លោក អេដវីន ប៊ែសសុន អគ្គនាយកសមាគមដែកពិភពលោកបានថ្លែងថា ការបិទរោងចក្រតែ ១កន្លែងក៏អាចធ្វើឱ្យកើតផលប៉ះពាល់ដល់វិស័យសេដ្ឋកិច្ចរបស់ប្រទេសចិនជាខ្សែច្រវាក់បានដែរ ដោយលោកបានបញ្ជាក់ថា មិនទាន់មើលឃើញដំណោះស្រាយជារូបវន្តណាមួយនៅឡើយក្នុងរយៈពេលខ្លីខាងមុខនេះ។
របាយការណ៍បានឱ្យដឹងថា ឧស្សាហកម្មដែករបស់ចិនមានកម្លាំងផលិតជារួមប្រមាណ ១ពាន់លានតោនក្នុង ១ឆ្នាំ ក្រោយពីពង្រីកខ្លួនជាបន្តបន្ទាប់ក្នុងរយៈពេលច្រើនឆ្នាំកន្លងមកនេះ រហូតដល់លើសតម្រូវការពិតប្រាកដ ខណៈដែលវិស័យអចលនទ្រព្យរបស់ប្រទេសចិនដែលជាអ្នកប្រើប្រាស់ដែកធំជាងគេបំផុតនោះ កំពុងប្រឈមនឹងសភាវៈស្ងប់ស្ងាត់ជាបន្តបន្ទាប់ ជាហេតុធ្វើឱ្យដែកដែលលើសតម្រូវការ ត្រូវបានបង្ខំនាំចេញឆ្ពោះទៅទីផ្សារអន្តរជាតិក្នុងតម្លៃទាប ធ្វើឱ្យប៉ះពាល់ដល់អ្នកផលិតនៅក្នុងប្រទេសជាច្រើន និងធ្វើឱ្យភាពតានតឹងខាងពាណិជ្ជកម្មកើនឡើងខ្ពស់។
ក្រៅពីនេះ ដែកថែមទាំងជាទំនិញមួយក្នុងក្រុមទំនិញដំបូងគេដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ របស់អាម៉េរិកបានដាក់វិធានការដំឡើងពន្ធនាំចូលកាលពីដើមឆ្នាំ ខណៈដែលប្រទេសជាច្រើន ដូចជាវៀតណាមជាដើម បានដាក់វិធានការតបតវិញដោយការដាក់របាំងពន្ធ ដើម្បីឆ្លើយតបនឹងការលក់ទម្លាក់ថ្លៃ ដែលផ្ទុយនឹងចរន្តការបើកសេរីខាងផ្នែកពាណិជ្ជកម្មក្នុងទីផ្សារដែកពិភពលោកក្នុងរយៈពេល ២០ឆ្នាំកន្លងមកនេះ។
ទាំងអស់នេះ WORLDSTEEL បានប៉ាន់ប្រមាណថា តម្រូវការដែកនៅក្នុងប្រទេសចិនក្នុងឆ្នាំ២០២៥ និងធ្លាក់ចុះ ២% ហើយនឹងធ្លាក់ចុះ ១%ក្នុងឆ្នាំ២០២៦ កាណ៍នេះឆ្លុះបញ្ចាំងឱ្យឃើញថា ឧស្សាហកម្មនេះនៅតែស្ថិតក្នុងដំណាក់កាលដាំក្បាលចុះ និងជំរុញឱ្យក្រុមអ្នកផលិតដែកចិនត្រូវតែបង្ខំនាំចេញដែកស្ទើរតែដល់កម្រិតខ្ពស់បំផុតជាប្រវត្តិសាស្ត្រ ទោះបីជាប្រទេសជាច្រើនបង្កើនវិធានការទប់ស្កាត់ខាងពាណិជ្ជកម្មនេះក៏ដោយ៕