លោកបណ្ឌិត ឈត ប៊ុនថង អ្នកស្រាវជ្រាវ និងជាអ្នកជំនាញទស្សនវិជ្ជានៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា ការត្រួតពិនិត្យលើជនបរទេសដែលចូលមកកម្ពុជា គឺជាការអនុវត្តច្បាប់របស់កម្ពុជា ប៉ុន្តែប្រសិនបើមានការអនុវត្តខុសពីគោលការណ៍នោះ នឹងធ្វើឱ្យខូចមុខមាត់របស់កម្ពុជា។ បើតាមអ្នកជំនាញរូបនេះ នៅក្នុងស្ថានភាពនេះ អាជ្ញាធរកម្ពុជា គួរអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវតាមគោលការណ៍របស់រដ្ឋាភិបាល និងត្រូវចៀសវាងយកបទបញ្ជាទៅរកប្រាក់ក្រៅផ្លូវការ។ ទន្ទឹមនេះ ប្រសិនបើរកឃើញមានមន្រ្តីអនុវត្តខុសគោលការណ៍ គឺត្រូវលុបបំបាត់ជាបន្ទាន់ ព្រោះអាចបង្កផលប៉ះពាល់ដល់វិស័យទេសចរណ៍ និងការទាក់ទាញវិនិយោគិនបរទេសជាដើម។
ជាមួយគ្នានេះ លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ យល់ឃើញថា ប្រសិនបើមានសកម្មភាពឆ្លៀតឱកាសស្វែងរកផលប្រយោជន៍ខុសច្បាប់ពីសំណាក់មន្ត្រីអនុវត្តច្បាប់នោះនឹងបំផ្លាញយន្តការដ៏ល្អរបស់រដ្ឋាភិបាល និងប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូររបស់កម្ពុជា លើឆាកអន្តរជាតិ។ លោកជំរុញឱ្យមានការចាត់វិធានការតាមច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុតចំពោះមន្ត្រីដែលឃ្លាតចាកពីសីលធម៌វិជ្ជាជីវៈ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យស្តីពី «ការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ» ដើម្បីធានាដល់សន្តិសុខ សុវត្ថិភាពសង្គម និងសណ្ដាប់ធ្នាប់សាធារណៈ។ អនុក្រឹត្យនេះបានចែងថា ម្ចាស់ទីតាំងរស់នៅប្រមូលផ្តុំ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្ដុំ ដែលមានចេតនាលាក់បាំង និងអនុញ្ញាតឱ្យជនបរទេស ដែលចូលមកកម្ពុជា ដោយខុសច្បាប់ ស្នាក់នៅក្នុងទីតាំងស្ថិតនៅក្រោមការទទួលខុសត្រូវរបស់ខ្លួន ត្រូវផាកពិន័យជាប្រាក់ចំនួនបួនលានរៀល សម្រាប់ជនបរទេសម្នាក់ ដោយមិនទាន់គិតដល់ទោសព្រហ្មទណ្ឌដែលបានកំណត់ក្នុងច្បាប់ជាធរមានឡើយ។ បច្ចុប្បន្ន សមត្ថកិច្ចតាមបណ្តាខេត្តនានាក៏បានបង្កើនការដាក់គោលដៅត្រួតពិនិត្យឯកសារស្នាក់នៅរបស់ជនបរទេស ដើម្បីធានាបាននូវតម្លាភាព និងសណ្តាប់ធ្នាប់សាធារណៈ៕
អត្ថបទ៖ បូ ដូឡា