កម្ពុជានឹងចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ៣មុខបន្ថែមទៀត

កម្ពុជានឹងចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ៣មុខបន្ថែមទៀត នៅឆ្នាំ២០២៣


គិតមកទល់ពេលនេះ មានផលិតផលកម្ពុជា ប្រមាណ២០មុខហើយ ដែលត្រូវបានក្រសួងពាណិជ្ជកម្មបាន និងកំពុងសិក្សាស្រាវជ្រាវ និងកំណត់យកជាផលិតផលសក្ដានុពលសម្រាប់ចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ។ ក្នុងនោះដែរ ផលិតផលចំនួន ៣មុខទៀត មានដូចជា អំបិលកំពតកែប ទឹកត្រីកំពតកែប និងបង្កងតាកែវ កំពុងត្រូវបានក្រសួងពាណិជ្ជកម្មរៀបចំក្នុងការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រនៅក្នុងឆ្នាំ២០២៣។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងក្រសួងពាណិជ្ជកម្ម។
ក្រសួងពាណិជ្ជកម្ម

ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា បច្ចុប្បន្ន ក្រសួងពាណិជ្ជកម្ម បានចុះបញ្ជីការពារម៉ាកសម្គាល់ភូមិសាស្រ្តទំនិញមួយចំនួនរួចមកហើយ។ ដោយឡែក ក្រសួងពាណិជ្ជកម្មបានបន្តអនុវត្តគម្រោងចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ៣បន្ថែមទៀត។ ក្នុងនោះ រួមមាន៖ អំបិល និងផ្កាអំបិលកំពត ក្នុងខេត្តកំពត និងខេត្តកែប, បង្កងតាកែវ ក្នុងខេត្តតាកែវ និងទឹកត្រីកំពត ក្នុងខេត្តកំពត និងខេត្តកែប។ ឯកឧត្តម ប៉ែន សុវិជាតិ បានអះអាងថា ក្រសួងកំពុងតែស្វះស្វែងរកដៃគូបច្ចេកទេសធ្វើការសិក្សាសំដៅបំពេញឲ្យបាននូវរួចរាល់លក្ខខណ្ឌតម្រូវនានា ដើម្បីបង្កលក្ខណៈងាយស្រួលទាំងការចុះបញ្ជីក្នុងស្រុក និងអន្តរជាតិ។ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មដដែលបានបង្ហាញក្ដីរំពឹងថា ក្រោយចុះបញ្ជីរួចផលិតផលអំបិលកំពតកែប ទឹកត្រីកំពតកែប និងបង្កងតាកែវ នឹងកាន់តែមានភាពល្បីល្បាញ និងទទួលបានទំនុកចិត្តកាន់តែខ្ពស់ពីអតិថិជន ជាពិសេសជួយបង្កើនការងារ និងកាត់បន្ថយការធ្វើចំណាកស្រុករបស់ប្រជាពលរដ្ឋ។ លើសពីនេះ បើតាមឯកឧត្តម ប៉ែន សុវិជាតិ បច្ចុប្បន្ន ក្រោមកិច្ចគាំពាររបស់អង្គការ UNIDO ក៏កំពុងពិនិត្យនិងវាយតម្លៃលើការសិក្សា លើប្រហុកសៀមរាប ជាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ផងដែរ។

មន្រ្តីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្មរូបនេះ បានគូសបញ្ជាក់ថា ការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញក្នុងប្រទេសកម្ពុជា នឹងជួយពង្រីកមុខមាត់ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុក ជាពិសេសដើម្បីទប់ស្កាត់ការក្លែងបន្លំទំនិញសម្គាល់ភូមិសាស្តលើទីផ្សារ បង្កើនខ្សែចង្វាក់តម្លៃ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងតំបន់។ លើសពីនោះ ការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ក្នុងប្រទេសកម្ពុជា ក៏មានអត្ថប្រយោជន៍ ដែលធ្វើឲ្យមានការលើកកម្ពស់គុណភាពទំនិញសម្គាល់ភូមិសាស្រ្ត,ធ្វើឲ្យទំនិញមានភាពប្រកួតប្រជែងក្នុងថ្នាក់ជាតិ និងអន្តរជាតិ ក៏ដូចជា ធ្វើឲ្យតំបន់នោះ មានការអភិវឌ្ឍន៍ ដែលអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ថែមទៀតផង។

មកដល់បច្ចុប្បន្ននេះ កម្ពុជា បានចុះបញ្ជីម៉ាកផលិតផលសម្គាល់ភូមិសាស្ត្រចំនួន៤រួចមកហើយ ដូចជា ម្រេចកំពត ស្ករត្នោតកំពង់ស្ពឺ ក្រូចថ្លុងកោះទ្រង់ ខេត្តក្រចេះ និងចុងក្រោយនេះ គឺទឹកឃ្មុំព្រៃខេត្តមណ្ឌលគិរី។ ក្រៅពីអំបិលកំពតកែប បង្កងតាកែវ និងទឹកត្រីកំពតកែប ដែលក្រសួងពាណិជ្ជកម្ម គ្រោងចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញឆាប់ៗនេះ ក្រសួងក៏បានសិក្សាស្រាវជ្រាវ និងកំណត់យកផលិតផលសក្ដានុពលសម្រាប់ការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រ សម្រាប់ផលិតផលប្រមាណ ២០មុខផ្សេងទៀតផងដែរ៕




អត្ថបទបន្ទាប់


ដំណើរឆ្ពោះទៅមុខរបស់កម្ពុជា ក្នុងការក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០

ព័ត៌មាន
ទោះបីជានៅរយៈពេល៣ឆ្នាំចុងក្រោយនេះ សេដ្ឋកិច្ចកម្ពុជាមានសម្ទុះកំណើនថមថយចុះ ដោយសារតែទទួលរងឥទ្ធិពលអវិជ្ជមានពីការឆ្លងរាលដាលជាសកលនៃមេរោគកូវី…

ក្រុមហ៊ុនយក្ស Tesla លក់រថយន្តបានជាង ១,៣ លានគ្រឿងកាលពីឆ្នាំ២០២២ ប៉ុន្ដែនៅក្រោមគោលដៅកំណត់

ព័ត៌មាន
ក្រុមហ៊ុនយក្ស Tesla បាននិយាយកាលពីថ្ងៃច័ន្ទ ទី០២ មករា ឆ្នាំ២០២៣ ថា ខ្លួនបានលក់រថយន្តចំនួន ១លាន ៣សែនគ្រឿងកាលពីឆ្នាំ២០២២ ប៉ុន្តែចំនួននេះប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ