
ប្រភពចំនួន៨ ដែលដឹងពីបញ្ហានេះ បានលើកឡើងថា តាមធម្មតាក្រុមអ្នកផលិតប្រេង OPEC+ តែងបញ្ជាក់ពីគោលនយោបាយផ្គត់ផ្គង់ប្រេងរបស់ខ្លួនក្នុងរយៈពេលមួយខែមុន ដើម្បីមានពេលបែងចែកប្រេងឆៅដល់អ្នកទិញ។ ដូច្នេះហើយក្រុមនេះមានពេលរហូតដល់ថ្ងៃទី៥ ឬទី៧ ខែមីនា ដើម្បីសម្រេចពីការផលិតនៅក្នុងខែមេសា ប៉ុន្តែមកដល់ពេលនេះទៅហើយ ពួកគេនៅមិនទាន់ឯកភាពគ្នានៅឡើយទេ។
ក្នុងចំណោមសមាជិករបស់ OPEC+ ប្រទេសអេមីរ៉ាតអារ៉ាប់រួម និងរុស្ស៊ីហាក់បង្ហាញបំណងចង់បង្កើនផលិតកម្ម ប៉ុន្តែសមាជិកផ្សេងទៀតរួមទាំងអារ៉ាប៊ីសាអូឌីតផង ចង់ពន្យារពេលផលិតកម្មសម្រាប់ខែមេសា។ ការខ្វែងគំនិតគ្នានេះ បានកើតឡើងនៅចំពេលប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានដាក់សម្ពាធជាថ្មីលើក្រុមប្រទេស OPEC+ ឱ្យបន្ធូរបន្ថយតម្លៃប្រេង ដែលបានកើនឡើងលើសពី៨២ដុល្លារក្នុងមួយធុងបារ៉ែលកាលពីខែមករា។
ទន្ទឹមនឹងនេះលោក ត្រាំ បានដាក់ទណ្ឌកម្មលើប្រទេសអ៊ីរ៉ង់ ដើម្បីកាត់បន្ថយការនាំចេញប្រេងរបស់អ៊ីរ៉ង់ឱ្យដល់កម្រិតសូន្យ ហើយលោកថែមបានលុបចោលអាជ្ញាប័ណ្ណក្រុមហ៊ុន Chevron សម្រាប់ធ្វើប្រតិបត្តិការនៅប្រទេសវេណេស៊ុយអេឡា នៅក្នុងសប្តាហ៍នេះ ដើម្បីទប់តម្លៃប្រេងកុំឱ្យធ្លាក់ចុះថែមទៀត។
កត្តារួមផ្សំទាំងនេះហើយទើបធ្វើឱ្យក្រុមអ្នកផលិតប្រេង OPEC+ មានភាពស្មុគស្មាញខ្លាំងក្នុងការសម្រេចចិត្តថាតើត្រូវបង្កើនការផលិតប្រេងសម្រាប់ខែមេសា ឬយ៉ាងណា។ ហើយកត្តាដ៏សំខាន់មួយទៀត ដែលនឹងរាំងស្ទះដល់ការសម្រេចចិត្តនេះ គឺពាក់ព័ន្ធនឹងផែនការដំឡើងពន្ធគយជាបន្តបន្ទាប់របស់លោក ត្រាំ ដែលអាចកាត់បន្ថយតម្រូវការប្រេង និងធ្វើឱ្យមានភាពស្មុគស្មាញដល់ទស្សនវិស័យបន្ថែមទៀត។
អ្នកវិភាគមួយចំនួននៅធនាគារ ម៉ូហ្កេន ស្តេនលី (Morgan Stanley) បាននិយាយថា ពួកគេរំពឹងថា ក្រុមប្រទេស OPEC+ នឹងបន្តកាត់បន្ថយផលិតកម្មប្រេងជាបន្តទៀត ហើយអ្នកវិភាគនៅក្រុមហ៊ុន RBC Capital Markets ក៏និយាយដែរថា ក្រុម OPEC+ អាចបន្តកាត់បន្ថយផលិតប្រេងរហូតដល់ឆមាសទីពីរឆ្នាំ២០២៥ ដោយសារការដាក់ទណ្ឌកម្ម និងភាពមិនច្បាស់លាស់នៃវិធានការពន្ធរបស់លោក ត្រាំ៕
អត្ថបទ៖ សុខ មង្គល