វិស័យពាណិជ្ជកម្ម

មន្ត្រីជាន់ខ្ពស់អាម៉េរិក និងចិន ជួបគ្នានៅទីក្រុងប៉ារីស ដើម្បីបន្ធូរកម្ដៅសង្គ្រាមពាណិជ្ជកម្ម


ក្រសែភ្នែកពិភពលោកកំពុងសម្លឹងមកកាន់ទីក្រុងប៉ារីស ដែលជាទីតាំងមន្ត្រីសេដ្ឋកិច្ចជាន់ខ្ពស់បំផុតរបស់មហាអំណាយក្សទាំងពីរ គឺអាម៉េរិក និងចិន ជួបចរចាពាក់ព័ន្ធនឹងជម្លោះពាណិជ្ជកម្ម។ ជំនួបដ៏សំខាន់នេះ មិនត្រឹមតែធ្វើឡើងដើម្បីដោះស្រាយបញ្ហាជម្លោះពាណិជ្ជកម្មដ៏រ៉ាំរ៉ៃប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបោសសម្អាតផ្លូវសម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ទៅកាន់ទីក្រុងប៉េកាំង ដើម្បីជួបពិភាក្សាផ្ទាល់ជាមួយប្រធានាធិបតី ស៊ី ជីនពីង នៅចុងខែមីនានេះ។
វិស័យពាណិជ្ជកម្ម
ដោយ

យោងតាមទីភ្នាក់ងារព័ត៌មាន Reuters កិច្ចពិភាក្សាដែលពោរពេញដោយសម្ពាធនេះ ដឹកនាំដោយផ្ទាល់ដោយលោក ស្កុត បេសសេន (Scott Bessent) រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាម៉េរិក និងលោក ហឺ លីហ្វឹង (He Lifeng) ឧបនាយករដ្ឋមន្ត្រីចិន។ របៀបវារៈសំខាន់ៗ ដែលត្រូវបានលើកមកដេញដោលរួមមានការកែសម្រួលពន្ធគយ ការផ្គត់ផ្គង់រ៉ែកម្រ និងមេដែកយុទ្ធសាស្ត្រពីចិន ការរឹតត្បិតបច្ចេកវិទ្យាកម្រិតខ្ពស់របស់អាម៉េរិក និងការបង្កើនការទិញផលិតផលកសិកម្មពីសហរដ្ឋអាម៉េរិក។

ភាគីទាំងពីរបានជ្រើសរើសទីស្នាក់ការកណ្តាលនៃអង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ (OECD) ក្នុងទីក្រុងប៉ារីស ជាកន្លែងតតាំងមតិគ្នា។ លោក ចេមីសុន ហ្គ្រៀ (Jamieson Greer) តំណាងពាណិជ្ជកម្មអាម៉េរិក បានបញ្ជាក់ថា នេះ គឺជាការបន្តកិច្ចខិតខំប្រឹងប្រែងពីបណ្តាជំនួបនៅអឺរ៉ុប កាលពីឆ្នាំមុន ដើម្បីទប់ស្កាត់កុំឱ្យទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសយក្សទាំងពីរធ្លាក់ក្នុងជ្រោះមហន្តរាយ។

ទោះជាយ៉ាងណា អ្នកវិភាគមើលឃើញថា ឱកាសនៃការទទួលបានលទ្ធផលផ្លែផ្កាធំដុំហាក់នៅមានកម្រិតនៅឡើយ ដោយសាររដ្ឋបាលក្រុងវ៉ាស៊ីនតោន កំពុងជាប់ដៃយ៉ាងខ្លាំងក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់។ យ៉ាងណាក៏ដោយ កិច្ចចរចានេះនឹងពិនិត្យឡើងវិញនូវវឌ្ឍនភាព នៃកិច្ចព្រមព្រៀងក្រុងប៊ូសាន កាលពីខែតុលា ឆ្នាំ២០២៥ ដែលកាលនោះមហាអំណាចទាំងពីរបានព្រមព្រៀងគ្នាកាត់បន្ថយពន្ធនាំចូល និងផ្អាកការដាក់បញ្ជីខ្មៅលើក្រុមហ៊ុនបច្ចេកវិទ្យាចិនជាបណ្តោះអាសន្ន។

ឆ្នាំ២០២៦ នេះ អាចជាឆ្នាំ នៃរបត់ថ្មី ដ្បិតលោក ត្រាំ និងលោក ស៊ី គ្រោងនឹងជួបគ្នាផ្ទាល់រហូតដល់ទៅ៣លើក រួមមានជំនួបនៅប៉េកាំង នាពេលឆាប់ៗនេះ កិច្ចប្រជុំកំពូល APEC នៅចិនក្នុងខែវិច្ឆិកា និងកិច្ចប្រជុំ G20 ដែលសហរដ្ឋអាម៉េរិកធ្វើជាម្ចាស់ផ្ទះក្នុងខែធ្នូ។ ពិភពលោកសង្ឃឹមថា ជំនួបបន្តបន្ទាប់នេះ នឹងនាំមកនូវស្ថិរភាពសេដ្ឋកិច្ចសកលឡើងវិញ៕

អត្ថបទៈ សួន ឡង់ទី​




អត្ថបទបន្ទាប់


លោក ត្រាំ ព្រមានណាតូពីអនាគតដ៏អាក្រក់ និងដាក់សម្ពាធឱ្យចិនជួយបើកច្រកសមុទ្រហ័រម៉ូស

ភាពជាប់គាំងនៅច្រកសមុទ្រហ័រម៉ូ ដែលត្រូវបានអ៊ីរ៉ង់ចាក់សោ ក្រោយរងការវាយប្រហារពីសហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តអ៊ីស្រាអែលកាលពីចុងខែកុម្ភៈ ប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ