កសិករធ្វើស្រែនៅខេត្តបាត់ដំបង

កសិករធ្វើស្រែនៅខេត្តបាត់ដំបងមួយចំនួន កំពុងរអ៊ូរទាំពីការធ្លាក់ចុះតម្លៃស្រូវស្រងែ


កសិករធ្វើស្រែនៅខេត្តបាត់ដំបងមួយចំនួនកំពុងរអ៊ូរទាំពីការធ្លាក់ចុះតម្លៃស្រូវស្រងែនៅមួយរយៈចុងក្រោយនេះ។ បើតាមការអះអាងរបស់ក្រុមកសិករ ស្រូវស្រងែបច្ចុប្បន្នអាចលក់បានជាង៦០០រៀលក្នុង១គីឡូក្រាម ខណៈកាលពីឆ្នាំមុនអាចលក់បានជាង១,០០០រៀលក្នុងមួយគីឡូក្រាម ដែលតម្លៃនេះអាចធ្វើកសិករប្រឈមនឹងការខាតបង់។
កសិករធ្វើស្រែនៅខេត្តបាត់ដំបង
ដោយ

យ៉ាងណាមិញ ដើម្បីជួយសម្រួល និងដោះស្រាយបញ្ហាទីផ្សារស្រូវស្រងែ ដែលកំពុងធ្លាក់ថ្លៃជូនដល់កសិករ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងសហការជាមួយរោងម៉ាស៊ីនកិនស្រូវ ដើម្បីប្រមូលទិញស្រូវពីកសិករ។

លោកស្រី សឿន កុសល កសិករធ្វើស្រែពូជស្រូវស្រងែម្នាក់នៅខេត្តបាត់ដំបង បានឱ្យដឹងថា បច្ចុប្បន្នតម្លៃស្រូវស្រងែនៅតំបន់លោកស្រីអាចលក់បានក្នុងតម្លៃ៦៨០រៀលក្នុងមួយគីឡូក្រាមប៉ុណ្ណោះ ដោយកាលពីឆ្នាំមុនអាចលក់បានក្នុងរង្វង់១,១០០រៀលក្នុងមួយគីឡូក្រាម។ បើតាមកសិកររូបនេះ ប្រសិនស្រូវស្រងែនៅឆ្នាំនេះនៅតែមិនអាចឡើងថ្លៃទេ នោះនៅឆ្នាំក្រោយលោកស្រីទំនងជាឈប់ធ្វើស្រែ ហើយងាកទៅប្រកបរបរផ្សេងជំនួសវិញគ្រាន់បានប្រាក់ចំណូលខ្លះដោះស្រាយជីវភាព។

ជាមួយគ្នានេះលោក វង្ស ប៉ោយយង់ និងលោក ស៊ីម មុន្នី កសិករធ្វើស្រែពូជស្រូវស្រងែនៅខេត្តបាត់ដំបងដែរនោះ ហាក់បង្ហាញការខកចិត្តយ៉ាងខ្លាំងក្រោយតម្លៃស្រូវស្រងែនៅតំបន់របស់លោកធ្លាក់ថ្លៃខ្លាំងមកនៅត្រឹម៦៧០រៀលក្នុង១គីឡូក្រាម ខណៈកាលពីឆ្នាំមុនលោកអាចលក់បានរហូតដល់ជាង១០០០រៀលក្នុង១គីឡូក្រាម។ ជាមួយគ្នានេះកសិករទាំងពីររូប ស្នើឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជួយចុះមកពន្យល់ណែនាំដល់កសិករនៅតំបន់របស់លោកពីការដាំដុះក្នុងកិច្ចសន្យា ក៏ដូចជាង្កើតជាសហគមន៍កសិកម្មទំនើប ព្រោះកសិករហាក់មិនសូវយល់ច្បាស់។

ដោយឡែក លោក យិន វែងអាន ថៅកែរោងម៉ាស៊ីនកិនស្រូវនៅខេត្តបាត់ដំបង បានឱ្យដឹងថា នៅរោងម៉ាស៊ីនស្រូវរបស់លោកក្នុងមួយថ្ងៃទទួលទិញស្រូវស្រងែស្រាលពីកសិករចន្លោះពី២៥០ ទៅ៣០០តោន និងកំពុងរៀបចំធ្វើយ៉ាងអាចទិញស្រូវពីកសិករឱ្យបាន៥០០តោនក្នុងមួយថ្ងៃ។ បើតាមម្ចាស់រោងម៉ាស៊ីនកិនស្រូវរូបនេះ តម្លៃស្រូវដែលលោកទិញចូលចន្លោះពី៨០០រៀលទៅ៨១០រៀលក្នុង១គីឡូក្រាមអាស្រ័យលើគុណភាពស្រូវ។

បើតាមការគូសបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និនេសាទ ដើម្បីជួយដោះស្រាយបញ្ហាទីផ្សារស្រូវជូនកសិករ មន្រ្តីកសិកម្មឃុំ និងអជ្ញាធរមូលដ្ឋានកំពុងចុះជួយសម្របសម្រួលការប្រមូលផលស្រូវ ជាពិសេសស្រូវស្រងែ និងសែនក្រអូប ដើម្បីដឹងថា កន្លែងណាមានកសិករប្រមូលផលពូជស្រូវប្រភេទណាក្នុងបរិមាណប៉ុន្មាន ដែលងាយស្រួលទំនាក់ទំនងជាមុនជាមួយរោងម៉ាស៊ីនកិនស្រូវ សហការដើម្បីត្រៀមឡានដឹក និងឡសម្ងួតជាមុន។ ជាមួយគ្នានេះ ធនាគារអភិវឌ្ឍជនបទ និងកសិកម្ម (ARDB) ក៏បានសហការជាមួយក្រសួងកសិកម្ម ដើម្បីផ្តល់ទុនបន្ថែមដល់រោងម៉ាស៊ីនកិនស្រូវយកមកប្រើប្រាស់ក្នុងការប្រមូលទិញស្រូវពីកសិករផងដែរ៕

អត្ថបទដោយ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


មហាយក្សចិននឹងបង្អួតសាច់ដុំយោធាដ៏អស្ចារ្យមិនធា្លប់មាននៅថ្ងៃខួប៨០ឆ្នាំ នៃការបញ្ចប់សង្រ្គាមលោកលើកទី២

មហាយក្សចិននឹងបង្ហាញសាច់ដុះយោធាដ៏អស្ចារ្យមិនធ្លាប់មានពីមុនមកនៅកណ្តាលទីក្រុងប៉េកាំងនៅថ្ងៃខួប៨០ឆ្នាំ នៃការបញ្ចប់សង្គ្រាមលោកលើកទី២។ បើតាមការ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ