បើទោះបីជា បានទទួលបានញ្ញតិពីសមាជិកព្រឹទ្ធសភាក្ដី ប៉ុន្ដែ តុលាការធម្មនុញ្ញថៃ នៅមិនទាន់បញ្ជាឲ្យមានការព្យួរតួនាទីរបស់លោកស្រ៊ីថា នៅឡើយទេ ដោយទុកពេលឲ្យលោកស្រ៊ីថា១៥ថ្ងៃ ដាក់ឯកសារដើម្បីការពារខ្លួនពីការចោទប្រកាន់។
នៅក្នុងញ្ញត្តិរបស់សមាជិកព្រឹទ្ធសភាថៃ ដែលបានផ្ញើទៅតុលាការធម្មនុញបានបញ្ជាក់ថា លោកស្រ៊ីថា បានបំពានលើច្បាប់រដ្ឋធម្មនុញមាត្រា១៦០ ត្រង់ចំណុចទី៤ និងទី៥។ ដោយត្រង់ចំណុចទី៤នេះ ចែងថា នាយករដ្ឋមន្ត្រីត្រូវមានសុចរិតភាព និងទី៥ចែងថា អាកប្បកិរិយារបស់នាយករដ្ឋមន្ត្រីត្រូវគោរពតាមបទដ្ឋានសីលធម៌។
យ៉ាងណាមិញ ពាក់ព័ន្ធនឹងការតែងតាំងលោក Pichit ជារដ្ឋមន្ត្រីទីស្ដីការនាយករដ្ឋមន្ត្រីនេះ ត្រូវបានគេដឹងថា គឺជាកូតារបស់គណៈបក្សរបស់ត្រកូលថាក់ស៊ីន ខណៈដែលអតីតមេធាវីរូបនេះ ធ្លាប់ជាមនុស្សជំនិតរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា។
ទោះយ៉ាងណា លោក Pichit បានលាលែងពីតំណែងរដ្ឋមន្ត្រីទីស្ដីការនាយករដ្ឋមន្ត្រីរួចហើយ ក្រោយពីមានភាពចម្រូងចម្រាសខ្លាំងទាក់ទងនឹងការតែងតាំងរូបលោក ហើយតុលាការធម្មនុញ្ញថៃក៏បានបញ្ជាក់ដែរថា ដោយសារតែលោក Pichit បានលាលែងពីតំណែងទៅហើយ ដូច្នេះ គ្មានហេតុផលដែលត្រូវបើកការស៊ើបអង្កេតលើរូបលោកនោះឡើយ។
គេនៅចាំបានថា កាលពីឆ្នាំ ២០០៨ លោក Pitchit ខណៈពេលដែលលោកធ្វើជាមេធាវីតំណាងឲ្យអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ទាក់ទងនឹងសំណុំរឿងដីធ្លីដ៏ចម្រូងចម្រាសមួយ, ប៉ុន្ដែ លោក Pitchit ត្រូវបានចោទប្រកាន់ពីបទសូកប៉ាន់ជាសាច់ប្រាក់ចំនួន ២លានបាត ដែលបានដាក់នៅក្នុងកញ្ចប់អាហារឲ្យទៅមន្ត្រីតុលាការ ហើយរូបលោកក៏ត្រូវបានកាត់ទោសឲ្យជាប់ពន្ធធានាគាររយៈពេល ៦ខែ ពាក់ព័ន្ធនឹងរឿងក្ដីនេះផងដែរ៕
អត្ថបទ៖ ចាន់ ភារម្យ និងរូបភាពឯកសារ