
អ្នកជំនាញកត់សម្គាល់ឃើញថា ថ្នាក់ដឹកនាំសាលារាជធានីភ្នំពេញ និងអាជ្ញាធរពាក់ព័ន្ធបានប្តេជ្ញា និងខិតខំប្រឹងប្រែងដោះស្រាយបញ្ហានេះ តែហាក់ពុំសូវមានប្រសិទ្ធភាព ហើយបញ្ហានេះនៅតែបន្តកើតមាននៅតាមតំបន់មួយចំនួន ជាពិសេសនៅតំបន់សម្បូររោងចក្រតែម្តង។ ក្រុមអ្នកជំនាញយល់ថា ដើម្បីអាចដោះស្រាយបញ្ហាអាជ្ញាធរគួរតែអនុវត្តវិធានការក្តៅ ក៏ដូចជាបង្កើនការផ្សព្វផ្សាយឱ្យពលរដ្ឋយល់ដឹងថាអ្វីទៅជាចិញ្ចើមផ្លូវ។
លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា កត់សម្គាល់ឃើញថា កន្លងមកសាលារាជធានីភ្នំពេញ មានបំណងចង់រំដោះចិញ្ចើមផ្លូវទុកសម្រាប់អ្នកថ្មើរជើង ប៉ុន្តែការងារនេះហាក់ធ្វើមិនទាន់បានជោគជ័យនៅឡើយទេ ជាក់ស្ដែងផ្លូវមួយចំនួននៅតែត្រូវបានពលរដ្ឋ និងអាជីវករមួយចំនួនរំលោភយកទៅធ្វើជាទីតាំងសម្រាប់លក់ដូរ និងប្រកបអាជីវកម្មផ្សេងៗ។ បើតាមការបញ្ជាក់របស់លោកបណ្ឌិត យង់ ពៅ ប្រសិនចង់ឱ្យវិធានការរំដោះចិញ្ចើមផ្លូវទទួលបានជោគជ័យ តម្រូវឱ្យមានចំណាត់ការស្មើភាពគ្នារវាងអ្នកមានជីវភាពខ្សោយជាមួយអ្នកអភិជន ក៏ដូចជាអ្នកដែលមានអាជីវកម្មធំៗជាមុនសិន ទើបការអនុវត្តនោះអាចធ្វើទៅបាន និងមានប្រសិទ្ធភាព។
ជាមួយគ្នានេះ លោក អំ សំអាត នាយកប្រតិបត្តិអង្គការសិទ្ធិមនុស្សលីកាដូ បានលើកឡើងថា ចិញ្ចើមផ្លូវជាទ្រព្យសម្បត្តិរបស់សាធារណៈ ដែលសម្រាប់ប្រជាពលរដ្ឋទូទៅប្រើប្រាស់ ប៉ុន្តែប្រជាពលរដ្ឋភាគច្រើននៅមិនទាន់យល់ច្បាស់ពីទីតាំងចិញ្ចើមផ្លូវនោះទេ ដោយយល់ច្រឡំថា ជាកម្មសិទ្ធិផ្ទាល់ខ្លួនទៅវិញ។ បើតាមលោក អំ សំអាត កន្លងមកអាជ្ញាធរធ្លាប់បានរំដោះចិញ្ចើមផ្លូវពីអ្នកដែលបានរំលោភយកទៅប្រើប្រាស់ផ្ទាល់ខ្លួនជាច្រើន តែយ៉ាងណាការអនុវត្តនៅមិនទាន់មានប្រសិទ្ធភាព ដែលបង្កឱ្យកើតមានជម្លោះទាស់ទែងគ្នា និងការកកស្ទះចរាចរណ៍ជាដើម។ អ្នកជំនាញរូបនេះបានកត់សម្គាល់ឃើញថា អាជ្ញាធរគួរតែផ្សព្វផ្សាយពីការប្រើប្រាស់ចិញ្ចើមផ្លូវ ដើម្បីឱ្យប្រជាពលរដ្ឋយល់ដឹងបន្ថែមឱ្យបានទូលំទូលាយ។
ពាក់ព័ន្ធបញ្ហានេះដែរ លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានប្រាប់សារព័ត៌មានខេមបូណូមីសថា ការងាររក្សាសណ្តាប់ធ្នាប់សាធារណៈតាមដងផ្លូវត្រូវបានរដ្ឋបាលរាជធានីភ្នំពេញធ្វើជាប្រចាំ ដែលគិតមកដល់ពេលនេះមានស្ថានភាពល្អប្រសើរជាងមុនច្រើន ដូចជានៅតាមតំបន់មួយចំនួននៃខណ្ឌពោធិ៍សែនជ័យជាដើម។ បើតាមលោកស្រី ដោ សម្ផស្ស កិច្ចការនេះទាមទារឱ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋានទាំងប្រជាពលរដ្ឋ អ្នកសារព័ត៌មាន និងអាជ្ញាធរ។
ពាក់ព័ន្ធបញ្ហាសណ្ដាប់ធ្នាប់នៅតាមដងផ្លូវនេះដែរកាលពីពេលថ្មីៗ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កត់សម្គាល់ឃើញថា នៅតាមដងផ្លូវសាធារណៈមួយចំនួនមានសណ្តាប់ធ្លាប់ល្អ តែអំឡុងពេលអ្នកធំ ឬអ្នកមានអំណាចធ្វើដំណើរឆ្លងកាត់តែប៉ុណ្ណោះ។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជំរុញឱ្យអភិបាលរាជធានី ខេត្ត ឱ្យធ្វើផែនការគ្រប់គ្រងសណ្ដាប់ធ្នាប់តាមចិញ្ចើមផ្លូវដោយសន្តិវិធី និងច្បាប់ទម្លាប់ឱ្យបានត្រឹមត្រូវ ព្រោះជាកត្តាចាំបាច់ ដែលអាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវយកចិត្តទុកដាក់ដោះស្រាយ ដើម្បីបញ្ចៀស និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសលើកកម្ពស់សុខភាពសាធារណៈ។
គួរបញ្ជាក់ថា វិធានការរៀបចំសណ្តាប់ធ្នាប់តាមផ្លូវនានា ក្នុងរាជធានីភ្នំពេញ ត្រូវបានអាជ្ញាធរតាមបណ្តាខណ្ឌនីមួយៗបានចាត់វិធានការអនុវត្តយូរឆ្នាំណាស់មកហើយ។ ប៉ុន្តែក្រោយអាជ្ញាធរសមត្ថកិច្ចចេញផុតការដាក់លក់ឥវ៉ាន់ និងទំនិញនានា រួមទាំងការចតយានយន្តលើចិញ្ចើម និងចំណែកផ្លូវបន្តកើតមានដដែល៕
អត្ថបទដោយ៖ ជា ម៉ារ៉ា