បច្ចុប្បន្នក្រុមហ៊ុនផលិតគ្រឿងម៉ាស៊ីនមួយចំនួននៅក្នុងប្រទេសសិង្ហបុរី កំពុងចាប់ផ្តើមផលិតមនុស្សយន្តជាមួយដើមទុនតិចៗ សម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារសកល។ ក្នុងចំណោមក្រុមហ៊ុនទាំងនោះ ក្រុមហ៊ុន Lionsbot បានប្រើទុនប្រមាណជា៨លានដុល្លារប៉ុណ្ណោះ ដើម្បីពង្រីកខ្សែច្រវាក់ផលិតកម្មមនុស្សយន្តរបស់ខ្លួនឱ្យដល់៤ពាន់គ្រឿងក្នុង១ឆ្នាំ។ ផលិតកម្មមនុស្សយន្តដែលក្រុមហ៊ុននេះកំពុងដំណើរការ គឺមានតាំងពីមនុស្សយន្តសម្រាប់បម្រើឱ្យការសម្អាតរហូតដល់បម្រើនៅតាមរោងចក្រឧស្សាហកម្មផ្សេងៗ។
លោក ឌីឡាន ង៉ (Dylan Ng) នាយកប្រតិបត្តិក្រុមហ៊ុននេះ បានអះអាងថា នៅពេលនេះក្រុមហ៊ុនកំពុងតែសម្លឹងទីផ្សារនៅអាស៊ី ដូចជាសិង្ហបុរី និងជប៉ុន ហើយអាចពង្រីករហួតដល់សហរដ្ឋអាម៉េរិក និងអឺរ៉ុប។ ក្រុមហ៊ុននេះសង្ឃឹមថា ខ្លួននឹងអាចលក់មនុស្សយន្តបានរហូតដល់២ពាន់គ្រឿងនៅឆ្នាំនេះ ដែលនឹងជួយបង្កើនប្រាក់ចំណូលប្រចាំឆ្នាំរបស់ខ្លួនទ្វេដង បើធៀបនឹងឆ្នាំមុន រហូតដល់យ៉ាងហោចណាស់៣០លានដុល្លារ។
ចាប់តាំងពីឆ្នាំ២០១៨ មក ក្រុមហ៊ុន Lionsbot បានបង្កើត និងផលិតមនុស្សយន្តសម្អាតសម្រាប់ការិយាល័យតូចៗ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងរោងចក្រឧស្សាហកម្មធំៗ ដូចជាព្រលានយន្តហោះ ឃ្លាំង សារមន្ទីរ និងមន្ទីរពេទ្យជាច្រើន ដោយមនុស្សយន្តបែបនេះ មានតម្លៃចន្លោះពី២ម៉ឺន៥ពាន់ទៅ៩ម៉ឺនដុល្លារ។
ក្រៅពីក្រុមហ៊ុននេះនៅមានក្រុមហ៊ុន Eureka Robotics មួយទៀតដែលបានប្រកាសរួមហ៊ុនជាមួយនឹងក្រុមហ៊ុនផលិតសំបកកង់ជប៉ុន Bridgestone ជប៉ុន ដើម្បីរួមគ្នាអភិវឌ្ឍន៍ដំណើរការផលិតកម្មមនុស្សយន្តសម្រាប់បម្រើការលើកដាក់ទំនិញនៅតាមឃ្លាំង។ កាលពីខែមីនា កន្លងទៅនេះ រដ្ឋាភិបាលសិង្ហបុរី បានប្រកាសបន្ថែមទុនប្រមាណ៤៤លានដុល្លារ ដើម្បីជួយផ្នែកបណ្តុះបណ្តាលកម្មវិធីមនុស្សយន្តជាតិ ខណៈតាំងពីឆ្នាំ២០១៦ មករដ្ឋាភិបាលរបស់ប្រទេសនេះ បានទម្លាក់ទឹកបា្រក់រហូតដល់ទៅ៣៣២លានដុល្លារ សម្រាប់គាំទ្រគម្រោងជាង៤០។
គួរបញ្ជាក់ថា ចិនកំពុងនាំមុខគេក្នុងឧស្សាហកម្មផលិតមនុស្សយន្តនេះ ដោយបច្ចុប្បន្នមហាអំណាចសេដ្ឋកិច្ចធំបំផុតទីពីរលើពិភពលោកមួយនេះកំពុងក្តោបចំណែកទីផ្សារមនុស្សយន្តរបស់ពិភពលោករហុតដល់៤២% ជាមួយសមត្ថភាពផលិតប្រមាណ៥៥ម៉ឺនគ្រឿងក្នុង១ឆ្នាំ៕
ដោយៈ សរ សុជាតិ