ឱកាសវិនិយោគនៅកម្ពុជា

សម្តេចតេជោ ហ៊ុន សែន ស្នើវិនិយោគិនបរទេសឲ្យមកស្វែងយល់ និងចាប់យកឱកាសវិនិយោគនៅកម្ពុជា


នៅចំពោះមុខវិនិយោគិនបរទេស និងថ្នាក់ដឹកនាំមកពីប្រទេសផ្សេងៗ ដែលបានចូលរួមធ្វើជាវាគ្មិនក្នុងកិច្ចប្រជុំកំពូលនៃវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២២ នៅទីក្រុងដាវ៉ូស ប្រទេសស្វីសនៅសប្ដាហ៍នេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញពីភាពជោគជ័យលើការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងសមិទ្ធផលនានាដែលកម្ពុជាសម្រេចបាននាពេលកន្លងមក។ ជាពិសេសវិស័យសក្តានុពល និងលក្ខខណ្ឌបន្ធូរបន្ថយចំពោះការវិនិយោគរបស់កម្ពុជា។ មួយគ្នានេះ សម្តេចតេជោ ស្នើឲ្យវិនិយោគិនបរទេសនាំគ្នាមកសិក្សាស្វែងយល់ និងចាប់យកឱកាសវិនិយោគនៅកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងកម្មវិធី “រាត្រីកម្ពុជា” (CAMBODIA NIGHT) ដែលរៀបចំដោយក្រុមហ៊ុន WorldBridge Group រូបភាព៖ SPM page

ទន្ទឹមនឹងបង្ហាញពីការដាក់ចេញផែនការយុទ្ធសាស្ត្រក្នុងការស្តារសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ-១៩ ប្រមុខដឹកនាំរាជរដ្ឋាភិបាលបានចាត់ទុកវិស័យទេសចរណ៍ ជាក្បាលម៉ាស៊ីនក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ច បើទោះបីបច្ចុប្បន្នវិស័យនេះ កំពុងស្ថិតក្នុងដំណាក់កាលនៃការងើបឡើងវិញក៏ដោយ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្នើឲ្យវិនិយោគិនបរទេសមកសិក្សាស្វែងយល់ និងចាប់យកឱកាសវិនិយោគលើវិស័យសក្តានុពលនានានៅកម្ពុជា ដែលកំពុងបើកចំហររង់ចាំជានិច្ចចំពោះការវិនិយោគពីបរទេសនៅជុំវិញពិភពលោក។ ការស្នើបែបនេះរបស់ សម្តេចតេជោ ធ្វើឡើងក្នុងកម្មវិធីរាត្រីកម្ពុជា(Cambodia Night)នៅក្នុងកិច្ចប្រជុំកំពូលនៃវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវ៉ូស ប្រទេសស្វីស ដែលមានការចូលរួមពីវិនិយោគិន វាគ្មិន និងឥស្សរជនមកពីប្រទេសផ្សេងៗជាច្រើនទៀត។ កម្មវិធីរាត្រីកម្ពុជា(Cambodia Night) នេះ គឺជាកម្មវិធីសមោសរលើកដំបូងបំផុត ដែលកម្ពុជាបានរៀបចំឡើង ដើម្បីទទួលប្រមុខដឹកនាំ វាគ្មិន និងឥស្សិរជនសំខាន់ៗ ដែលបានចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក ហើយកម្មវិធីដ៏សំខាន់មួយនេះ ត្រូវបានរៀបចំឡើងផ្ដាច់មុខ ដោយក្រុមហ៊ុន WorldBridge Group របស់អ្នកឧកញ៉ា សៀ ឫទ្ធី។

ទន្ទឹមនឹងនេះ ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញពីវិស័យសក្តានុពល និងវិស័យដែលរាជរដ្ឋាភិបាលផ្តល់អាទិភាពខ្ពស់លើការវិនិយោគដល់វិនិយោគិនបរទេស និងឥស្សរជនដែលបានចូលរួមកម្មវិធីរាត្រីកម្ពុជា Cambodia Night ផងដែរ។ វិស័យដែលទទួលបានការផ្តល់អាទិភាពខ្ពស់ពីរដ្ឋាភិបាលរួមមាន ឧស្សាហកម្មបច្ចេកវិទ្យាពាក់ព័ន្ធនឹងនវានុវត្តន៍ ឬការស្រាវជ្រាវ និងអភិវឌ្ឍន៍, ឧស្សាហកម្មគាំទ្រដល់វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម, ឧស្សាហកម្មកែច្នៃកសិផល និងកែច្នៃម្ហូបអាហារ, ឧស្សាហកម្មផលិត និងដំឡើងយានយន្ត, ឧស្សាហកម្មផលិតផ្គុំនិងដំឡើងគ្រឿងអគ្គិសនី និង ឮអេឡិចត្រូនិក និងឧស្សាហកម្ម និងកម្មន្តសាលធុនធ្ងន់ផ្សេងៗទៀតជាដើម។

ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងបន្តជំរុញការកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគប្រកបដោយភាពបុរេសកម្ម និងចក្ខុវិស័យវែងឆ្ងាយ តាមរយៈការលើកកម្ពស់គុណភាពសេវាឡូជីស្ទីក; ការកាត់បន្ថយចំណាយទាំងពេលវេលា និងថវិកា ការលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ការអភិវឌ្ឍជំនាញ និងការធ្វើទំនើបកម្មប្រព័ន្ធសន្តិសុខសង្គមជាដើម។ បន្ថែមលើនេះ កម្ពុជាក៏បានខិតខំប្រឹងប្រែងស្វែងរក និងបើកចំហទីផ្សាររបស់ខ្លួនឱ្យកាន់តែទូលំទូលាយដោយបានបញ្ចប់ និងដាក់ឱ្យអនុវត្តនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េខាងត្បូង និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)ផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ទៀតថា កម្ពុជាផ្តល់អាទិភាពខ្ពស់លើការអភិវឌ្ឍវិស័យទេសចរណ៍វប្បធម៌ ដែលវិស័យនេះមិនត្រឹមតែចូលរួមទ្រទ្រង់កំណើនសេដ្ឋកិច្ច បង្កើតការងារ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវបានចាត់ជា វិស័យដែលដើរតួនាទីសំខាន់ក្នុងការទ្រទ្រង់ដល់ការធ្វើសមាហរណកម្មតំបន់ទៀតផង ខណៈដែលកម្ពុជាបានចាត់ទុកវិស័យទេសចរណ៍ជាមាសបៃតង។

សូមបញ្ជាក់ថា វេទិកាសេដ្ឋកិច្ចពិភពលោកប្រចាំឆ្នាំ២០២២ ធ្វើឡើងនៅទីក្រុងដាវ៉ូស ប្រទេសស្វីស រយៈពេល៥ថ្ងៃចាប់ពីថ្ងៃទី ២២ដល់ថ្ងៃទី២៦ ខែឧសភា។ យ៉ាងណាមិញ ក្រោយពីបញ្ចប់ការចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកជាស្ថាពរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់បានអញ្ជើញវិលត្រឡប់មកដល់កម្ពុជាដោយសុវត្ថិភាព នៅព្រឹកថ្ងៃទី២៦ ខែឧសភា៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារពិភពលោកអនុម័តផ្តល់ជំនួយហិរញ្ញប្បទានថ្មីចំនួន១៦៩លានដុល្លារ សម្រាប់កម្ពុជា

ព័ត៌មាន
ធនាគារពិភពលោក កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ បានអនុម័តលើជំនួយមានទឹកប្រាក់ចំនួន ១៦៩លានដុល្លារអាមេរិក ដែលជាកញ្ចប់ហិរញ្ញប្បទានថ្មី ដល់គ…

គម្រោងស្ថាបនាផ្លូវក្រវាត់ក្រុងទី៣ សម្រេចការសាងសង់បានប្រមាណ ៧៤%ហើយ

ព័ត៌មាន
ក្រសួងសាធារណការ និងដឹកជញ្ជូនបានអះអាងថា គិតមកទល់ពេនេះគម្រោងស្ថាបនាផ្លូវក្រវាត់ក្រុងទី៣ សម្រេចបានការសាងសង់ប្រមាណ ៧៤% ខណៈដែលគម្រោងនេះ គ្រោ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ