ក្រុមហ៊ុនទាំងពីរនេះនឹងបង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាមួយ ដោយក្រុមហ៊ុន Starbucks រក្សាភាគហ៊ុន ៤០% និងបន្តផ្តល់អាជ្ញាប័ណ្ណម៉ាកយីហោ និងកម្មសិទ្ធិបញ្ញារបស់ខ្លួន។ ក្រុមហ៊ុន Starbucks បានវាយតម្លៃអាជីវកម្មសរុបរបស់ខ្លួននៅប្រទេសចិន ក្នុងទំហំជាង ១៣ ពាន់លានដុល្លារ បន្ទាប់ពីការលក់ភាគហ៊ុន ៦០% ខាងលើនេះ។
កិច្ចព្រមព្រៀងនេះត្រូវបានគេរំពឹងថានឹងត្រូវសម្រេចបញ្ចប់ជាស្ថាពរនៅខែមីនា ឆ្នាំ ២០២៦ ដោយពេលនេះនៅរង់ចាំការអនុម័តពីនិយ័តករ។
លោក Brian Niccol នាយកប្រតិបត្តិក្រុមហ៊ុន Starbucks និយាយថា ជំនាញរបស់ក្រុមហ៊ុន Boyu Capital នៅប្រទេសចិន នឹងជួយពង្រីកអាជីវកម្មនេះទៅកាន់ទីក្រុងតូចៗ និងទីផ្សារថ្មីៗនៅក្នុងប្រទេសចិន។ នាយកក្រុមហ៊ុន Boyu Capital លោក Alex Wong បានសរសើរម៉ាកយីហោដ៏រឹងមាំរបស់ Starbucks ហើយបាននិយាយថា ក្រុមហ៊ុនរបស់លោកមានគោលដៅពង្រីកអាជីវកម្មនេះបន្ថែមទៀត។
ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាថ្មីរវាងក្រុមហ៊ុន Starbucks និងក្រុមហ៊ុន Boyu Capital មានគម្រោងពង្រីកហាងកាហ្វេ Starbucks ឱ្យឈានដល់ប្រមាណ ២០.០០០ ហាងនៅក្នុងប្រទេសចិន ដោយរក្សាទុកទីស្នាក់ការកណ្តាលរបស់ខ្លួននៅទីក្រុងសៀងហៃ។ គិតត្រឹមខែកញ្ញា ឆ្នាំ២០២៥ ក្រុមហ៊ុន Starbucks មានហាងចំនួន ៨.០១១ សាខានៅក្នុងប្រទេសចិន និង ១៦.៨៦៤ សាខានៅសហរដ្ឋអាម៉េរិក ដែលសរុបទាំងពីរបញ្ចូលគ្នាគឺមានរហូតដល់ទៅ ៦១% នៃចំនួនហាងទាំងអស់របស់ខ្លួននៅទូទាំងពិភពលោក៕
ដោយ: តែម សុខុម