ស្របពេលពិភពលោករួមទាំងកម្ពុជារៀបចំពិធីអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៤ ក្រោមប្រធានបទ «ទេសចរណ៍ និងសន្តិភាព» នៅថ្ងៃទី២៧ ខែកញ្ញានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានចាត់ទុកប្រធានបទឆ្នាំនេះ ពិតជាឆ្លើយតបនឹងសភាពការណ៍ទេសចរណ៍សកលលោក និងតំបន់ ដែលបាននិងកំពុងប្រឈមនឹងឧបសគ្គជាច្រើនដែលស្មុគស្មាញប្រទាក់ក្រឡាគ្នា ដូចជាបញ្ហាសង្គ្រាមនៅអ៊ុយក្រែន ការប្រែប្រួលអាកាសធាតុ និងបញ្ហាសេដ្ឋកិច្ចសកលជាដើម ដែលជាបច្ច័យអវិជ្ជមានដល់កំណើនទេសចរណ៍អន្តរជាតិ។
សម្រាប់សម្តេចធិបតី ការអភិវឌ្ឍវិស័យទេសចរណ៍ឱ្យក្លាយជាវិស័យសេដ្ឋកិច្ចសង្គមដ៏ចម្បងមួយសម្រាប់កម្ពុជា គឺទាមទារឱ្យមានការគិតគូរឱ្យបានគ្រប់ជ្រុងជ្រោយ ដែលជានិច្ចកាលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ទៅលើការធានាចីរភាពកំណើននៃវិស័យដ៏មានសារៈសំខាន់នេះ ដែលទាមទារចាំបាច់ឱ្យមានការបន្តគិតគូរលើការជំរុញពិពិធកម្ម គំនិតច្នៃប្រឌិត នវានុវត្តន៍ ដើម្បីធានាភាពប្រកួតប្រជែងនៃវិស័យទេសចរណ៍កម្ពុជានៅក្នុងកម្រិតតំបន់ និងសកលលោក។
ទន្ទឹមនេះ សម្តេចធិបតី បានអំពាវនាវឱ្យមានការចូលរួមឱ្យបានផុសផុលបន្ថែមទៀតដើម្បីស្ដារវិស័យទេសចរណ៍កម្ពុជា ទាំងទៅលើទិដ្ឋភាពគុណភាព និងបរិមាណ ប្រកបដោយនិរន្តរភាព និងបរិយាបន្នដើម្បីឱ្យការអភិវឌ្ឍបានជាផ្លែផ្កាទៅដល់គ្រប់ភាគីពាក់ព័ន្ធ។ ដើម្បីចូលរួមអបអរសាទរ ទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៤ ក្រោមប្រធានបទ «ទេសចរណ៍ និងសន្តិភាព» សម្តេចធិបតី ស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធចូលរួមគាំទ្រ និងរក្សាឱ្យបានសុខសន្តិភាព វិបុលភាព ទោះនៅក្នុងតម្លៃណាក៏ដោយ មានសន្តិភាពទើបមានការអភិវឌ្ឍគ្រប់វិស័យ ជាពិសេសត្រូវរួមគ្នាអភិរក្សវិស័យទេសចរណ៍វប្បធម៌ និងធម្មជាតិ សហគមន៍ទេសចរណ៍ វប្បធម៌ ប្រពៃណី ឧទ្យានជាតិ ព្រៃសហគមន៍ ផ្សោតទន្លេមេគង្គ ព្រៃឈើ ការការពារបរិស្ថាន ការជំរុញបង្កើនគុណភាពផលិតផលនិងសេវាទេសចរណ៍ ការរក្សាបាននូវសុខសន្តិភាព សុវត្ថិភាពទេសចរ ការរក្សាភាពញញឹមរួសរាយរាក់ទាក់ជាប្រពៃណីរបស់ប្រជាជនកម្ពុជា ក្នុងការធ្វើបដិសណ្ឋារកិច្ចស្វាគមន៍ភ្ញៀវយ៉ាងកក់ក្ដៅក្នុងស្មារតីស្រលាញ់រាប់អានសហប្រតិបត្តិការល្អ ជាពិសេសចូលរួមកាន់តែខ្លាំងក្លាដល់ចលនាប្រឡងប្រណាំងទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ ដើម្បីធ្វើឱ្យកម្ពុជាស័ក្តិសមជាព្រះរាជាណាចក្រអច្ឆរិយៈ និងក្លាយជាគោលដៅទេសចរណ៍លំដាប់ពិភពលោក។
សូមជម្រាបថា ទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៤ មានគោលបំណងស្វែងយល់ពីចំណុចប្រសព្វនៃទេសចរណ៍ និងការកសាងសន្តិភាព ដោយគូសបញ្ជាក់ពីរបៀបនៃការធ្វើដំណើរ ការផ្លាស់ប្តូរគ្នានូវវប្បធម៌ដ៏សម្បូរបែប និងការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាពជាឈ្នាន់រួមចំណែកដល់ការដោះស្រាយជម្លោះ ការផ្សះផ្សា និងការលើកកម្ពស់សន្តិភាពទូទាំងពិភពលោក។
បើតាមសម្តេចធិបតី នៅរយៈពេល៧ខែដើមឆ្នាំ២០២៤ កម្ពុជាទទួលបានទេសចរអន្តរជាតិប្រមាណ ៣លាន៧សែននាក់ និងរំពឹងថាទទួលបានប្រមាណជិត ៦លាននាក់ នៅឆ្នាំ២០២៤នេះ និងប្រមាណ ៧លាននាក់ នៅឆ្នាំ២០២៦៕
អត្ថបទ សោម ស្រីពេជ្រ និងរូបភាពឯកសារ