សារព័ត៌មានអាមេរិកធំៗដូចជា CNN បានរាយការណ៍ថា អ្នកដែលត្រូវបានគេអះអាងថា បាននិងកំពុងតែរងនូវបណ្តឹងពីភាគហ៊ុននិករបស់ធនាគារ Silicon Valley រូមមានក្រុមហ៊ុនហិរញ្ញវត្ថុ Silicon Valley Group ដែលជាស្ថាបនិកធនាគារ Silicon Valley, លោក Greg Becker នាយកប្រតិបត្តិ Silicon Valley ព្រមទាំង លោក Daniel Beck ត្រូវ ប្រធានផ្នែកហិរញ្ញវត្ថុរបស់ធនាគារនេះផងដែរ។
ប្រភពបានឲ្យដឹងថា ពាក្យបណ្តឹងត្រូវបានគេដាក់នៅតុលាកាសហព័ន្ធនាទីក្រុង California ដែលជាមូលដ្ឋានធំរបស់ធនាគារនេះ ដោយចោទប្រកាន់អ្នកដែលពាក់ព័ន្ធពីបទលាក់បាំងព័ត៌មានដែលគេគិតថា វាកើតឡើងតាំងតែពីថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១០ ខែ មីនា ឆ្នាំ២០២៣កន្លងទៅថ្មីៗនេះ ។
ប្រភពដដែលបានបន្ថែមថា ធនាគារនេះបានតស៊ូដំណើរការតាំងពីពេល ដែលគេសង្ស័យរហូតដល់កើតមានករណីសម្រុកដកប្រាក់បញ្ញើ ដែលធ្វើឡើងដោយម្ចាស់ប្រាក់បញ្ញើភាគច្រើនយ៉ាងគំហុង នៅក្នុងខែ មីនា ។
នៅមុនពេលបិទទ្វារធនាគារនេះបានប្រកាសថា ខ្លួនបានប្រឈមមុខនឹងការខាតបង់ដែលមាន សាច់ប្រាក់រហូតដល់ទៅជិត២ ពាន់លានដុល្លារ ដោយរួមទាំងបញ្ហាទាក់ទងនឹងពន្ធ ហើយបានប៉ុនបងបង្កើនទុនមកវិញ ប៉ុន្តែក៏ត្រូវបានទទួលរងនូវរលកនៃកំណើនការដកប្រាក់ដ៏ សន្ធឹកសន្ធាប់ពីអ្នកដែលដាក់ប្រាក់បញ្ញើនានាដូចទឹកបាក់ទំនប់ រហូតដល់ទប់លែងជាប់ ក៏ប្រកាសក្ស័យធនតែម្ដងទៅ។
Silicon Valley ត្រូវបានគេដឹងថា គឺជាធនាគារអាមេរិកដ៏ធំដំបូងគេមួយ ដែលដួលរលំចាប់តាំងពីវិបត្តិហិរញ្ញវត្ថុកាលពីឆ្នាំ២០០៨ កន្លងមក ។
ការដួលរលំរបស់ធនាគារនេះកំពុងតែ បង្កឱ្យមានការភ័យខ្លាចដល់សាធារណជននានាក្នុងចំណោមអ្នកដែលដាក់ប្រាក់បញ្ញើផ្សេងនៅសហរដ្ឋអាមេរិក ។
លោក Chandra Vanipenta ដែលជាភាគហ៊ុននិករបស់ធនាគារនេះ បាននិយាយថា Silicon Valley បានបរាជ័យក្នុងការបង្ហាញពីរបៀបដែលការបង្កើនអត្រាការប្រាក់ ហើយក៏មានកំហុស ធ្វើឱ្យខូចគំរូអាជីវកម្មរបស់ខ្លួន រហូតដល់ធ្វើឲ្យបញ្ហារីករាលដាលធំកែលែងបាន៕
អត្ថបទ ៖ សរ សុជាតិ