
ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានយល់ព្រមជាមួយកូរ៉េខាងត្បូង កាលពីខែកក្កដា ក្នុងការកាត់បន្ថយពន្ធនាំចូលទំនិញរបស់កូរ៉េខាងត្បូង ពី២៥% មកនៅត្រឹម១៥% តែលោកស្នើឱ្យកូរ៉េខាងត្បូង បោះទុនវិនិយោគនៅអាម៉េរិក រហូតដល់៣៥០ពាន់លានដុល្លារ ដែលកូរ៉េខាងត្បូង ចាត់ទុកជាទំហំមួយដ៏ច្រើនដែលអាចធ្វើឱ្យប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទី៤ នៅតំបន់អាស៊ីមួយនេះធ្លាក់ក្នុងវិបត្តិហិរញ្ញវត្ថុក៏ដោយ។
ពាក់ព័ន្ធបញ្ហានេះ ទីប្រឹក្សាសន្តិសុខជាតិរបស់កូរ៉េខាងត្បូង លោក វី ស៊ុងលេក (Wi Sung-lac) បានលើកឡើងក្នុងបទសម្ភាសជាមួយទូរទស្សន៍កូរ៉ខាងត្បូងមួយថា កូរ៉េខាងត្បូងមិនអាចបោះទុនវិនិយោគ៣៥០ពាន់លានដុល្លារនៅសហរដ្ឋអាម៉េរិកជាថ្នូរនឹងការទទួលបានការបញ្ចុះពន្ធដូចការទាមទាររបស់លោក ត្រាំ នោះទេ។ មន្ត្រីរូបនេះបន្ថែមថា ដោយសារកូរ៉ខាងត្បូង មិនអាចធ្វើតាមការស្នើសុំរបស់លោក ត្រាំ បានធ្វើឱ្យការចរចា និងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងប្រទេសទាំងពីរកំពុងជាប់គាំង។
កាលពីសប្តាហ៍មុន ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជេម្យុង (Lee Jae Myung) បានប្រាប់រ៉យទ័រថា ប្រសិនបើគ្មានការការពារសុវត្ថិភាពដូចជាការប្តូររូបិយប័ណ្ណទេ សេដ្ឋកិច្ចរបស់កូរ៉េខាងត្បូង ដែលមានទុនបម្រុងអន្តរជាតិ ៤១០ពាន់លានដុល្លារនឹងធ្លាក់ចូលទៅក្នុងវិបត្តិហិរញ្ញវត្ថុ ប្រសិនបើប្រទេសនេះចេះតែបង្កើនចំណាយ៕
ដោយ៖ សុខ មង្គល