បេក្ខជនដែលលេចធ្លោរ ហើយគេគិតថា អាចនឹងកាន់តំណែងនេះជំនួសលោក ស្រ៊ីថា គឺលោក អានុទិន ចាន់វីរគល ដែលបច្ចុប្បន្នជាឧបនាយករដ្ឋមន្រ្តី និងជាមេដឹកនាំគណបក្សភូមិចៃថៃ។ តើលោក អានុទិន ចាន់វីរគល ពិតជាអាចក្លាយជានាយករដ្ឋមន្ត្រីបន្ទាប់របស់ប្រទេសថៃ មែនឬ?
តាមសេចក្តីរាយការណ៍របស់សារព័ត៌មាន the Nation តុលាការធម្មនុញ្ញរបស់ប្រទេសថៃ មានសំណុំរឿងធំៗពីរ ដែលត្រូវសម្រេចនៅខែក្រោយ ដោយសំណុំរឿងទី១ គឺទាក់ទងនឹងការរំលាយគណបក្សចលនាឆ្ពោះទៅមុខ ដោយសាលក្រមគ្រោងនឹងធ្វើនៅថ្ងៃទី៧ ខែសីហា និងសំណុំរឿងទី២ ទាក់ទងនឹងគុណវុឌ្ឍិរបស់លោក ស្រ៊ីថា ថាវីស៊ីន ដែលសាលក្រមនឹងប្រកាសនៅមួយសប្តាហ៍បន្ទាប់ពីសំណុំរឿងទី១។
ជាមួយនឹងសំណុំរឿងសំខាន់ៗទាំងពីរនេះ អ្នកវិភាគបានសន្និដ្ឋានថា វាពិតជារសើបបំផុតសម្រាប់ការប្រឹងប្រែងរក្សាតំណែងរបស់លោក ស៊្រីថា ថាវីស៊ីន។ អ្នកវិភាគបានលើកឡើងថា ប្រសិនបើគណបក្សឆ្ពោះទៅមុន ត្រូវបានចេញសាលដីការឱ្យរំលាយ នោះសមាជិកសភារបស់គណបក្សនេះ នឹងត្រូវស្វែងរកគណបក្សនយោបាយថ្មីក្នុងរយៈពេល៦០ថ្ងៃ ដើម្បីជ្រកកោណ ដូច្នេះវាជាឱកាសមាសសម្រាប់គណបក្សភូមិចៃថៃ របស់លោក អានុទិន ដែលធ្វើឲ្យលោកកាន់តែមានទឹកមាត់ប្រៃនៅក្នុងឆាកនយោបាយរបស់ថៃ។
ហើយនៅក្នុងករណី តុលាការធម្មនុញ្ញសម្រេចថាលោក ស៊្រីថា ថាវីស៊ីន គ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីបន្តតំណែងទេនោះ គណបក្សភឿថៃ មានបេក្ខជនត្រៀមបម្រុងពីររូប គឺលោកស្រី ផៃថងថាន ស៊ីណាវាត្រា ដែលជាប្រធានគណបក្សស្រាប់ និងលោក ឆៃកាសេម នីធីស៊ីរី ( Chaikasem Nitisiri ) ហើយ បេក្ខភាពលោក អានុទិន ពិតជាមិនអាចត្រូវបានគេមើលរំលេងជាដាច់ខាត។ លោក អានុទិន ដែលជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពិតជាបុគ្គលដែលមានសក្តានុពលខ្ពស់។
នៅពេលនះ លោក អានុទិន ត្រូវបានគេដឹងថា គឺជាអ្នកនយោបាយកណ្តាលមួយរូបនៅថៃ ហើយគេចាត់ទុកក្រុមលោកថា ជាអ្នកនយោបាយខៀវ ដែលនៅកណ្តាលរវាងក្រុមអ្នកនយោបាយក្រហម និងក្រុមអ្នកនយោបាយលឿង។ ក្នុងករណីបេក្ខភាពរបស់លោកត្រូវបានគេស្នើ នៅពេលដែលលោក ស៊្រីថា ត្រូវបានបញ្ចប់តំណែងដោយសាលក្រម លោក អានុទិន ក៏អាចនឹងទទួលការគាំទ្រពីក្រុមយោធា ដែលកំពុងតែកាន់កាប់ព្រឹទ្ធសមាជិកផងដែរ ពីព្រោះលោក និងក្រុមយោធាក៏ធ្លាប់សហការគ្នាចែកអំណាចនៅក្នុងប្រទេសតាំងពីអាណត្តិមុនមកម៉េ្លះ៕
ដោយៈ សរ សុជាតិ