ការស្ទង់មតិមួយបានរកឃើញថា ជិតពាក់កណ្ដាលនៃពលរដ្ឋសិង្ហបុរី ពោលគឺក្នុងចំណោមពលរដ្ឋសិង្ហបុរី៥នាក់ មានលើសពី២នាក់ហើយដែលនិយាយទាំងអស់សង្ឃឹមថា គ្មានថ្ងៃដែលពួកគេអាចសម្រេចគោលដៅសេរីភាពហិរញ្ញវត្ថុនោះឡើយ បើផ្អែកលើស្ថានភាពបច្ចុប្បន្នរបស់ពួកគេ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Straits Times។
ក្នុងចំណោមមនុស្ស៣ពាន់នាក់ ដែលត្រូវបានស្ទង់មតិ មាន២៩% និយាយថា ពួកគេនឹងអាចទទួលបានសេរីភាពហិរញ្ញវត្ថុ ខណៈដែល២៧%ផ្សេងទៀតនិយាយថា ពួកគេបានទទួលបានសេរីភាពហិរញ្ញវត្ថុរួចហើយ ចំណែកឯ៤៤%ទៀតនិយាយថា ពួកគេនឹងមិនអាចទទួលបានសេរីភាពហិរញ្ញវត្ថុនោះឡើយ។
ហេតុផលចម្បង៣ ដែលពួកគេលើកឡើងធ្វើឱ្យពួកគេមិនអាចទទួលបានសេរីភាពផ្នែកហិរញ្ញវត្ថុ គឺប្រាក់ចំណូលមិនគ្រប់គ្រាន់ ស្ថានភាពផ្ទាល់ខ្លួន ឬស្ថានភាពសុខភាព ដែលមិនអាចដឹងមុន និងអសន្តិសុខការងារ។
លទ្ធផលនៃការស្ទង់មតិនេះ គឺជាផ្នែកមួយនៃសន្ទស្សន៍សេរីភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនធានារ៉ាប់រង Singlife។ លទ្ធផលនៃសន្ទស្សន៍នេះត្រូវបានប្រមូលតាមរយៈការស្ទង់មតិតាមអ៊ីនធឺណិតលើពលរដ្ឋសិង្ហបុរី និងអ្នករស់នៅអចិន្ត្រៃយ៍ក្នុងប្រទេសនេះដែលមានអាយុពី១៨ឆ្នាំ ដល់៦៥ឆ្នាំ សរុបចំនួន៣ពាន់នាក់ចាប់ពីខែមេសា ដល់ខែមិថុនា ក្នុងឆ្នាំ២០២៤។
សេរីភាពហិរញ្ញវត្ថុ (Financial Freedom) មានន័យថា ការមានប្រាក់ចំណូលគ្រប់គ្រាន់រួមមានទាំងប្រាក់សន្សំ និងការវិនិយោគផង ដើម្បីរស់នៅក្នុងជីវិតសុខស្រួលដែលអ្នកចង់បានដោយមិនខ្វល់ពីរឿងខ្វះខាតលុយកាក់ និងដោយមិនពឹងផ្អែកលើការងារ៕
ដោយ: តែម សុខុម