សេដ្ឋកិច្ចពិភពលោក

ប្រទេសចំនួន២៧​កំពុងស្វែងរកជំនួយពីធនាគារពិភពលោក ដើម្បីសង្គ្រោះសេដ្ឋកិច្ច​


មានប្រទេសសរុបយ៉ាងហោចណាស់ចំនួន២៧ត្រូវបានរាយការណ៍ថា កំពុងរងគ្រោះដោយវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងររហូតដល់ដុនដាបដកឃ្លាមិនរួច និងបង្ខំចិត្តស្វះស្វែងរកជំនួយផ្នែកហិរញ្ញវត្ថុ ដើម្បីគាំទ្រសេដ្ឋកិច្ចជាតិ ខណៈដែលស្ថានការណ៍នៅប្រទេសអ៊ីរ៉ង់ នៅតែស្ថិតក្នុងមាត់ជ្រោះ នៃការប៉ះទង្គិចគ្នាដោយអាវុធជាថ្មី។ ផលប៉ះពាល់ពីវិបត្តិសង្គ្រាមនៅអ៊ីរ៉ង់នេះបានរីករាលដាលដល់បណ្តាប្រទេសជាច្រើន ប៉ុន្តែប្រទេសដែលរងគ្រោះធ្ងន់ធ្ងរជាងគេមានចំនួន២៧ប្រទេស តែក្នុងចំណោមប្រទេសទាំងនេះមានតែពីរប្រទេសប៉ុណ្ណោះ ដែលត្រូវបានបង្ហាញអត្តសញ្ញាណ។
សេដ្ឋកិច្ចពិភពលោក
ដោយ

សារព័ត៌មាន The Edge Malaysia បានរាយការណ៍ថា ចាប់តាំងពីវិបត្តិសង្គ្រាមនៅអ៊ីរ៉ង់ បានផ្ទុះឡើង យ៉ាងហោចណាស់មានប្រទេសចំនួន២៧ កំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងររហូតដល់ត្រូវរៀបចំគោលនយោបាយ និងកម្មវិធីសង្គ្រោះបន្ទាន់ ដើម្បីស្នើសុំកញ្ចប់ថវិកាគាំទ្រពីយន្តការ ដែលមានស្រាប់របស់ធនាគារពិភពលោក។ ប្រភពពីធនាគារពិភពលោក ដែលបានបង្ហើបពីព័ត៌មាននេះ មិនបានបញ្ចេញឈ្មោះប្រទេសទាំង២៧នោះទេ ក្រៅតែពីប្រទេសកេនយ៉ា និងអ៊ីរ៉ាក់ ហើយមន្ត្រីជាន់ខ្ពស់របស់ធនាគារពិភពលោក ក៏មិនទាន់មានការអត្ថាធិប្បាយជាផ្លូវការ និងចំហជុំវិញបញ្ហានេះដែរ។
ពាក់ព័ន្ធនឹងវិបត្តិនេះ មន្ត្រីរដ្ឋាភិបាលប្រទេសកេនយ៉ា បានបញ្ជាក់ថា ពួកគេកំពុងស្វែងរកការគាំទ្រផ្នែកហិរញ្ញវត្ថុជាបន្ទាន់ពីធនាគារពិភពលោក ដើម្បីដោះស្រាយផលវិបាកដែលបង្កឡើងដោយសង្គ្រាម ដូចជាការហក់ឡើងខ្លាំង នៃតម្លៃប្រេងឥន្ធនៈ ដែលកំពុងយាយីដល់សេដ្ឋកិច្ចក្នុងស្រុក។ ដោយឡែកសម្រាប់ប្រទេសអ៊ីរ៉ាក់ ដែលមានប្រភពចំណូលចម្បងពីការនាំចេញប្រេងវិញ ក៏បានស្នើសុំជំនួយផងដែរដោយសារតែទីផ្សារប្រេងរបស់ពួកគេត្រូវជាប់គាំង ដែលរាំងស្ទះដល់លំហូរសាច់ប្រាក់សម្រាប់ទ្រទ្រង់ថវិកាជាតិ។
យោងតាមឯកសារលេចធ្លាយបានបង្ហាញថា ប្រទេសចំនួន២៧ ដែលត្រូវបានបង្ហើបឈ្មោះនេះ គឺស្ថិតក្នុងចំណោមប្រទេសចំនួន១០១ ដែលមានលទ្ធភាពទទួលបានឧបករណ៍ហិរញ្ញប្បទាន ដែលបានរៀបចំទុកជាមុន ដើម្បីទប់ទល់នឹងវិបត្តិ រួមទាំងប្រទេសចំនួន៥៤ ដែលបានចុះហត្ថលេខាលើជម្រើសឆ្លើយតបរហ័ស ដែលអនុញ្ញាតឱ្យពួកគេអាចដកសាច់ប្រាក់រហូតដល់១០% នៃកញ្ចប់ហិរញ្ញប្បទាន ដែលមិនទាន់បានចំណាយយកទៅប្រើប្រាស់ភ្លាមៗ។
លោក អាយ៉ាយ បាំងហ្គា (Ajay Banga) ប្រធានធនាគារពិភពលោកបានថ្លែងថា កញ្ចប់យន្តការដោះស្រាយវិបត្តិរបស់ធនាគារពិភពលោក នឹងអនុញ្ញាតឱ្យបណ្តាប្រទេសរងគ្រោះអាចទាញយកហិរញ្ញប្បទានដែលបានរៀបចំទុកជាមុន យកទៅធ្វើជាទុន ដើម្បីរក្សាសមតុល្យគម្រោង ដែលមានស្រាប់។ លើសពីនេះ តាមរយៈយន្តការចែកចាយរហ័ស ប្រទេសទាំងនោះអាចទទួលបានចំណែកពីកញ្ចប់ហិរញ្ញប្បទានសង្គ្រោះ ដែលមានតម្លៃសរុបប្រមាណពី២០ពាន់លានដុល្លារដល់២៥ពាន់លានដុល្លារអាម៉េរិក ផងដែរ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


​តើកម្ពុជា ត្រូវពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោកយ៉ាងណាខ្លះ ដើម្បីកាត់បន្ថយគ្រោះថ្នាក់លើដងផ្លូវ?

បញ្ហាគ្រោះថ្នាក់ចរាចរណ៍កំពុងតែក្លាយជាជំងឺសង្គមដ៏ធ្ងន់ធ្ងរ និងរ៉ាំរ៉ៃមួយ ដែលពិបាកក្នុងការទប់ស្កាត់ ហើយថែមទាំងបាន និងកំពុងបង្កជាផលរំខានយ…

អតីតនាយករដ្ឋមន្ត្រីថៃ​​​ ព្រមានថា ផែនការខ្ចីលុយជាង១២ពាន់លានដុល្លាររបស់រដ្ឋបាល​លោក អានុទីន អាចក្លាយជាបន្ទុកធ្ងន់ដល់ពលរដ្ឋថៃ ទៅថ្ងៃអនាគត​

អតីតនាយករដ្ឋមន្ត្រីថៃ លោក អាប់ភីស៊ីត វេចាជីវ៉ា (Abhisit Vejjajiva) បាន​ព្រមានធ្ងន់ៗ​ថា ផែនការខ្ចីប្រាក់របស់រដ្ឋាភិបាលថៃ ក្នុងទំហំរហូត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ