ទន្ទឹមនោះ សម្ដេចក៏បានបង្ហាញក្តីរំពឹងថា កម្ពុជានឹងទទួលបានឱកាសបន្ថែមទទួលបានឥណទានលើគម្រោងហេដ្ឋារចនាសម្ព័ន្ធ ពីរាជរដ្ឋាភិបាលចិន នៅអំឡុងដែលសម្ដេចនឹងអញ្ញើញទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ក្នុងពេលខាងមុខផងដែរ។
សម្តេចតេជោ ហ៊ុន សែន អះអាងថា នឹងស្វះស្វែងរកឥណទានបន្ថែមពីចិន ដើម្បីសាងសង់ហេដ្ឋរចនាសម្ព័ន្ធចាំបាច់

ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញពីគោលបំណងរបស់សម្ដេចគ្រោងបំពេញដំណើរទស្សនកិច្ចផ្លូវការ ទៅកាន់ប្រទេសចិន នាពេលខាងមុខ។ ទោះបី មិនទាន់បង្ហាញនូវកាលបរិច្ឆេទជាក់លាក់ ប៉ុន្ដែសម្ដេចតេជោ ហ៊ុន សែន បានបង្ហាញនូវគំនិតសុទិដ្ឋិយមថា តាមរយៈការបំពេញដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចទៅកាន់ប្រទេសចិន នឹងកាន់តែធ្វើឲ្យទំនាក់ទំនងកម្ពុជា-ចិន ល្អប្រសើរថែមមួយកម្រិត ជាពិសេសកម្ពុជា នឹងកាន់តែទទួលបានឱកាសទទួលបាននូវគម្រោងវិនិយោគបន្ថែមពីរាជរដ្ឋាភិបាលចិន។ សម្ដេចតេជោ ហ៊ុន សែនបានគូសបញ្ជាក់ដូច្នេះថា ដើម្បីបំពេញនូវតម្រូវការប្រជាពលរដ្ឋកម្ពុជាផ្នែកហេដ្ឋារចនាសម្ព័ន្ធ សម្ដេចបាននិងកំពុងស្វះស្វែងរកឥណទានពីចិន ដើម្បីសាងសង់ហេដ្ឋរចនាសម្ព័ន្ធផ្សេងៗ បន្ថែមទៀត។

យ៉ាងណាក៏ដោយ ការស្វែងរកឥណទានបន្ថែម ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនឹងធ្វើឲ្យស្ថានភាពបំណុលនៅកម្ពុជាបន្តកើនឡើងបន្ថែមទៀតដែរ ខណៈគិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២២ សន្និធិបំណុលសាធារណៈក្រៅប្រទេសរបស់កម្ពុជាសរុបមានជាង៩ពាន់៥រយលានដុល្លារ ដោយក្នុងនោះ បំណុលជំពាក់ប្រទេសចិនច្រើនជាងគេដល់ទៅ ៤១% នៃបំណុលសរុប។ បើទោះជាមានការបង្កើនទំហំកម្ចីក៏ដោយចុះ ប៉ុន្ដែ រាជរដ្ឋាភិបាលកម្ពុជាក៏ធ្លាប់អះអាងដែរថា វានឹងមិនបង្កើតជាបន្ទុកបំណុលវ័ណ្ឌកដល់កម្ពុជាទេ ពោលគឺជាទិដ្ឋភាពបច្ចេកទេស ស្ថានភាពបំណុលសាធារណៈ កម្ពុជានៅតែត្រូវបានវាយតម្លៃថា មានចីរភាព និង ហានិភ័យកម្រិតទាបដដែល ដោយរាល់សូចនាករបំណុលគន្លឹះៗ របស់កម្ពុជា សុទ្ធតែស្ថិតក្រោមអនុបាតគោលទាំងអស់។

បើយោងតាមសេចក្ដីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០២៣ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា មានផែនការនឹងបង្កើនទំហំនៃការខ្ចីប្រាក់ពីដៃគូអភិវឌ្ឍន៍បន្ថែមទៀត រហូតដល់ ១ពាន់៧រយលាន SDR (ជាតម្លៃរូបិយវត្ថុដែលកំណត់ដោយ IMF) ដែលស្មើនឹងប្រមាណជិត ២ពាន់៣រយលានដុល្លារអាមេរិក ពោលគឺមានការកើនឡើង ១០០លាន SDR ឬស្មើនឹងនឹងជិត ១៣០លានដុល្លារ បើធៀបនឹងច្បាប់ថវិកាឆ្នាំ២០២២៕




អត្ថបទបន្ទាប់


កម្ពុជាទទួលបានភ្ញៀវទេសចរជាង ២លាននាក់ ក្នុងឱកាសឆ្លងឆ្នាំសកល២ថ្ងៃ

ភ្ញៀវទេសចរបានចេញធ្វើដំណើរកម្សាន្ដភ្លូកទឹកភ្លូកដីនៅតាមគោលដៅទេសចរណ៍ និងរមណីដ្ឋាននានានៅទូទាំងប្រទេស ក្នុងឱកាសពិធីចូលឆ្នាំសកលឆ្នាំ២០២៣ ចំនួ…

ចំណូលគយ និងពន្ធដារសម្រេចបានដល់ជាង ៦ពាន់លានដុល្លារនៅឆ្នាំ២០២២ កើនលើសផែនការជាង ២៧%

តាមការគូសបញ្ជាក់របស់ សម្ដេចតេជោ ហ៊ុន សែន ក្នុងរយៈពេលពេញ១ឆ្នាំ២០២២ កម្ពុជា ទទួលបានចំណូលសារពើពន្ធសរុបជាង ៦ពាន់លានដុល្លារ បានកើនឡើងលើផ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ