អាជ្ញាធរវៀតណាម នៅទីក្រុងធំៗរូមទាំងទីក្រុងហាណូយ បានដាក់គោលដៅអភិវឌ្ឈន៍ទីក្រុងឲ្យក្លាយជាទីក្រុងឆ្លាត ដោយដាក់ចេញនូវគោលនយោបាយជំរុញការធ្វើបដិវត្តន៍កម្មសេវាកម្ម និងកម្មវិធីនានាទៅជាឌីជីថល និងបច្ចេកវិទ្យាពីឆ្នាំ២០២៥ ដល់ឆ្នាំ២០៣០ ប៉ុន្តែគោលដៅនេះកំពុងតែជួបបញ្ហា។
លោក ជុង ជៀប៊ិញ ( Truong Gia Binh) ប្រធានក្រុមប្រឹក្សាស្ថាបនិករបស់ VINASA ដែលជាស្ថាប័នបច្ចេកវិទ្យាមួយនៅវៀតណាម បាននិយាយថា សហគ្រាសសារជីវកម្មប្រព័ន្ធទូរគមនាគមន៍ និងបច្ចេកវិទ្យា ដូចជា Viettel និង VNPT បានសហការជាមួយអាជ្ញាធរខេត្ត ក្រុងចំនួន៤៥ និងបានកសាងមជ្ឈមណ្ឌលប្រតិបត្តិការឆ្លាតវៃ ថ្នាក់ខេត្តចំនួន៣៦ និងថ្នាក់ស្រុកចំនួន៤៥ ដោយព្យាយាមបញ្រ្ជាបចំណេះដឹងផ្នែកឌីជីថល ដោយរួមបញ្ចូលជាមួយនឹងបញ្ហាសិប្បនិម្មិត ដែលជាបច្ចេកវិទ្យាចុងក្រោយ ដែលពិភពលោកកំពុងយកចិត្តទុកដាក់ ដើម្បីជំរុញផែនការនេះ ប៉ុន្តែក្រុមការងារកំពុងតែជួបប្រទះបញ្ហាប្រឈម។
បញ្ហាប្រឈមដ៏ធំបំផុតសម្រាប់ការអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ គឺច្រករបៀងផ្លូវច្បាប់មានភាពមិនច្បាស់លាស់ និងមិនអំណោយផលសម្រាប់កិច្ចសហប្រតិបត្តិការសាធារណៈ និងឯកជន ជាពិសេសនីតិវិធីទាក់ទងនឹងការវិនិយោគ ការដេញថ្លៃ និងការជួលសេវាកម្មព័ត៌មានវិទ្យា ហើយលើសពីនេះ តំបន់ទីក្រុងនៅក្នុងគោលដៅ នៅមិនទាន់ផ្តោតលើការធ្វើផែនការឆ្លាតវៃ និងទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងជាមូលដ្ឋាននៅឡើយទេ។
លោកបានលើកឡើងថា ដូចជាករណីទីក្រុងហាណូយជាដើម គឺកំពុងតែត្រូវការយន្តការប្លែក និងលេចធ្លោ ដើម្បីទាក់ទាញអ្នកមានទេពកោសល្យក្នុងប្រទេសវៀតណាម និងក្រៅប្រទេស ខណៈពេលដែលអ្នកពាក់ព័ន្ធទើបតែកំពុងផ្តួចផ្តើមបណ្តុះបណ្តាលបច្ចេកវិទ្យា។
លោកបានលើកឡើងថា សម្រាប់ឆ្នាំ២០២៣ នេះ វៀតណាមបានកំណត់ថា ជាឆ្នាំជាតិនៃទិន្នន័យឌីជីថល ប៉ុន្តែការបង្កើតគំរូសម្រាប់ការប្រមូល ការតភ្ជាប់ និងទិន្នន័យធានាសុវត្ថិភាពព័ត៌មាន និងការទាញយកទិន្នន័យ ដើម្បីបម្រើដល់ការកសាងយុទ្ធសាស្ត្រ ប្រតិបត្តិការ និងការសម្រេចចិត្តក្នុងការគ្រប់គ្រងទីក្រុងនៅតែជាកង្វល់របស់រដ្ឋាភិបាលកណ្តាល និងមូលដ្ឋាននៅឡើយ៕
ដោយៈ សរ សុជាតិ