លោកស្រី តាំង ហួរ អនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានចាត់ទុកការធ្វើទស្សនកិច្ចរបស់ប្រតិភូសមាគមកាលពីពេលថ្មីៗនេះមិនត្រឹមតែផ្សព្វផ្សាយពីសក្តានុពលនៃវិស័យអចលនទ្រព្យនៅក្នុងខេត្តសៀមរាបប៉ុណ្ណោះទេ តែថែមទាំងជួយផ្សព្វផ្សាយពីវប្បធម៌ និងតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រនៅក្នុងខេត្តនេះ ប៉ុន្តែដំណើរទស្សនកិច្ចនេះ ក៏បានចូលរួមផ្សព្វផ្សាយនូវតំបន់សំខាន់ៗផ្សេងទៀតក្នុងប្រទេសកម្ពុជា ផងដែរ។គោលបំណងនៃបេសកកម្មនេះ គឺដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការទាក់ទាញអ្នកវិនិយោគបរទេសឱ្យមកបោះទុនវិនិយោគឱ្យបានកាន់តែច្រើនបន្ថែមទៀត សំដៅជួយលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចនិយាយដោយឡែក និងសេដ្ឋកិច្ចទាំងមូលនិយាយជារួម។
ដោយឡែកពាក់ព័ន្ធនឹងទីផ្សារអចលនទ្រព្យឯណោះវិញ ឧកញ៉ា ចេង ខេង សមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាកត់សម្គាល់ឃើញថា នៅមួយរយៈចុងក្រោយនេះ ការអភិវឌ្ឍគម្រោងវិនិយោគនានាហាក់មានសកម្មភាពឡើងវិញ ហើយតម្រូវការផ្នែកអចលនវត្ថុក៏មានសកម្មភាពបណ្ដើរៗផងដែរ។ ដើម្បីការពារផលប្រយោជន៍របស់អថិជន ក៏ដូចជារក្សាកេរ្តិ៍ឈ្មោះរបស់ខ្លួន អ្នកជំនាញរូបនេះ ស្នើឱ្យអ្នករកស៊ី ក៏ដូចជាអភិវឌ្ឍន៍ក្នុងវិស័យអចលនវត្ថុត្រូវប្រកាន់ភ្ជាប់នូវគោលការណ៍វិជ្ជាជីវៈ និងគោរពច្បាប់ឱ្យបានត្រឹមត្រូវតាមរយៈការចុះបញ្ជី ឬស្នើសុំអាជ្ញាប័ណ្ណពីនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ។
ស្រដៀងគ្នានេះ លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានលើកឡើងថា ការគោរពច្បាប់នៅក្នុងវិស័យអចលនទ្រព្យ គឺជាការកសាងទីផ្សារមួយដើម្បីផ្ដល់ទំនុកចិត្តនិងទាក់ទាញអ្នកវិនិយោគ។ សម្រាប់អ្នកជំនាញរូបនេះ ការផ្ដល់សេវាកម្មអចលនទ្រព្យ ដែលគ្មានវិជ្ជាជីវៈ និងត្រឹមត្រូវតាមច្បាប់ វានឹងធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តអ្នកវិនិយោគ និងអ្នករកស៊ីដែលមានវិជ្ជាជីវៈដែលមានការទទួលស្គាល់ពីស្ថាប័នជំនាញ។
បើតាមការអះអាងរបស់លោក សន សៀប ឱកាសវិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជានៅតែមានសក្ដានុពលខ្ពស់ ខណៈបច្ចុប្បន្នហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនមានភាពល្អប្រសើរ ហើយគម្រោងអភិវឌ្ឍន៍នានា ក៏មានជាបន្តបន្ទាប់ ដែលជាឱកាសល្អសម្រាប់តម្រូវការដីធ្លី និងវិស័យអចលនទ្រព្យ៕
អត្ថបទ៖ បូ ដូឡា, រូបភាព តែន ចិន