ការនាំចេញទំនិញកម្ពុជាទៅចិន

ការនាំចេញទំនិញកម្ពុជាទៅចិនកើនជាង ៥០% នៅ៨ខែឆ្នាំ២០២១


ការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ មិនបានបង្កការរំខានធ្ងន់ធ្ងរដល់ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា-ចិននោះទេ។ ជាក់ស្តែង កម្ពុជានាំចេញទំនិញទៅកាន់ទីផ្សារចិននៅរយៈពេល៨ខែក្នុងឆ្នាំ២០២១ នៅតែមានកំណើនជាង៥០% ខណៈការនាំចូលទំនិញពីចិនវិញក៏កើនឡើងជាង៣០%។ ប៉ុន្តែបើយើងក្រឡេកទៅមើលជញ្ជីងពាណិជ្ជកម្មរវាងប្រទេសទាំងពីរវាហាក់បីដូចជានៅតែផ្អៀងទៅខាងចិនហៅមិនលឺដដែល។
ការនាំចេញទំនិញរបស់កម្ពុជា
ដោយ

មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មបានគូសបញ្ជាក់ថា កត្តាដែលធ្វើឲ្យការនាំចេញរបស់កម្ពុជានៅតែរក្សាបាននូវកំណើន គឺដោយសារមានការលើកលែងពន្ធនាំចូល និងការជួយសម្របសម្រួលបែបបទផ្សេងៗពីចិន។ កត្តាតម្រូវការ ភូមិសាស្ត្រ និង ការដឹកជញ្ជូន ក៏រួមចំណែកជួយឲ្យការនាំចេញរបស់កម្ពុជាមានការកើនឡើងផងដែរ។

កម្ពុជាសម្រេចបានការនាំចេញទំនិញទៅកាន់ទីផ្សារចិនដែលមានទឹកប្រាក់ជិត១ពាន់លានដុល្លារអាមេរិកនៅរយៈពេល៨ខែក្នុងឆ្នាំ២០២១ មានការកើនឡើងជាង៥១% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ដែលមានទឹកប្រាក់ត្រឹមតែជាង៦រយលានដុល្លារអាមេរិកតែប៉ុណ្ណោះ។ ប៉ុន្តែបើយើងមើលទៅលើតួលេខនាំចូលពីចិនមកវិញនៅរយៈពេល៨ខែដូចគ្នាវិញ គឺខុសគ្នាដាច់ឆ្ងាយហៅមិនលឺបើធៀបនឹងការចេញរបស់កម្ពុជា ពោលគឺការនាំចូលទំនិញពីប្រទេសចិនមកកាន់កម្ពុជាមានទឹកប្រាក់ រហូតជាង៥ពាន់៩រយលានដុល្លារអាមេរិក កើនឡើងជាង៣០% បើធៀបនឹង៨ខែក្នុងឆ្នាំ២០២០ ដែលមានទឹកប្រាក់ជាង ៤ពាន់៤រយលានដុល្លារអាមេរិក។ គិតជារួមទំហំពាណិជ្ជកម្មកម្ពុជា-ចិននៅ៨ខែឆ្នាំនេះ មានជិត៦ពាន់៩រយលានដុល្លារអាមេរិក កើនឡើងជាង៣៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ឯកឧត្តម ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបង្ហាញកត្តាមួយចំនួន ដែលជំរុញឲ្យការនាំចេញរបស់កម្ពុជានៅតែអាចរក្សាកំណើនរបស់ខ្លួនទោះបីមានការរំខានអុកឡុកពីជំងឺរាតត្បាតកូវីដ-១៩។ កត្តាសំខាន់ៗទាំងនោះរួមមាន ការលើកលែងពន្ធនាំចូល, ការជួយសម្របសម្រួលពាណិជ្ជកម្ម និងបែបបទផ្សេងៗ និងការកើនឡើងតម្រូវការប្រើប្រាស់នៅប្រទេសចិនជាដើម។ 

ការទំនាក់ទំនងល្អរវាងភាគីទាំងពីរ ភាពអំណោយផលលើកត្តាភូមិសាស្ត្រ និងដឹកជញ្ជូន ក៏ជាកត្តារួមចំណែកជួយឲ្យការនាំចេញរបស់កម្ពុជាមានកំណើនផងដែរ។ អ្នកនាំពាក្យរូបនេះអះអាងថា ទំនិញច្រើនលើសលប់ ដែលកម្ពុជានាំចូលទៅទីផ្សារចិន ត្រូវបានលើកលែងពន្ធ តែក៏មានរបាំងបច្ចេកទេសមួយចំនួនផងដែរ ដែលកម្ពុជាកំពុងដោះស្រាយ។

ជុំវិញទៅនឹងការនាំចេញទៅកាន់ទីផ្សារចិននេះដែរ ឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករអះអាងថា ការនាំចេញអង្ករប្រណិតទៅកាន់ទីផ្សារចិននៅតែបង្ហាញសញ្ញាវិជ្ជមាន ទោះបីវិបត្តិកូវីដ-១៩ បានធ្វើឲ្យតម្លៃដឹកជញ្ជូនឡើងថ្លៃ និងកង្វះទូកុងតឺន័រក៏ដោយ។ ជាក់ស្តែង នៅ៨ខែក្នុងឆ្នាំ២០២១ ការនាំចេញអង្កររបស់កម្ពុជាទៅកាន់ទីផ្សារចិនមានការកើនឡើងក្នុងរង្វង់៤%។ ទន្ទឹមនឹងនេះ លោកឧកញ៉ា ក៏បានបង្ហាញពីគម្រោងពង្រីកទីផ្សារនាំចេញអង្ករទៅកាន់ទីផ្សារចិន ដើម្បីជួយស្តារទីផ្សារអង្កររបស់កម្ពុជា ដែលកំពុងជួបបញ្ហាក្នុងការនាំចេញទៅកាន់ទីផ្សារអឺរ៉ុបដោយសារបញ្ហាកង្វះទូកុងតឺន័រ និងតម្លៃដឹកជញ្ជូនឡើងថ្លៃខ្ពស់កប់ពពកផងដែរ។ 

តាមឯកឧត្តម ស៊ាង ថៃ ទំនិញដែលរួមចំណែកជួយឲ្យការនាំចេញរបស់កម្ពុជាមានការកើនឡើងរួមមានសម្លៀកបំពាក់ កសិផល អង្ករ គ្រឿងអេឡិចត្រូនិច ស្បែកជើង កាបូប ដំឡូងមី ម៉្សៅដំឡូងមី កៅស៊ូ និងកង់ជាដើម។ ខណៈទំនិញដែលកម្ពុជានាំចូលពីចិនរួមមានក្រណាត់ សម្ភារៈសំណង់ វាយនភ័ណ្ឌ គ្រឿងអេឡិចត្រូនិច ថ្នាំពេទ្យ ដែក ប្រេងម៉ាស៊ូត ថ្នាំសម្លាប់សត្វល្អិត គ្រឿងចក្រ គ្រឿងឧបភោគបរិភោគ រថយន្ត ជីកសិកម្ម ម៉ាស៊ីនភ្លើង ម៉ាស៊ីនត្រជាក់ និងទូរស័ព្ទ។

គួររំលឹកថា ការធ្វើពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន កាលពីឆ្នាំ២០២០ មានទំហំជាង៨ពាន់លានដុល្លារអាមេរិក ខណៈភាគីទាំងពីរប្តេជ្ញាថា នឹងជំរុញទំហំពាណិជ្ជកម្មឲ្យឈានដល់១០ពាន់លានដុល្លារនៅឆ្នាំ២០២៣ ខាងមុខនេះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


Metfone ដាក់ឲ្យប្រើលេខកូដ 1200 សម្រាប់អតិថិជនពិនិត្យនិងផ្ដាច់កញ្ចប់សេវាកម្មដែលមិនត្រូវការ

ព័ត៌មាន
មិត្តហ្វូន ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍និង ICT ឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា កាលពីពេលថ្មីៗនេះ បានប្រកាសដាក់ឲ្យអតិថិជនរបស់ខ្លួនប្…

អ្នកជំនាញសេដ្ឋកិច្ច៖ ទោះបីចំណូលពន្ធមានការថយចុះ ប៉ុន្ដែសេដ្ឋកិច្ចកម្ពុជានៅតែធន់

ព័ត៌មាន
ក្រុមអ្នកជំនាញសេដ្ឋកិច្ចបានអះអាងថា សេដ្ឋកិច្ចកម្ពុជានៅតែបន្ដរក្សាបាននូវភាពធន់របស់ខ្លួន បើទោះបីជា ត្រូវរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ-១៩ ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ