Advertisement
បច្ចុប្បន្នភាព EBA - កម្ពុជា

បច្ចុប្បន្នភាព EBA! ​វិនិយោគិន​ធំៗ​​នៅ​កម្ពុជា​ស្នើ​ឲ្យ​សហភាព​អឺរ៉ុប​កុំ​ដាក់​ទណ្ឌកម្ម


សមាគម​ពាណិជ្ជកម្ម​ធំៗ​នៅ​កម្ពុជា​បាន​ចុះ​ហត្ថលេខា​លើ​សេចក្តី​ថ្លែងការណ៍​រួម​មួយ ផ្ញើ​ទៅ​ស្នងការ​ពាណិជ្ជកម្ម​អឺរ៉ុប​លោកស្រី Cecilia Malmstrom ដោយ​បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង និង​​បាន​ស្នើ​ឲ្យ​សហភាព​អឺរ៉ុប ដែល​ជា​ទីផ្សារ​ដ៏​ធំ​បំផុត​មួយ​របស់​កម្ពុជា កុំ​ដក EBA។
សហភាព​អឺរ៉ុប​ប្រាប់​កម្ពុជា​នៅថ្ងៃទី៥ តុលា ២០១៨ ថា ខ្លួន​"ចាប់​ផ្ដើម​ដំណើរការ"​ដក​ការអនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា។
ដោយ
Advertisement

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​រួម ចុះ​ថ្ងៃទី២១ ខែ​មករា ឆ្នាំ​២០១៩ ក្រុម​អ្នក​វិនិយោគ​និង​សហជីព​ធំៗ​នៅ​កម្ពុជា ​​ចំនួនប្រមាណ ​៤០ បាន​អះអាង​ថា បើ​សិន​ជា​មាន​ការ​សម្រេច​ដក EBA មែន​នោះ វា​នឹង​បង្ក​ការ​ខូចខាត​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ និង​ប៉ះពាល់​ដល់​កម្មករ​ខ្មែរ រាប់​លាន​នាក់ រួមទាំង​ក្រុម​គ្រួសារ​របស់​ពួក​គាត់ និង​ជាពិសេស គឺ​កម្មការនី​ដែល​មក​ពី​បណ្តា​ខេត្ត។

អ្នក​រកស៊ីធំៗទាំង​ខ្មែរ​ ទាំង​បរទេស ដែល​ក្នុង​នោះ​រួមមានទាំង​មហាសេដ្ឋី​ខ្មែរ​ដ៏​ល្បី​ឈ្មោះ គឺ​អ្នក​ឧកញ៉ា គិត ម៉េង បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​រួម យ៉ាង​ដូច្នេះថា ៖ «នេះ​ជា​ការ​ព្រួយ​បារម្ភ​បំផុត​សម្រាប់​ស្រ្តី​នៅ​ជនបទ​ដែល​មាន​ចំនួន ៨៥% នៃ​កម្មករ​កាត់ដេរ​ចំនួន ៧សែន​នាក់ ហើយ​ដែល​ហាក់​ដូចជា ពួកគាត់​នឹង​ទទួល​រងផល​ប៉ះពាល់​ខ្លាំង​បំផុត​ពី​ការ​ប្រែប្រួល​សង្គម​និង​សេដ្ឋកិច្ច»។ ហេតុដូច្នេះហើយ យើង​សូម​អំពាវនាវ​ដល់​គណៈកម្មការ​អឺរ៉ុប​ និងរដ្ឋ​ជា​សមាជិក​សហភាព​អឺរ៉ុប ឱ្យ​បន្ត​ការ​គាំទ្រ​ឥត​ឈប់ឈរ​របស់​ខ្លួន​ចំពោះ​ការ​អភិវឌ្ឍ​របស់​កម្ពុជា ដោយ​មិន​ធ្វើ​សកម្មភាព​ណា​មួយ​ដែល​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​និង​ជីវភាព​របស់​ប្រជាជន​កម្ពុជា»។

សេចក្តី​ថ្លែងការណ៍​ដដែល​បាន​បន្ត​ថា ការ​ដក EBA នឹង​គំរាម​កំហែង​ដល់​ការ​រក​ប្រាក់​ចំណូល​របស់​មនុស្ស ៣​លាន​នាក់​ផ្សេង​ទៀត រួមទាំង​អ្នក​ពឹង​លើ​បង​ប្អូន​មាន​ប្រាក់​ខែ​ពី​រោងចក្រ អ្នក​ផ្តល់​សេវា​បដិសណ្ឋារកិច្ច ការ​ដឹកជញ្ជូន​និង​កន្លែង​ស្នាក់​អាស្រ័យ ជាដើម។

សភា​ពាណិជ្ជកម្ម​កម្ពុជា សភា​ពាណិជ្ជកម្ម​អឺរ៉ុប សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា សភា​ពាណិជ្ជកម្ម​អាមេរិក​នៅ​កម្ពុជា សភាពាណិជ្ជកម្ម​បារាំង អ៊ីតាលី អាល្លឺម៉ង់ ហុល្លង់ អង់គ្លេស សមាគម​ធនាគារ​នៅ​កម្ពុជា សមាគម​សណ្ឋាគារ​កម្ពុជា ភោជនីយដ្ឋាន និង​សហជីព​មួយ​ចំនួន គឺ​ស្ថិត​ក្នុង​ចំណោម​សមាគម​ពាណិជ្ជកម្ម​និង​ធុរកិច្ច ដែល​បាន​ហត្ថលេខា​លើ​សេចក្តី​ថ្លែងការណ៍​រួម​នេះ។

លោក អាឡិន តាន ប្រធាន​សភាពាណិជ្ជកម្ម​អាមេរិក នៅ​កម្ពុជា បាន​មាន​ប្រសាសន៍​តាម​សារអ៊ីម៉េល ថា បើ​មាន​ការ​ដក EBA មែន វា​គឺ​ជា​កំហុស​ដ៏​ធំ​មួយ​របស់​សហភាព​អឺរ៉ុប ដែល​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជីវិត​រស់នៅ​របស់​ប្រជាជន​សាមញ្ញ​ដែល​ពឹង​ផ្អែក​លើ​ប្រាក់​ចំណូល​ពី​ការងារ​នៅ​ក្នុង​ឧស្សាហកម្ម​កាត់ដេរ។

លោក អាឡិន តាន បាន​​និយាយ​ដូច្នេះ​ថា ៖ «ថ្ងៃនេះ សហគមន៍​ពាណិជ្ជកម្ម​បាន​គាំទ្រ​ជា​ឯកច្ឆន្ទ​នូវ​លិខិត​នេះ ដោយ​ផ្ញើ​សារ​ថា ការ​ដក​ EBA គឺ​ជា​វិធីសាស្រ្ត​មួយ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​ខិតខំ​ប្រឹងប្រែង​ដែល​ក្រុមហ៊ុន​ជា​ច្រើន​បាន​ធ្វើ​នៅ​កម្ពុជា ដើម្បី​បង្កើត​ស្តង់ដារ​និង​គុណ​តម្លៃ​អន្តរជាតិ​ក្នុង​អាជីវកម្ម»។

លោក អាឡិន តាន បាន​បន្ត​ថា ស្មារតី​របស់ EBA គឺ​ដើម្បី​ជួយ​ប្រទេស​ឱ្យ​ជួយ​សង្គ្រោះ​ប្រជាជន​ខ្លួន ចេញ​ពី​ភាព​ក្រីក្រ តាមរយៈ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ដែល​នៅ​តែ​ជា​កិច្ច​ខិតខំ​ប្រឹងប្រែង​ចាំ​បាច់​សម្រាប់​ប្រជាជន​កម្ពុជា។

លោក ឌិន សុមេធារិទ្ធ ប្រធាន​សមាគម​សណ្ឋាគារ​កម្ពុជា បាន​និយាយ​ថា យើង​ទាំងអស់​គ្នា​ដឹង​ថា ការ​គំរាម​កំហែង​ដក EBA នេះ នឹង​ប៉ះពាល់​ដោយ​ផ្ទាល់​ទៅ​លើ​កម្មករ​រោងចក្រ​កាត់ដេរ​និង​ស្បែកជើង ជិត​មួយ​លាន​នាក់ ហើយ​វា​ក៏​នឹង​ប៉ះពាល់​ដល់​មនុស្ស​រាប់​លាន​នាក់​ដោយ​ប្រយោល​ផង​ដែរ។

លោកបន្ត​ថា «វិស័យប​ដិសណ្ឋារកិច្ច ក៏នឹង​ប៉ះពាល់​ដោយ​ប្រយោល​ផង​ដែរ ប្រសិន​បើ​ការ​គំរាម​កំហែង​នេះ​កើត​ឡើង​ដូច្នេះមែន ហើយ​ក្នុង​នាម​ជា​សហគមន៍​ធុរកិច្ច យើង​ទាំងអស់​គ្នា​បាន​លើកឡើង​នូវ​កង្វល់​ពី​​ការ​គំរាម​កំហែង​នេះ»។

តាមរយៈ Twitter លោកស្រី Cecilia Malmstrom ស្នងការ​ពាណិជ្ជកម្ម​អឺរ៉ុប បាន​និយាយ​ថា លោកស្រី​បាន​ពិភាក្សា​អំពី​កិច្ចព្រមព្រៀង EBA ជាមួយ​រដ្ឋមន្រ្តី​​ការបរទេស​កម្ពុជា លោក ប្រាក់ សុខុន ហើយ​លោក​ស្រី​​បន្ត​ថា សហភាព​អឺរ៉ុប​នៅ​បន្ត​រក្សា​ដំណើរការ​សន្ទនា​​ឲ្យ​បើក​ចំហ៕

Advertisement
© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឆ្នាំ​២០១៨ ប្រជាជន​វៀតណាម​ចាយលុយ​លើ​គ្រឿង​សម្អាងនាំ​ចូល ៦ពាន់​លាន​ដុល្លារ

ព័ត៌មាន
ខណៈ​ដែល​ចំណូល​ប្រជាជន​វៀតណាម​កើន​ឡើង​ជារៀងរាល់ឆ្នាំ ការចំណាយ​ទៅលើ​គ្រឿង​ប្រើប្រាស់​ផ្សេងៗ ក៏កើនឡើងដែរ។ តួយ៉ាង គ្រាន់តែ​ការចាយ​វាយ...

វៀតណាមបើកកាស៊ីណូតម្លៃជាង ២ពាន់លានដុល្លារ នៅលើកោះ ភូកុក ឬ កោះត្រល់

ព័ត៌មាន
នេះអាចនិយាយបានថា ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រវៀតណាមហើយ ដែលប្រទេសមួយនេះ បានបើកកាស៊ីណូអនុញ្ញាតឲ្យប្រជាជនខ្លួនចូលលេងល្បែងស្របច្បាប់។ បើត...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ