លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម បានលើកឡើងថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា បានបន្សល់ទុកនូវវិបត្តិសង្គម និងសេដ្ឋកិច្ចជាតិ យ៉ាងធ្ងន់ធ្ងរ។ បើតាមអ្នកជំនាញរូបនេះ បច្ចេកទេសនៃការធ្វើផ្លូវថ្នល់បច្ចុប្បន្ន ហាក់មិនទាន់អាចជួយបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍បានល្អប្រសើរនៅឡើយទេ គួបផ្សំនឹងការអនុវត្តច្បាប់នៅមានលក្ខណៈធូររលុង ជាពិសេសការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ក៏មិនទាន់មានវិធានការទប់ស្កាត់ឱ្យបានតឹងរ៉ឹងចំពោះរថយន្តចាស់ៗ និងរថយន្តខុសស្តង់ដានោះដែរ។
លោកបណ្ឌិត បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល ចាំបាច់ត្រូវតែកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងស្ពានឱ្យស្របតាមស្តង់ដាបច្ចេកទេសពិតប្រាកដ រួមទាំងការលុបបំបាត់អំពើពុករលួយក្នុងការអនុវត្តច្បាប់ និងបង្កើនការអប់រំផ្សព្វផ្សាយពង្រឹងចំណេះដឹងចរាចរណ៍ដល់ប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់។
ជាមួយគ្នានេះ លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា និងជាអ្នកតាមដានហេតុការណ៍សង្គម បានសង្កេតឃើញថា គ្រោះថ្នាក់ចរាចរណ៍ដែលកំពុងកើតមានឡើងយ៉ាងរន្ធត់នាពេលថ្មីៗនេះ បានក្លាយជាសោកនាដកម្មដ៏ជូរចត់ និងឆ្លុះបញ្ចាំងពីឱនភាពនៃការអនុវត្តច្បាប់ចរាចរណ៍។ ដើម្បីកុំឱ្យដងផ្លូវក្លាយជា វាលពិឃាត អ្នកជំនាញរូបនេះយល់ឃើញថា ត្រូវតែដកហូតអាជ្ញាបណ្ណ និងដាក់ទោសទណ្ឌលើអ្នកបើកបរល្មើសច្បាប់ដោយគ្មានការលើកលែង ព្រមទាំងបង្កើនការបំពាក់កាមេរ៉ាសុវត្ថិភាពនៅតាមដងផ្លូវ និងពង្រីកការផ្សព្វផ្សាយច្បាប់ ស្តីពី ចរាចរណ៍ផ្លូវគោកឱ្យបានទូលំទូលាយ។
លោកបានចាត់ទុកការបាត់បង់ជីវិតរបស់ប្រជាពលរដ្ឋដោយសារគ្រោះថ្នាក់លើដងផ្លូវថា ជាវិបត្តិដ៏ធ្ងន់ធ្ងរ ដែលភាគីពាក់ព័ន្ធត្រូវតែរួមគ្នាទប់ស្កាត់ជាបន្ទាន់ បើមិនដូច្នោះទេ វានឹងក្លាយជាឧបសគ្គរាំងស្ទះដល់ការអភិវឌ្ឍប្រទេសជាតិទាំងមូល។ដោយឡែកជុំវិញគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់កាលពីថ្ងៃទី២៣ ខែឧសភា កន្លងទៅនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈបេឡាជាតិ សន្តិសុខសង្គម (ប.ស.ស.) បានប្រកាសថា នឹងបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយដោះស្រាយទុក្ខលំបាកនានារបស់កម្មករនិយោជិត ក៏ដូចជាក្រុមគ្រួសារសព ដើម្បីធានាថា ពួកគេទទួលបាននូវអត្ថប្រយោជន៍ និងការគាំពារផ្សេងៗ ស្របតាមច្បាប់ស្តីពីការងារ និងគោលការណ៍នៃរបបសន្តិសុខសង្គមជាធរមាន៕
អត្ថបទ៖ ជា ម៉ារ៉ា