កំពូលមហាសេដ្ឋី អេឡិន ម៉ាស បានផ្តល់ថវិកាចំនួន១លានដុល្លារដល់អ្នកចូលរួមក្នុងការប្រមូលផ្តុំគ្នាមួយនៅទីក្រុងហារីស្ប៊ើក (Harrisburg) នៅរដ្ឋផេនស៊ីលវ៉េនៀ ដែលរៀបចំដោយក្រុមសកម្មភាពនយោបាយបង្កើតឡើងដោយនាយកប្រតិបត្តិក្រុមហ៊ុនថេស្លារូបនេះ ក្នុងបំណងគាំទ្របេក្ខជនបក្សសាធារណរដ្ឋលោក ដូណាល់ ត្រាំ ក្នុងការបោះឆ្នោតប្រធានាធិបតី នៅថ្ងៃទី៥ ខែវិច្ឆិកា ខាងមុខនេះ។
លោក សាភីរ៉ូ បាននិយាយក្នុងកម្មវិធី "Meet the Press" របស់ទូរទស្សន៍អាម៉េរិក NBC ថា ផែនការរបស់លោក ម៉ាស ក្នុងការផ្តល់ប្រាក់ដល់អ្នកបោះឆ្នោតដែលបានចុះឈ្មោះក្នុងរដ្ឋផេនស៊ីលវ៉េនៀនេះ គឺគួរឱ្យព្រួយបារម្ភយ៉ាងខ្លាំង ហើយវាជាអ្វីមួយដែលមន្ត្រីអនុវត្តច្បាប់អាចពិនិត្យមើលករណីនេះ។
លោក ម៉ាស បានប្រើប្រាស់ទ្រព្យសម្បត្តិដ៏វិសេសវិសាលរបស់លោកធ្វើជាជម្រើសចុងក្រោយបង្អស់ ដើម្បីជះឥទ្ធិពលដល់ការប្រកួតប្រជែងប្រធានាធិបតីដ៏តឹងតែងរវាងលោក ត្រាំ និងគូប្រជែងមកពីគណបក្សប្រជាធិបតេយ្យ គឺអនុប្រធានាធិបតី កាម៉ាឡា ហារីស ហើយរដ្ឋផេនស៊ីលវ៉េនៀនេះ គឺជារដ្ឋដ៏សំខាន់ដែលបេក្ខជនទាំងពីរត្រូវការឈ្នះរៀងៗខ្លួន៕
អត្ថបទ៖ សុខ មង្គល