នាពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនដល់សិក្ខាកាម និងនិស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មីជាង១ពាន់៧រយនាក់កាលពីព្រឹកថ្ងៃទី៦ មីនា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបញ្ជាឲ្យរដ្ឋបាលរាជធានីភ្នំពេញត្រៀមរថយន្តក្រុង សម្រាប់ដឹកជញ្ជូនកម្មករកម្មការិនីនិងប្រជាពលរដ្ឋពីរាជធានីភ្នំពេញទៅកាន់បណ្តាខេត្តផ្សេងៗក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៣។ បើតាមសម្តេចគោលបំណងនៃការធ្វើបែបនេះ គឺដើម្បីចូលរួមកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ ពិសេសកម្មករកម្មការិនីក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ វាយនភណ្ឌ ស្បែកជើង និងផលិតផលធ្វើដំណើរ ដែលកំពុងជួបបញ្ហា ក្រោយម្ចាស់រោងចក្របានកាត់បន្ថយការថែមម៉ោងការងារ និងព្យួរការងារ បន្ទាប់ពីការបញ្ជាទិញមានការធ្លាក់ចុះ។ មួយវិញទៀត គឺដើម្បីចូលរួមចំណែកកាត់បន្ថយកុំឲ្យមានការតម្លើងថ្លៃរថយន្តឈ្នួល និងរថយន្តក្រុងក្នុងឱកាសនោះ។
សម្រាប់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០២៣ ជាឆ្នាំដ៏រីករាយសម្រាប់ប្រជាជនកម្ពុជា ព្រោះក្រៅពីពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ និងកម្មវិធីអង្គរសង្គ្រាននៅតាមបណ្តាខេត្តនានា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនៅខែបន្ទាប់ ពោលគឺអំឡុងខែឧសភា ឆ្នាំ២០២៣ ដោយគិតត្រឹមថ្ងៃទី៦ មីនា នៅសល់តែ៦០ថ្ងៃទៀតប៉ុណ្ណោះព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដែលរង់ចាំអស់រយៈពេលជាង៦០ឆ្នាំមួយនេះនឹងចូលមកដល់។ ជាមួយគ្នានេះ សម្តេចតេជោ បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេសមកលេងស្រុកកំណើនក្នុងថ្ងៃពិធីបុណ្យចូលឆ្នាំខ្មែរ ឬចូលរួមអបអរព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
បើគ្មានការប្រែប្រួលទេនៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានឹងអញ្ជើញទៅចូលរួមក្នុងកម្មវិធីអង្គរសង្ក្រាន្តនៅខេត្តសៀមរាប។ ទន្ទឹមនឹងនេះ សម្តេចក៏បានអំពាវនាវឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅលេងដើរលេងកម្សាន្តនៅខេត្តសៀមរាបឲ្យបានច្រើនកុះករផងដែរ ព្រោះខេត្តនេះសម្បូរទៅដោយតំបន់ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ ជាពិសេសប្រាសាទអង្គរវត្តតែម្តង។
គួរបញ្ជាក់ថា នេះមិនមែនជាលើកទី១នោះទេ ដែលប្រមុខរាជរដ្ឋាភិបាលបញ្ជាឲ្យរដ្ឋបាលរាជធានីភ្នំពេញរៀបចំរថយន្តក្រុង ដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋ កម្មករ កម្មការិនីពីរាជធានីភ្នំពេញទៅកាន់បណ្តាខេត្តនានា ពោលគឺរាជរដ្ឋាភិបាលតែងតែឲ្យរៀបចំដូច្នេះរៀងរាល់ថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ និងពិធីបុណ្យភ្ជុំបិណ្ឌ។ ប៉ុន្តែការរៀបចំបែបនេះត្រូវបានខកខានអស់រយៈពីរឆ្នាំ គឺនៅឆ្នាំ២០២០ និង២០២១ ក្រោយកម្ពុជាទទួលរងនូវការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩៕