
ពាក់ព័ន្ធបញ្ហាទំនិញថៃសល់នៅក្នុងស្តុកនេះ មានអ្នកខ្លះជំរុញឱ្យកម្ទេចចោល អ្នកខ្លះឱ្យយកទៅកែច្នៃធ្វើអ្វីផ្សេង ហើយអ្នកខ្លះលើកទឹកចិត្តឱ្យបន្តដាក់លក់ជាមួយការបញ្ចុះតម្លៃ ក្រែងប្រមូលដើមទុនបានមកវិញខ្លះ។ តើអ្នកលក់ដែលសល់ទំនិញក្នុងស្តុកគួរកម្ទេចចោល ឬបន្តដាក់លក់ឱ្យអស់ពីស្តុកឈប់នាំចូលឬយ៉ាងណា?
លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចបានលើកឡើងថា ចលនាធ្វើពហិការមិនប្រើប្រាស់ទំនិញថៃរបស់ពលរដ្ឋខ្មែរបច្ចុប្បន្នកើតចេញពីឆន្ទៈស្នេហាជាតិមិនមែនកើតចេញពីច្បាប់ ឬការបង្ខិតបង្ខំណាមួយនោះឡើយ។ ដូច្នេះការបញ្ជាទិញទំនិញរបស់ថៃក្រោយកើតមានសង្គ្រាមថៃចូលឈ្លានពានខ្មែរពីសំណាក់ពាណិជ្ជករខ្មែរមួយចំនួន ចង់ ឬមិនចង់ពួកគេអាចប្រឈមនឹងការកកស្ទះទំនិញ ព្រោះមិនអាចបញ្ចេញលក់បាន ដោយសារពលរដ្ឋនាំគ្នាធ្វើពហិការមិនប្រើប្រាស់។ តែយ៉ាងណាពាណិជ្ជករត្រូវធានាឱ្យបានច្បាស់ចំពោះមុខអតិថិជនថា ទំនិញរបស់ពួកគេទាំងនោះពិតជាទំនិញនៅសល់ក្នុងស្ដុកចាស់មិនមែនទំនិញទើបនាំចូល ដើម្បីជៀសវាងលក់បោកប្រាស់ទំនុកចិត្តរបស់ពលរដ្ឋ។
ជាមួយគ្នានេះលោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាយល់ឃើញថា ស្របពេលចលនាធ្វើពហិការមិនប្រើប្រាស់ទំនិញថៃរបស់ពលរដ្ឋខ្មែរកំពុងផុសផុល មិនមានអ្នកណាម្នាក់អាចបង្ខំឱ្យពលរដ្ឋជួយបញ្ជាទិញទំនិញថៃដែលនៅសល់ស្ដុកចាស់បាននោះទេ ព្រោះការទិញ ឬមិនទិញវាអាស្រ័យលើការសម្រេចចិត្តរបស់ពលរដ្ឋ។ តែយ៉ាងណាអ្នកជំនាញរូបនេះវាយតម្លៃថា ទំនិញថៃដែលនៅសល់ក្នុងស្តុកទំនងជាមានមិនច្រើននោះទេ ដោយសារសង្គ្រាមឈ្លានពានរបស់ថៃមកលើកម្ពុជាបានកន្លងផុតជាច្រើនខែមកហើយ ដែលទាមទារឱ្យអាជីករដែលលក់ទំនិញថៃត្រូវមានសុចរិតភាព និងកុំលក់ទំនិញទើបនាំចូលថ្មីបន្លំធ្វើជាទំនិញចាស់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់ទឹកចិត្តរបស់ពលរដ្ឋ។
ពាកព័ន្ធបញ្ហានេះដែរសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានគូសបញ្ជាក់ថា មានប្រជាជនកម្ពុជាច្រើនណាស់ ដែលធ្វើពហិការមិនប្រើប្រាស់ទំនិញថៃមានស្ទើរតែ៩៩%ទៅហើយមិនថា ប្រជាជននៅក្នុងប្រទេស ឬនៅក្រៅប្រទេសនោះទេ។ ប៉ុន្តែសម្តេចតេជោ បានសង្កត់ធ្ងន់ថា ចំណោទបញ្ហានៅត្រង់អាជីវករលក់ដូរ ដែលមានទំនិញថៃនៅសល់ តើឲ្យពួកគេយកទៅណា? ដុតបំផ្លាញចោល ឬបន្តលក់ ដើម្បីប្រមូលដើមទុនមកវិញ?
សម្រាប់សម្តេចតេជោ គាំទ្រឱ្យអាជីវករបន្តលក់ទំនិញចាស់ឲ្យអស់ពីស្តុក តែមិនត្រូវនាំចូលទំនិញថ្មីមកបន្ថែមទៀតនោះទេ ហើយសូមកុំឲ្យមានឈ្មោះថាទំនិញចាស់លក់មិនចេះអស់ តែវាជាទំនិញនាំចូលថ្មីមកបោកអតិថិជន។ ជាមួយគ្នានេះ សម្តេចតេជោ លើកទឹកចិត្តឱ្យអ្នកទិញគួរពិនិត្យមើលឱ្យបានល្អិតល្អន់ ថាតើជាទំនិញចាស់ ឬទំនិញថ្មី? ព្រោះទំនិញមានកាលកំណត់របស់វា។ ទន្ទឹមនឹងនេះសម្តេចតេជោ ជំរុញឱ្យក្រុមហ៊ុន សហគ្រាសក្នុងស្រុកខិតខំផលិតទំនិញក្នុងស្រុក និងស្នើឱ្យពលរដ្ឋជួយទិញផលិតផលក្នុងស្រុក ដើម្បីជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។
បើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ការធ្វើពហិការមិនប្រើប្រាស់ទំនិញថៃរបស់ពលរដ្ឋខ្មែរធ្វើឡើងក្រោមរូបភាពស្ម័គ្រចិត្ត មិនមែនជាវិធានការរបស់រដ្ឋាភិបាលនោះទេ ព្រោះកម្ពុជាគោរពតាមគោលការណ៍ច្បាប់ នៃការធ្វើពាណិជ្ជកម្មទាំងក្នុងអាស៊ាន និងអន្តរជាតិ ដែលមិនអាចហាមឃាត់ពាណិជ្ជករនាំចូលផលិតផលថៃមកចែកចាយលក់បន្តនោះទេ។ តែយ៉ាងណា ការសម្រេចចិត្តប្រើឬមិនប្រើនោះអាស្រ័យលើពលរដ្ឋជាអ្នកបញ្ជាទិញ។ គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបិទការនាំចូលទំនិញរបស់ថៃចំនួន៣មុខរួមមានបន្លែ ផ្លែឈើ និងប្រេងឥន្ធនៈ ដើម្បីជាការឆ្លើយតបចំពោះការបិទច្រកព្រំដែនដោយឯកតោភាគីរបស់យោធាថៃ៕
អត្ថបទដោយ៖ ជា ម៉ារ៉ា