Advertisement
វិស័យ​កាត់ដេរ​កម្ពុជា និង​ភាពប្រឈម

តើ​វិស័យ​កាត់ដេរ​មាន​ស្ថានភាព​ដូចម្ដេចដែរ ឆ្នាំ២០១៩នេះ? តើ​មាន​ភាព​ប្រឈម​អ្វីខ្លះ?


វិស័យ​កាត់ដេរ​សម្លៀក​បំពាក់​នៅ​កម្ពុជា ជាវិស័យសំខាន់មួយ​ដែលរួមចំណែក​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា តាមរយៈ​ការនាំចេញ និង​ផ្ដល់​ការងារធ្វើ​ដល់​មនុស្ស​រាប់សែន​នាក់។ ថ្មីៗនេះ សារព័ត៌មាន ខេមបូណូមីស មានកិច្ច​សម្ភាស​ពិសេស​មួយជាមួយ​លោក Ken Loo អគ្គលេខាធិការ​ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) អំពីស្ថានភាពទូទៅ​នៃ​វិស័យ​កាត់ដេរ និង​ភាព​ប្រឈម​មួយ​ចំនួនដែលត្រូវដោះស្រាយ។
លោក Ken Loo អគ្គលេខាធិការ​ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ហៅកាត់ថា GMAC។ រូបថត៖ ហេង ភារម្យ
ដោយ
Advertisement

ខេមបូណូមីស ៖ ជាបឋម យើង​សូម​ចាប់ផ្ដើម​សំណួរ​ដោយ​​ក្រឡេក​ទៅ​មើល​ស្ថានភាព​ឧស្សាហកម្ម​កាត់ដេរ​នៅ​លើ​ពិភព​លោក តើ​មាន​ស្ថានភាព​យ៉ាងដូចម្ដេចដែរ? 

លោក Ken Loo៖ ឧស្សាហកម្ម​កាត់ដេរ​សាកលោក បច្ចុប្បន្ន គឺ​​កំពុងតែ​ឆ្លងកាត់ដំណាក់កាលបង្រួបបង្រួម​មួយ។ អ្នកទិញ​និង​អ្នក​ផលិត​​លែងអាច​បន្ត​ការរត់ប្រណាំង​គ្នា​រហូត​ដល់​ទីបញ្ចប់ ដោយ​ស្វែងរក​តម្លៃ​ផលិតកម្ម​ទាប​បំផុត​បាន​ទៀត​ហើយ។ ឥឡូវនេះ អ្នក​ទិញ​និង​អ្នក​ផលិត​ចាំបាច់​ត្រូវ​បង្កើត​នូវ​ភាព​ជាដៃគូ​យូរអង្វែង​ជាមួយគ្នា ដើម្បី​រស់ទាំងអស់គ្នា នៅក្នុង​វិស័យ​មួយ​ដែលមាន​ការប្រកួត​ប្រជែង​ខ្លាំង និង​ប្រាក់ចំណេញ​កាន់តែ​ស្ដួចស្ដើង។ 

ខេមបូណូមីស ៖ ចុះ​ស្ថានភាព​ឧស្សាហកម្ម​កាត់ដេរ​នៅ​កម្ពុជាវិញ? តើ​ស្ថានភាព​ឆ្នាំ​មុនៗ យ៉ាងដូចម្ដេចដែរ? ហើយ​តើ​លោក​មើលឃើញ​យ៉ាងដូចម្ដេច សម្រាប់​ឆ្នាំ​២០១៩​នេះ?

លោក Ken Loo ៖ បើ​និយាយ​ពី​ឧស្សាហកម្ម​កាត់ដេរ​សម្លៀក​បំពាក់​និង​ស្បែកជើង នៅ​កម្ពុជា​វិញ យើង​ឃើញថា មាន​ការរីកចម្រើន​ជារៀងរាល់ឆ្នាំ ក្នុង​រយៈពេលប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ បើទោះបី​ជា​ជួប​ឧបសគ្គ​មួយចំនួនក្ដី។ ខ្ញុំសង្ឃឹមថា ឆ្នាំ​២០១៩​នេះ ឧស្សាហកម្មកាត់​ដេរ​កម្ពុជា ក៏នឹង​នៅតែមាន​កំណើន​ក្នុង​កម្រិត​​មធ្យម​ដដែល។ 

ខេមបូណូមីស ៖ សព្វ​ថ្ងៃ តើ​អ្វីខ្លះជា​ឧបសគ្គ ឬក៏​ជា​ភាពប្រឈម​ធំៗ ដែល​ឧស្សាហកម្មកាត់ដេរ​កំពុង​ជួប​ប្រទះ? និង​តើ​ត្រូវ​ជំនះ​ភាព​ប្រឈមទាំង​នោះ​យ៉ាង​ដូចម្ដេច?

លោក Ken Loo ៖ ភាពប្រឈម​ធំ​បំផុត​មួយ គឺ​ថា ជានិច្ចកាល យើង​ត្រូវតែ​ខំធ្វើ​យ៉ាង​ណា​រក្សា​ថ្លៃ​ដើម​របស់​យើង​ឲ្យ​ទាប និង​នៅតែមាន​ភាព​ប្រកួតប្រជែង។ ប្រាក់​ឈ្នួល​អប្បបរមា​របស់​យើង​បាន​កើនឡើង​ ៣ដង ពី ៦១ដុល្លារ​ក្នុង​មួយខែ​ កាលពីឆ្នាំ​២០១៣ ឡើងដល់ ១៨២​ដុល្លារ​ក្នុង​មួយខែ នាបច្ចុប្បន្ន។ សព្វថ្ងៃ ប្រាក់​ឈ្នួល​អប្បបរមា​នៅ​កម្ពុជា ខ្ពស់ជាង​នៅ​ប្រទេស​បង់ក្លាដេស (៩១ដុល្លារ), មីយ៉ាន់ម៉ា (៩១ដុល្លារ) និង​ខ្ពស់ជាង​នៅ​វៀតណាម​ទៀតផង (១២២-១៨០ដុល្លារ)។ 

ការចំណាយ​លើ​ថ្លៃ​ពលកម្ម​ គឺមានចំនួនស្មើនឹង​ដល់ទៅ ៧០% នៃ​ថ្លៃចំណាយ​នៅក្នុងស្រុក ដូច្នេះ សំខាន់ណាស់ដែល​យើង​ត្រូវ​ទប់​ការចំណាយនេះ​កុំ​ឲ្យ​វា​ឡើង​ខ្លាំង​ពេក ជាពិសេស សម្រាប់​រយៈពេល​ពីរបីឆ្នាំ​ខាង​មុខ​នេះ។ ការដំឡើង​ប្រាក់​ឈ្នួល​អប្បបរមាបន្ថែម​ណា​មួយ ត្រូវតែ​ឲ្យ​វា​សមាមាត្រ​ទៅនឹង​កំណើន​ផលិតភាព​ផង​ដែរ។ ថ្លៃដឹកជញ្ជូន​របស់​យើង​ ក៏នៅតែខ្ពស់ដដែល បើ​ធៀប​នឹង​ដៃគូ​ប្រកួត​ប្រជែង​របស់​យើង។ បញ្ហា​នេះ​ត្រូវការការយកចិត្តទុកដាក់​ជាពិសេស​ពីរាជរដ្ឋាភិបាល។ កំណែទម្រង់​ថ្មីៗនេះ​ដែល​រដ្ឋាភិបាល​បានប្រកាស បាន​ជួយ​កាត់​បន្ថយ​ថ្លៃ​ដឹកជញ្ជូន ប៉ុន្តែ នៅមានកិច្ចការជាច្រើនទៀត​ដែល​ត្រូវធ្វើ។ ចំនួនថ្ងៃធ្វើការក្នុងមួយឆ្នាំៗ ចាំបាច់ត្រូវតែបង្កើន ដោយ​កាត់​បន្ថយ​ថ្ងៃឈប់សម្រាក​សាធារណៈ នៅក្នុង​ប្រទេស​កម្ពុជា។ 

ខេមបូណូមីស ៖ យើង​កត់សម្គាល់ឃើញថា ទំនាក់ទំនង​ផ្នែក​ឧស្សាហកម្ម​នៅក្នុង​វិស័យកាត់ដេរ បាន​ល្អ​ប្រសើរ​ជាង​មុន​ច្រើនហើយ។ តើ​កត្តា​អ្វីខ្លះដែល​នាំ​ឲ្យ​យើងសម្រេចបាន​ភាព​សុខុដុម​ប្រសើរ​ជាងមុន នៅ​ក្នុង​ឧស្សាហកម្ម​កាត់ដែរ?

លោក Ken Loo ៖ មានកត្តា​ជាច្រើន ហើយកត្តា​ដែលសំខាន់​បំផុត បើ​តាម​យោបល់​របស់​ខ្ញុំ គឺ ឆន្ទៈ​និង​លទ្ធភាពរបស់រដ្ឋាភិបាល​ក្នុង​ការពង្រឹង​ការអនុវត្ត​ច្បាប់ធរមាន​ដែល​មាន​ស្រាប់។ សហជីពកម្មករ​ ព្រមទាំង​កម្មករ​និយោជិត​មាន​ភាព​ចាស់ទុំ​ច្រើន​ជាងមុន។ ទាំងនេះ​នាំ​ឲ្យ​យើង​កាត់​បន្ថយ​បាន​នូវ​ជម្លោះ​និងករណី​ប្រឈម​មុខ​គ្នា​នៅក្នុង​វិស័យ​កាត់ដេរ។ កម្មករ​និយោជិត​មានការយល់ដឹង​ច្រើន​ជាង​មុន និង​អាច​វិនិច្ឆ័យ​អ្វីខុស​អ្វី​ត្រូវ។ ចំណុចនេះ​ជួយ​ទប់ស្កាត់​មិន​ឲ្យ​អ្នកណាម្នាក់​ងាយស្រួល​ក្នុង​ការ​ញុះញង់​កម្មករ​និយោជិត​ឲ្យ​ចូលរួម​នៅ​ក្នុង​បាតុកម្ម​និងកូដកម្ម​ខុសច្បាប់។ ប្រាក់ឈ្នួល​ដែល​កើនឡើង​ខ្ពស់​ជាងមុនច្រើន ក៏មានន័យថា កម្មករ​ឲ្យ​តម្លៃ​ច្រើន​ជាង​មុន​ទៅ​លើ​អ្វីដែល​ខ្លួន​កំពុងទទួលបាន និងយល់ច្បាស់ពីអ្វីដែល​ពួកគេ​អាច​នឹង​បាត់បង់​ ប្រសិន​បើ​ពួកគេ​ចូលរួម​នៅ​ក្នុងសកម្មភាពបាតុកម្ម​និង​កូដកម្ម​ដែលខុស​ច្បាប់។ 

ខេមបូណូមីស ៖ តើ​លោក​ព្រួយបារម្ភ​ពី​បញ្ហា​​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ដែល​កំពុង​ក្ដៅ​គគុក​នេះ ដែរ ឬទេ?

លោក Ken Loo ៖ យើង​ទាំងអស់គ្នា​ព្រួយ​បារម្ភ​អំពី​បញ្ហា​នា​ពេល​បច្ចុប្បន្ន ជុំវិញ​រឿង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នេះ។ ប៉ុន្តែ ដូចដែលសម្ដេច​នាយករដ្ឋមន្ត្រី​បាន​លើកឡើង​ម្ដង​ហើយ​ម្ដង​ទៀត ថា រដ្ឋាភិបាល​នឹង​អនុវត្ត​កំណែ​ទម្រង់​ជាច្រើន រួមទាំង​​វិធានការ​កាត់បន្ថយថ្លៃដើម​ ដើម្បី​ជួយ​សហគ្រាស​ដែល​មានស្រាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា។ វា​ជាការល្អ ប្រសិន​បើ​យើង​នៅទទួលបាន​ភាព​អនុគ្រោះ​នៅក្រោម​ប្រពន្ធ EBA បន្តទៀត។ ប៉ុន្តែ ទោះបី​មាន​ការដក​ប្រព័ន្ធ​អនុគ្រោះ​ EBA នេះ​ក្ដី យើងនឹង​នៅតែរស់រានដដែល។ 

Advertisement

ខេមបូណូមីស ៖ តើ​ចំណុច​សំខាន់ៗអ្វីខ្លះ ដែល​អ្នកពាក់ព័ន្ធ​ទាំងឡាយ​ត្រូវ​ផ្ដោតសំខាន់ ដើម្បី​ធ្វើ​ឲ្យ​ឧស្សាហកម្ម​កាត់ដេរ​រក្សា​បាន​នូវ​ភាពប្រកួតប្រជែង?

លោក Ken Loo ៖ ជានិច្ចកាល គឺ​ធ្វើ​យ៉ាងណា​រក្សា​ថ្លៃ​ដើម​ឲ្យ​ទាប និង​ធានានូវ​ផលិតភាពខ្ពស់។ ដូច​បានលើកឡើង​ខាងលើ គឺ​វា​ពាក់ព័ន្ធ​នឹងថ្លៃ​ពលកម្ម ថ្លៃ​ដឹក​ជញ្ជូន ថ្លៃទឹកភ្លើង ព្រមទាំង​សន្តិភាព និងស្ថិរភាព។ យើង​ឃើញ​ហើយថា កម្ពុជា​កំពុង​សម្លឹងឆ្ពោះទៅរក​ការធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច​ក្នុងស្រុក។ 

ខេមបូណូមីស ៖ តើ​លោក​គិតថា រដ្ឋាភិបាល​អាច​នឹង​លែង​សូវ​ផ្តល់​ការយកចិត្តទុកដាក់លើ​វិស័យនេះ​ ដែរ ឬទេ? តើ​លោក​យល់ឃើញដូចម្ដេច​ក្នុង​រឿងនេះ? 

Advertisement

លោក Ken Loo ៖ គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម ឆ្នាំ​២០១៥-២០២៥ របស់រាជ​រដ្ឋាភិបាល បង្ហាញថា វិស័យ​កាត់ដេរ​យើង​នឹងនៅតែ​មាន​ទំហំ​ស្មើនឹងប្រមាណ ៥០% នៃ​ការនាំចេញសរុប​ដដែល នៅឆ្នាំ​២០២៥។ ការធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច​ក្នុង​ស្រុក គឺជារឿងល្អ។ ប៉ុន្តែ ខ្ញុំ​ជឿជាក់ថា រដ្ឋាភិបាលនឹងនៅតែ​បន្ត​ផ្ដល់​ការយកចិត្តទុកដាក់​គ្រប់គ្រាន់​ដល់​វិស័យ​កាត់ដេរ​របស់​យើង ដើម្បី​ធានា​កំណើន​សេដ្ឋកិច្ច​ជាបន្ត។ 

ខេមបូណូមីស ៖ នៅចុងខែនេះ គឺថ្ងៃទី២៩ ខែមីនា ខាងមុខ នឹងមាន​វេទិកា​រដ្ឋាភិបាល-វិស័យ​ឯកជន​ដ៏ធំ​មួយ។ ក្នុង​នាម​វិស័យ​កាត់ដេរ តើ​លោក​រំពឹង​ចង់បាន​អ្វី​ខ្លះ​ពី​វេទិកានេះ?

លោក Ken Loo ៖ វេទិកានេះ​នឹងជា​វេទិកា​លើកដំបូង​បង្អស់​ក្នុង​រយៈពេល​ ៦ឆ្នាំ​ចុងក្រោយនេះ។ សម្ដេច​នាយករដ្ឋមន្ត្រី​បាន​គូស​បញ្ជាក់​ហើយថា នឹងមាន​កំណែទម្រង់​និង​វិធានការ​កាត់​បន្ថយ​ចំណាយ​លើ​ថ្លៃ​ដើម ជាច្រើន ដែល​នឹងត្រូវ​ប្រកាស​នៅ​ក្នុង​វេទិកានេះ។ យើង​រង់ចាំមើល​ការប្រកាសទាំងនេះ​ ដោយ​ក្ដីសង្ឃឹម​យ៉ាងខ្ពស់៕

សម្គាល់៖ កិច្ចសម្ភាស​ធ្វើ​ជា​ភាសា​អង់គ្លេស និងប្រែសម្រួល​ជាភាសាខ្មែរ។

© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃ នឹងបង្កើតផលិតផលសម្គាល់ភូមិសាស្ត្រ (GI) ឲ្យបានគ្រប់ខេត្ត នៅឆ្នាំក្រោយ

ព័ត៌មាន
រាជរដ្ឋាភិបាលថៃ បានបង្ហាញពីការប្ដេជ្ញាចិត្ត នឹងជំរុញបង្កើតឲ្យមានផលិតផលសម្គាល់ភូមិសាស្ត្រ ឬហៅថា IG ឲ្យមាននៅគ្រប់ខេត្តទាំងអស់ទូទាំងប្រទេសថ...

​នាយករដ្ឋមន្រ្តី​"អញ្ជើញ"​បរទេស ​​​ឲ្យ​បន្ត​ផ្តល់​ប្រាក់​កម្ចី​ដល់​កម្ពុជាថែមទៀត

ព័ត៌មាន
សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅ​ថ្ងៃ​សុក្រ​នេះ បាន​អំពាវនាវ​ដល់​បណ្តា​ប្រទេស​បរទេស​នានា ឲ្យ​បន្ត​ផ្តល់​ប្រាក់​កម្ចី​ដល់​កម្ពុជាបន្ថែមទ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ