ទិន្នន័យផ្លូវការពីផ្សារហ៊ុនអង់គ្លេស (LSEG) បានបង្ហាញថា ការប្រកួតប្រជែងយ៉ាងខ្លាំងក្លាក្នុងវិស័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ជាពិសេស AI ជំនាន់ថ្មី ដែលគេស្គាល់ថា Generative AI បានជំរុញឱ្យឥណទាន ស៊ីនឌីខេត (Syndicated loans) នៅទូទាំងពិភពលោក ឈានដល់កម្រិតកំណត់ត្រា៦ទ្រីលានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៤ ហើយនេះជាលើកទី១ ហើយ ក្នុងរយៈពេល៣ឆ្នាំមកនេះ ដែលការផ្តល់ឥណទាន ស៊ីនឌីខេត កើនឡើងបែបនេះ ហើយវាជាតួលេខខ្ពស់បំផុតមិនធ្លាប់មានជាប្រវត្តិសាស្ត្រចាប់តាំងពីទិន្នន័យត្រូវបានចាប់ផ្ដើមកត់ត្រាទុកក្នុងឆ្នាំ១៩៨០ មក។
ប្រភពមួយចេញពីធនាគារជប៉ុន បានទម្លាយឱ្យដឹងថា ពេលនេះគេកំពុងប្រមូលកៀរគរមូលនិធិបន្ថែមទៀតតាមរយៈឥណទាន ស៊ីនឌីខេត សម្រាប់ការសាងសង់មជ្ឈមណ្ឌលរក្សាទុកទិន្នន័យ។ ឥណទានក្នុងឧស្សាហកម្មបច្ចេកវិទ្យាជាន់ខ្ពស់បានកើនឡើង៧០% ខណៈដែលឥណទានក្នុងវិស័យទូរគមនាគមន៍ ក៏បានកើនឡើង៧០%ដែរ នៅសហរដ្ឋអាម៉េរិក។
ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសម្រាប់បច្ចេកវិទ្យា AI ដូចជាសាងសង់មជ្ឈមណ្ឌលរក្សាទុកទិន្នន័យ និងបច្ចេកវិទ្យាសារគមនាគមន៍ជាដើម ត្រូវការទុនវិនិយោគយ៉ាងច្រើនសម្បើម។ ហើយទន្ទឹមនេះ តម្រូវការថាមពលសម្រាប់ប្រព័ន្ធ AI ក៏បានជំរុញឱ្យឥណទានស៊ីនឌីខេត ពាក់ព័ន្ធនឹងថាមពលកើនឡើង២០%ផងដែរ ដោយសារទទួលបានការលើកទឹកចិត្តពីច្បាប់កាត់បន្ថយអតិផរណារបស់សហរដ្ឋអាម៉េរិក ដើម្បីលើកកម្ពស់ថាមពលកកើតឡើងវិញ និងពង្រឹងសន្តិសុខថាមពល។
សូមបញ្ជាក់ថា ឥណទានស៊ីនឌីខេត (Syndicated loans) ជាប្រាក់កម្ចីដែលគ្រឹះស្ថានហិរញ្ញវត្ថុជាច្រើនរួមគ្នាផ្តល់ហិរញ្ញប្បទានដល់គម្រោងខ្នាតយក្ស ឬក្រុមហ៊ុនណាមួយ ដែលត្រូវបានប្រើប្រាស់កាន់តែខ្លាំងឡើងសម្រាប់តម្រូវការទ្រង់ទ្រាយធំៗដូចជា ការទិញយកអាជីវកម្ម ដើម្បីច្របាច់បញ្ចូលគ្នា និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធធំៗជាដើម។
ទិន្នន័យផ្លូវការបង្ហាញថា ទ្វីបអាម៉េរិក បាននាំមុខគេក្នុងពិភពលោកផ្នែកឥណទាន ស៊ីនឌីខេត ដោយឥណទានប្រភេទនេះបានកើនឡើង៤០%។ ទំហំឥណទាន ស៊ីនឌីខេត សរុប នៅក្នុងទ្វីបអាម៉េរិក បានកើនឡើងដល់៤ទ្រីលានដុល្លារ ដែលស្មើជិត៧០% នៃឥណទាន ស៊ីនឌីខេត សរុប នៅទូទាំងពិភពលោកក្នុងឆ្នាំ២០២៤។
ទន្ទឹមនេះ ឥណទានស៊ីនឌីខេតនៅអឺរ៉ុប តំបន់មជ្ឈិមបូព៌ា និងអាហ្រ្វិក ក៏មានការកើនឡើងប្រមាណ៤០% ផងដែរ។ ទោះជាយ៉ាងណា ឥណទាន ស៊ីនឌីខេត បានធ្លាក់ចុះជិត១០% នៅក្នុងប្រទេសជប៉ុន និងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ ហើយទន្ទឹមនេះ ឥណទាន ស៊ីនឌីខេត នៅក្នុងប្រទេសចិន បានធ្លាក់ចុះ៤០% ដោយសារតែសេដ្ឋកិច្ចធ្លាក់ចុះ៕
ដោយ: តែម សុខុម