លោកស្រី សារ៉ា ឌូធឺតេ បាននិយាយដោយប្រើពាក្យធ្ងន់ៗថា លោកស្រីបានផ្ដាំផ្ញើនឹងឃាតករម្នាក់ និងបានណែនាំឃាតករនោះឱ្យសម្លាប់លោកប្រធានាធិបតី ម៉ាកូស និងភរិយា គឺលោកស្រី លីហ្សា អារ៉ាណេតា (Liza Araneta) ព្រមទាំងលោក រ៉ូម៉ូលដិស ផងដែរ ប្រសិនបើលោកស្រី សារ៉ា ត្រូវបានគេសម្លាប់នៅថ្ងៃណាមួយមែននោះ។
ទីប្រឹក្សាសន្តិសុខជាតិ របស់ហ្វីលីពីន លោក អេដវ៉ាដូ អាញ៉ូ (Eduardo Año) បាននិយាយថា រាល់ការគំរាមកំហែងណាមួយទៅលើអាយុជីវិតរបស់ប្រធានាធិបតី នឹងមានសុពលភាព និងចាត់ទុកថា ជាបញ្ហាសន្តិសុខជាតិ។
រដ្ឋាភិបាលបានចាត់ទុកការគំរាមកំហែងទាំងអស់ចំពោះប្រធានាធិបតីថា ជាទង្វើធ្ងន់ធ្ងរ និងបានប្តេជ្ញាថា នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងក្រុមអនុវត្តច្បាប់ និងក្រុមស៊ើបការណ៍ ដើម្បីស៊ើបអង្កេតអំពីការគំរាមកំហែងនេះ និងជនល្មើសដែលអាចកើតមាន។
លោកស្រី សារ៉ា ហាក់ខឹងសម្បារចំពោះការស៊ើបអង្កេតចំពោះលោកស្រី ដោយបានអះអាងថា ការគំរាមនេះ គឺគ្រាន់តែធ្វើឡើងក្នុងករណីដែល លោកស្រី ត្រូវបានគេសម្លាប់មុនតែប៉ុណ្ណោះ។ លោកស្រីបានបន្ថែមថា ទីប្រឹក្សាសន្តិសុខជាតិ មានតួនាទីជាអ្នកការពារអធិបតេយ្យភាពរបស់ហ្វីលីពីនទាំងមូល គឺមិនមែនសម្រាប់តែការពារគោលនយោបាយសម្រាប់រឿងនេះតែមួយនោះទេ។
លោកស្រី សារ៉ា ដែលជាកូនស្រីរបស់អតីតប្រធានាធិបតីហ្វីលីពីនលោក ឌូធឺតេ ក៏បានជំរុញ ឱ្យសមាជិកក្រុមប្រឹក្សាសន្តិសុខជាតិ ព្រមទាំងសាធារណជនទាមទារឱ្យមានតម្លាភាព និងគណនេយ្យភាពពីក្រុមប្រឹក្សានេះផងដែរ៕
អត្ថបទ៖ សុខ មង្គល