
លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច បានគូសបញ្ជាក់ថា ពន្ធបដិការដែលសហរដ្ឋអាម៉េរិក បានទម្លាក់ពីអត្រា៤៩% មកនៅត្រឹម៣៦% លើទំនិញនាំចូលពីកម្ពុជានេះ នៅតែស្ថិតក្នុងកម្រិតខ្ពស់ ហើយប្រសិនបើកម្ពុជា មិនអាចចរចាបញ្ចុះអត្រាពន្ធបន្ថែមទៀត នៅមុនពេលចាប់ផ្តើមអនុវត្តនាថ្ងៃទី១ខែសីហា ទេនោះ វានឹងជះផលប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចកម្ពុជា។ ប៉ះពាល់ខ្លាំង ក៏ដោយសារកម្ពុជា មិនអាចប្រកួតប្រជែងជាមួយប្រទេសដៃគូធំៗ ដែលមានអត្រាពន្ធទាបជាងកម្ពុជា ក៏ដូចជាស្រូបទាញ និងរក្សាការវិនិយោគពីក្រៅប្រទេស ដ្បិតថា កាលណាការវិនិយោគរងផលប៉ះពាល់ នោះជីវភាពរបស់ពលរដ្ឋ ដែលបម្រើការងារនៅតាមរោងចក្រសហគ្រាសនានា ប្រមាណជាង១លាននាក់ ដែលផលិតទំនិញសម្រាប់នាំចេញទៅអាម៉េរិក ក៏នឹងរងផលប៉ះពាល់ដូចគ្នាដែរ ហើយសេដ្ឋកិច្ចកម្ពុជានឹងបាត់បង់ចំណូលមួយចំនួនធំពីការនាំចេញទំនិញទៅកាន់សហរដ្ឋអាម៉េរិក ដែលជាទីផ្សានាំចេញធំបំផុតរបស់កម្ពុជា។
ស្រដៀងគ្នានេះ ឧកញ៉ា ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុនឡាញហល អ៊ិចប្រេស បានគូសបញ្ជាក់ថា ប្រសិនបើសហរដ្ឋអាម៉េរិក នៅតែរក្សាការយកពន្ធចំនួន៣៦% ពីកម្ពុជា នោះការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់ទីផ្សារអាម៉េរិកនឹងរងផលប៉ះពាល់ ហើយអ្នកដែលប៉ះពាល់ខ្លាំងរួមមានអ្នកវិនិយោគនៅកម្ពុជា អ្នកបញ្ជាទិញនៅសហរដ្ឋអាម៉េរិក និងរាជរដ្ឋាភិបាលកម្ពុជា ផងដែរ។ តែយ៉ាងណា អ្នកជំនាញរូបនេះជឿជាក់ថា រាជរដ្ឋាភិបាលកម្ពុជានឹងអាចចរចាបញ្ចុះអត្រាពន្ធបដិការជាមួយសហរដ្ឋអាម៉េរិក បានបន្ថែមទៀត ដ្បិតថា ទាំងវិស័យឯកជន និងរាជរដ្ឋាភិបាលបានសហការគ្នាយ៉ាងយកចិត្តទុកដាក់ ដើម្បីដោះស្រាយលើបញ្ហានេះ។
គួរជម្រាបថា នៅថ្ងៃទី៧ ខែកក្កដា កន្លងទៅនេះ សហរដ្ឋអាម៉េរិក បានសម្រេចដាក់ពន្ធបដិការចំនួន៣៦% លើទំនិញកម្ពុជា នាំចូលទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក ក្រោយប្រទេសទាំងពីរបានខិតខំចរចាយ៉ាងស្វិតស្វាញអស់ជាច្រើនលើក ហើយកម្ពុជា នៅមានឱកាសក្នុងការបន្តចរចាអត្រាពន្ធបដិការនេះជាមួយសហរដ្ឋអាម៉េរិកបន្ថែមទៀតរហូតដល់ថ្ងៃទី១ខែ ខែសីហា ឆ្នាំ២០២៥ ខាងមុខនេះ៕