ស្របពេលក្រសួងការពារជាតិហ្វីលីពីនឯណោះវិញ បានបញ្ជាឱ្យពង្រឹងយោធាក្នុងសមុទ្រចិនខាងត្បូងបន្ថែមទៀត ក្រោយពីការពង្រីកខ្លួនយ៉ាងឆាប់រហ័សរបស់យោធាចិន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
តំបន់ដែលត្រូវបានប្រកាសដោយប្រទេសទាំងពីរ គឺស្ថិតក្នុងចំណោមប្រធានបទដែលបានពិភាក្សា ខណៈដែលប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បានស្វាគមន៍ ចំពោះដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីវៀតណាមលោក Nguyen Xuan Phuc សម្រាប់កិច្ចប្រជុំកំពូលនៅវិមានប្រធានាធិបតី Bogor នៅទីក្រុង West Java។
លោក Widodo បាននិយាយបន្ទាប់ពីកិច្ចប្រជុំថា «បន្ទាប់ពីបានអនុវត្តការចរចាដ៏តឹងរ៉ឹងអស់រយៈពេល ១២ ឆ្នាំមក ទីបំផុតឥណ្ឌូនេស៊ី និងវៀតណាមអាចបញ្ចប់ការចរចាទាក់ទងនឹងខ្សែបន្ទាត់ព្រំដែននៃតំបន់សេដ្ឋកិច្ចដាច់មុខនៃប្រទេសទាំងពីរបានហើយ»។
កាលពីពេលកន្លងទៅ ប្រទេសឥណ្ឌូនេស៊ី និងវៀតណាមបានទាមទារព្រំដែននៃតំបន់សេដ្ឋកិច្ចដាច់មុខដែលត្រួតស៊ីគ្នានៅសមុទ្រចិនខាងត្បូង ហើយបានបង្កឱ្យមានភាពតានតឹងផ្នែកនយោបាយសម្រាប់ប្រទេសទាំងពីរ។ ក្នុងនោះ កងកម្លាំងឆ្មាំសមុទ្ររបស់ប្រទេសឥណ្ឌូនេស៊ីក៏បានធ្វើការបង្ក្រាបលើនាវានេសាទវៀតណាម ដែលកំពុងប្រតិបត្តិការនៅក្នុងតំបន់ដែលត្រូវបានទាមទារដោយទីក្រុងហ្សាកាតាជុំវិញកោះ Natunaផងដែរ ។
យ៉ាងណាមិញ ក្រៅតែពីការទាស់ទែងគ្នារវាងគ្នា ប្រទេសវៀតណាម និងឥណ្ឌូនេស៊ីក៏មានការតឹងសសៃកររួមគ្នាប្រឆាំងនឹងសកម្មយោធាចិនផងដែរ ដែលទីក្រុងប៉េកាំងបាននិងកំពុងសាងសង់មូលដ្ឋានយោធានៅលើកោះជាច្រើនក្នុងសមុទ្រចិនខាងត្បូង។
មួយវិញទៀត ខណៈពេលដែលប្រទេសវៀតណាមកំពុងផុងខ្លួនក្នុងជម្លោះជាមួយចិននោះ ឥណ្ឌូនេស៊ីមានការមិនត្រូវរូវគ្នាជាមួយទីក្រុងប៉េកាំងជុំវិញធនធានធម្មជាតិជុំវិញកោះ Natuna។ ស្ថិតក្នុងស្ថានការណ៍នេះ លោក Widodo និងលោក Phuc ក៏បានព្រមព្រៀងគ្នាក្នុងអំឡុងកិច្ចប្រជុំកំពូលនោះ ក្នុងការធ្វើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឱ្យកាន់តែស៊ីជម្រៅថែមទៀត។
ជុំវិញបញ្ហានៅក្នុងសមុទ្រចិនខាងត្បូងនេះដែរ ក្រសួងការពារជាតិហ្វីលីពីនកាលពីថ្ងៃទី ២២ខែធ្នូ បានបញ្ជាឱ្យយោធាពង្រឹងវត្តមានរបស់ខ្លួននៅក្នុងដែនសមុទ្រនេះ បន្ទាប់ពីបានត្រួតពិនិត្យឃើញមានការកើនឡើងនៃ «សកម្មភាពរបស់ចិន» នៅក្នុងដែនទឹកដែលមានជម្លោះនៅជិតកោះយុទ្ធសាស្ត្រដែលគ្រប់គ្រងដោយហ្វីលីពីននាពេលថ្មីៗនេះ។
ក្រសួងការពារជាតិហ្វីលីពីនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រាល់ការទន្ទ្រានយកតំបន់សេដ្ឋកិច្ចផ្តាច់មុខចម្ងាយ ៣២១ គីឡូម៉ែត្ររបស់ហ្វីលីពីន «គឺជាការគំរាមកំហែងដល់សន្តិសុខនៃកោះ Pagasa ដែលជាផ្នែកមួយនៃទឹកដីអធិបតេយ្យភាពហ្វីលីពីន»។ សេចក្តីថ្លែងការណ៍បានបន្ថែមថា «យើងជំរុញយ៉ាងមុតមាំឲ្យប្រទេសចិនរក្សានូវសណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់ និងជៀសវាងពីសកម្មភាពដែលនឹងធ្វើឱ្យភាពតានតឹងកាន់តែធ្ងន់ធ្ងរ»។
មែនទែនទៅ ប្រទេសចិនបានទាមទារ និងគ្រប់គ្រងដោយឯកតោភាគីក្នុងទំហំស្ទើរតែទាំងស្រុងនៃសមុទ្រចិនខាងត្បូង ដែលវាជាផ្លូទឹកដ៏សំខាន់សម្រាប់ដឹកទំនិញរាប់ពាន់លានដុល្លារឆ្លងកាត់ក្នុងមួយឆ្នាំៗ។ ហើយក្នុងនោះ ប្រ៊ុយណេ ម៉ាឡេស៊ី ហ្វីលីពីន តៃវ៉ាន់ និងវៀតណាមក៏មានការទាមទារត្រួតស៊ីគ្នាចំពោះកោះ និងលក្ខណៈពិសេសផ្សេងៗក្នុងដែនទឹកនេះជាមួយប្រទេសចិនផងដែរ៕