តំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក លោក ជេមីសុន ហ្គ្រៀ(Jamieson Greer) បានលើកឡើងថា មកទល់ពេលនេះ គ្មានប្រទេសណាមួយបង្ហាញសញ្ញាចង់ដកខ្លួនចេញពីកិច្ចព្រមព្រៀងពន្ធគយ ដែលបានព្រមព្រៀងជាមួយសហរដ្ឋអាម៉េរិក នោះទេ បន្ទាប់ពីតុលាការកំពូលអាម៉េរិក បានចេញសាលក្រមលុបចោលពន្ធគយបដិការរបស់រដ្ឋបាលលោក ត្រាំ កាលពីថ្ងៃសុក្រ សប្តាហ៍មុន។
តែយ៉ាងណាលោក ហ្គ្រៀ បានទទួលស្គាល់ថា សហភាពអឺរ៉ុប ពិតជាមានប្រតិកម្មខ្លាំងចំពោះសាលក្រមនេះ ប៉ុន្តែលោកបានពិភាក្សាជាមួយសមភាគីអឺរ៉ុប និងមន្ត្រីមកពីប្រទេសដទៃទៀតរួចរាល់ហើយ។
សូមជម្រាបថា ភ្លាមៗបន្ទាប់ពីតុលាការកំពូលអាម៉េរិក លុបពន្ធបដិការ លោក ដូណាល់ ត្រាំ បានប្រកាសដាក់ពន្ធគយបណ្តោះអាសន្ន១០% ហើយនៅមួយថ្ងៃបន្ទាប់ លោកបានសម្រេចដំឡើងរហូតដល់១៥% ដោយផ្អែកលើច្បាប់អាសន្នសេដ្ឋកិច្ច។ លោក ហ្គ្រៀ បានពន្យល់ថា ការដំឡើងពន្ធយ៉ាងឆាប់រហ័សក្នុងរយៈពេលមិនដល់២៤ម៉ោងនេះ គឺដើម្បីឆ្លើយតបទៅនឹងភាពបន្ទាន់នៃស្ថានភាព និងដើម្បីដោះស្រាយបញ្ហាអតុល្យភាពពាណិជ្ជកម្មដ៏ធំជាមួយបណ្តាប្រទេសដទៃទៀត។
ដោយឡែក គណៈកម្មការអឺរ៉ុប បានបញ្ជាក់កាលពីថ្ងៃអាទិត្យ ថា ខ្លួនត្រូវការភាពច្បាស់លាស់ពេញលេញ លើជំហានបន្ទាប់របស់រដ្ឋបាលលោក ត្រាំ។ អឺរ៉ុប បានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាកាលពីខែសីហា ត្រូវតែគោរព។
ជាមួយគ្នានេះលោកស្រី គ្រីស្ទីន ឡាហ្គាត (Christine Lagarde) ប្រធានធនាគារកណ្តាលអឺរ៉ុប ក៏បានលើកឡើងដែរថា ភាពច្បាស់លាស់ និងភាពប្រាកដប្រជា គឺជាកត្តាដ៏មានសារសំខាន់បំផុតសម្រាប់ស្ថិរភាពពាណិជ្ជកម្មសកលនៅក្នុងកាលៈទេសៈ ដែលមានភាពមិនប្រាកដប្រជានេះ៕
ដោយៈ សរ សុជាតិ