វិស័យសេដ្ឋកិច្ច

តើសង្គ្រាមនៅមជ្ឈិមបូព៌ា ដែលកំពុងអង្រួនខ្សែច្រវាក់ផ្គត់ផ្គង់សកល អាចធ្វើឱ្យប៉ះពាល់ដល់វិស័យផលិតកម្ម និងសេដ្ឋកិច្ចកម្ពុជា យ៉ាងណាដែរ?


សហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល បានពួតដៃគ្នាវាយប្រហារយ៉ាងចាស់ដៃលើប្រទេសអ៊ីរ៉ង់ បណ្តាលឲ្យសេដ្ឋកិច្ចពិភពលោកទាំងមូលកំពុងស្ថិតនៅមាត់ជ្រោះនៃការធ្លាក់ចូលក្នុងវិបត្តិ ដោយសារឥទ្ធិពល នៃការកើនឡើងតម្លៃប្រេងសកល។ ភាពរង្គោះរង្គើ នៃតម្លៃប្រេងសកលមិនត្រឹមតែជាក្តីបារម្ភរបស់ប្រទេសមហាអំណាចនោះទេ ប៉ុន្តែវាកំពុងជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងមកលើប្រទេសកម្ពុជា ដែលជាប្រទេសនាំចូលប្រេង និងឧស្ម័នទាំងស្រុង ហើយជាពិសេសវាថែមទាំងជះផលប៉ះពាល់លើវិស័យពាណិជ្ជកម្ម និងប្រព័ន្ធឡូជីស្ទីកផងដែរ។
វិស័យសេដ្ឋកិច្ច
ដោយ

លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជាបានវាយតម្លៃថា ប្រសិនបើសង្គ្រាមដ៏ក្តៅគគុកនៅតំបន់មជ្ឈិមបូព៌ារវាងសហរដ្ឋអាម៉េរិក-អ៊ីស្រាអែលជាមួយអ៊ីរ៉ង់ នៅតែបន្តឡើងកម្តៅ និង​អូសបន្លាយពេលយូរ នោះប្រាកដណាស់ វានឹងជំរុញច្រានឱ្យតម្លៃទីផ្សារប្រេងរបស់ពិភពលោកបន្តហក់ឡើងខ្ពស់ថែមទៀត ដែលអាចធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចសកល។ អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា តាមរយៈបញ្ហានេះ ចង់ ឬមិនចង់ វានឹងជះផលប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្ម និងខ្សែច្រវាក់ផលិតកម្មសកល រួមទាំងកម្ពុជា ដែលជាប្រទេសពឹងផ្អែកទាំងស្រុងលើការនាំចូលថាមពល និងការនាំចេញផលិតផលទៅកាន់ទីផ្សារអន្តរជាតិ ផងដែរ។

​ជាមួយគ្នានេះ​ ឧកញ៉ា ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុនឡាញហល អិចប្រេស បានគូសបញ្ជាក់ថា បញ្ហាសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ានេះ ប្រាកដណាស់វានឹងប៉ះពាល់ដល់ការដឹកនាំជញ្ជូន និងការធ្វើពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់កម្ពុជា ដ្បិតថា ការដោះដូរពាណិជ្ជកម្មរបស់កម្ពុជាភាគច្រើនត្រូវបានធ្វើឡើងតាមរយៈផ្លូវទឹក។ អ្នកជំនាញរូបនេះបានព្រមានថា តម្លៃដឹកជញ្ជូនអាចនឹងកើនឡើងយ៉ាងហោចណាស់ប្រមាណ ១៥% ប្រសិនបើជម្លោះនេះអាចបញ្ចប់ទៅវិញលឿន ហើយវាអាចហក់ឡើងដល់ ៥០%ទៅ១០០% ប្រសិនបន្តអូសបន្លាយពេលយូរ និងរីករាលដាលកាន់តែធំ។

​ជាមួយគ្នានេះ លោកបណ្ឌិត ជ័យ តិច អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចសង្គម បានគូសបញ្ជាក់ថា ការប្រយុទ្ធគ្នារវាងប្រទេសសម្ពន្ធមិត្តរបស់អ៊ីស្រាអែលជាមួយអ៊ីរ៉ង់នាពេលនេះ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ខ្សែច្រវាក់ដឹកជញ្ជូនសកល ក្រោយកកស្ទះការផ្គត់ផ្គង់ថាមពលពិភពលោក និងតម្លៃប្រេងហក់ឡើងខ្ពស់។ លោកបណ្ឌិតបានអះអាងថា ការរអាក់រអួល នៃចរន្តថាមពល និងតម្លៃប្រេងដែលហក់ឡើងខ្ពស់កប់ពពក នឹងរុញច្រានពិភពលោកឱ្យធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចសកល។ សម្រាប់កម្ពុជា ផលប៉ះពាល់នឹងស្តែងចេញតាមរយៈការឡើងថ្លៃទំនិញប្រើប្រាស់ និងការយឺតយ៉ាវ នៃខ្សែច្រវាក់ផលិតកម្មក្នុងស្រុក ដែលអាចប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចជាតិទាំងមូល។

​គួរបញ្ជាក់ថា ច្រកសមុទ្រហ័រម៉ូស គឺជាដង្ហើមសេដ្ឋកិច្ចដ៏សំខាន់ដោយប្រេងឆៅប្រមាណ២០%របស់ពិភពលោកត្រូវបានដឹកជញ្ជូនតាមយុទ្ធសាស្ត្រនេះ។ ការបិទច្រកនេះភ្លាមៗបានធ្វើឱ្យតម្លៃប្រេងស្ទុះឡើងជាង១០% រួចទៅហើយ ហើយអ្នកជំនាញព្យាករថា វានឹងអាចឡើងដល់១០០ដុល្លារក្នុងមួយបារ៉ែលក្នុងពេលឆាប់ៗនេះ បើសភាពការណ៍នៅតែតានតឹង។ នេះគឺជាសញ្ញាអាសន្ន ដែលកម្ពុជា ត្រូវតែតាមដានដោយយកចិត្តទុកដាក់បំផុត៕




អត្ថបទបន្ទាប់


តើប្រទេសតូចៗដូចកម្ពុជា គួរត្រៀមខ្លួន និងសម្របខ្លួនបែបណាខ្លះ ដើម្បីរស់រានក្នុងរបត់នយោបាយពិភពលោកដ៏គ្រោះថ្នាក់ដូចបច្ចុប្បន្ន?

សង្រ្គាមនៅមជ្ឈិមបូព៌ា ដែលផ្ទុះឡើងដោយសារការវាយប្រហាររួមគ្នារបស់អាម៉េរិក និងអ៊ីស្រាអែលទៅលើប្រទេសអ៊ីរ៉ង់ កំពុងក្លាយជាគ្រោះរញ្ជួយដីនយោបាយ ដ…

ធនាគារប្រ៊ីដ ទទួលពានរង្វាន់អន្តរជាតិពីស្ថាប័ន Visa សម្រាប់សមិទ្ធផលឆ្នើមឆ្នាំ ២០២៥

ធនាគារប្រ៊ីដដែលជាធនាគារពាណិជ្ជក្នុងស្រុកផ្តល់ជូនសេវាហិរញ្ញវត្ថុគ្រប់ប្រភេទមានមោទនភាពក្នុងការប្រកាសនូវការទទួលបានពានរង្វាន់កិត្តិយស Leaders…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ