មូលនិធិ IMF និងរដ្ឋាភិបាលបានបញ្ជាក់កាលពីថ្ងៃអង្គារ ទី៧មីនាថា ប្រទេសស្រីលង្កាបានទទួលការធានាពីម្ចាស់បំណុលទ្វេភាគីធំៗទាំងអស់របស់ខ្លួនហើយ ដែលជាជំហានដ៏សំខាន់មួយក្នុងការផ្តល់លទ្ធភាពទទួលបានហិរញ្ញប្បទានពី IMF ហើយវាក៏ជាពេលវេលាដ៏សំខាន់សម្រាប់ប្រទេសដែលជួបវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតមួយនេះ អាចចាប់ផ្ដើមស្ដារប្រទេសរបស់ខ្លួនឡើងវិញចេញពីវិបត្តិសេដ្ឋកិច្ច ក៏ដូចជាវិបត្តិបំណុលវណ្ឌករជាដើម។
ប្រធានាធិបតីស្រីលង្កាលោក រ៉ានីល វីកគ្រីមេស៊ីងហ្គេ (Ranil Wickremesinghe) បានប្រាប់សភាកាលពីថ្ងៃអង្គារថា ឥឡូវនេះសេដ្ឋកិច្ចស្រីលង្កាមានសញ្ញាល្អប្រសើរឡើងវិញហើយ ប៉ុន្តែរូបិយបណ្ណបរទេសមិនទាន់មានគ្រប់គ្រាន់សម្រាប់ការនាំចូលទាំងអស់នៅឡើយទេ ដូច្នេះការសម្រេចបាននូវកិច្ចព្រមព្រៀងជាមួយមូលនិធិ IMF គឺសំខាន់ខ្លាំងណាស់ ដើម្បីឱ្យម្ចាស់បំណុលដទៃទៀតក៏អាចចាប់ផ្តើមបញ្ចេញមូលនិធិជួយសង្គ្រោះប្រទេសនេះផងដែរ។
លោក Ranil បាននិយាយថា ប្រទេសស្រីលង្កាបានបញ្ចប់សកម្មភាពមុនៗទាំងអស់តាមការទាមទាររបស់មូលនិធិ IMF ដោយបន្ថែមថា ធនាគារអាហរ័ណនីហរ័ណរបស់ប្រទេសចិនបានផ្ញើលិខិតថ្មីមួយកាលពីថ្ងៃចន្ទ ទី៦ ខែមីនា ហើយថា លោក និងទេសាភិបាលធនាគារកណ្តាលស្រីលង្កាបានផ្ញើលិខិតបញ្ជាក់ពីគោលបំណងមួយទៅឱ្យមូលនិធិ IMF ផងដែរ។
ការទទួលបានការធានាហិរញ្ញប្បទាននេះគឺជាការ«ត្រួសត្រាយផ្លូវសម្រាប់ការពិចារណារបស់ក្រុមប្រឹក្សាភិបាលរបស់មូលនិធិ IMF នៅថ្ងៃទី២០ ខែមីនាតាមការអនុម័តនៃកិច្ចព្រមព្រៀងកម្រិតបុគ្គលិក ដែលបានសម្រេចកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២សម្រាប់ហិរញ្ញប្បទានក្រោមលទ្ធភាពមូលនិធិបន្ថែម។ នេះបើតាមលោក Krishna Srinivasan ប្រធាននាយកដ្ឋានអាស៊ី និងប៉ាស៊ីហ្វិករបស់មូលនិធិ IMF បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ឡែកមួយផ្សេងទៀត៕
អត្ថបទ៖ សុខ ជា