លោកបណ្ឌិត ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ច នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា ការសម្រេចផ្អាកដំណើរការផ្តល់ទិដ្ឋាការអន្តោប្រវេសន៍របស់អាម៉េរិក ដល់កម្ពុជា អាចដោយសាររដ្ឋបាលលោក ដូ ណាល់ត្រាំ បានគិតគូរលើទិដ្ឋភាពសង្គម និងសេដ្ឋកិច្ច ក្រោយអាម៉េរិក បារម្ភពីបន្ទុកសង្គមដោយលំហូរជនអន្តោប្រវេសន៍សម្រុកចូលទៅរស់នៅនៅប្រទេសខ្លួន។ លើសពីវាជាឱកាសមួយក្នុងការរកប្រាក់ចំណូលពីការលក់បណ្ណ ដើម្បីចូលទៅរស់នៅក្នុងទឹកដីសហរដ្ឋអាម៉េរិកផងដែរ។ ទោះជាយ៉ាងណាអ្នកជំនាញរូបនេះជឿជាក់ថា វិធានការនេះនឹងមិនបង្កផលប៉ះពាល់ដល់ពលរដ្ឋទូទៅនោះទេ ដោយសារទិដ្ឋាការប្រទេសដទៃទៀត ដូចជាទិដ្ឋាការសម្រាប់ទៅសិក្សា និងទេសចរណ៍នៅតែដំណើរការ។
ជាមួយគ្នានេះ លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ ក៏បានបង្ហាញទស្សនៈយល់ឃើញស្រដៀងគ្នាដែរថា ការផ្តល់ទិដ្ឋាការអន្តោប្រវេសន៍របស់អាម៉េរិកនេះអាចបង្កផលប៉ះពាល់ខ្លះៗតែចំពោះពលរដ្ឋខ្មែរ ដែលមានបំណងចង់ទៅរស់នៅអាម៉េរិកជាអចិន្ត្រៃយ៍ប៉ុណ្ណោះ។ អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា ក្នុងដំណាក់កាលអន្តរកាលនេះ សហរដ្ឋអាម៉េរិក កំពុងផ្តោតខ្លាំងលើបញ្ហាសន្តិសុខជាតិ ស្របពេលប្រទេសនេះមានបញ្ហាជាមួយប្រទេសជាច្រើនពាក់ព័ន្ធនឹងបញ្ហាពន្ធគយ។
សូមបញ្ជាក់ថា សហរដ្ឋអាម៉េរិក កាលពីថ្ងៃទី១៤ ខែមករា បានសម្រេចផ្អាកដំណើរការផ្តល់ទិដ្ឋាការអន្តោប្រវេសន៍ដល់ប្រទេសចំនួន៧៥ នៅជុំវិញពិភពលោក រួមទាំងប្រទេសមួយចំនួននៅតំបន់អាស៊ាន ដូចជា កម្ពុជា ថៃ ភូមា និងឡាវ ផងដែរ។ វិធានការនេះ ត្រូវបានក្រសួងការបរទេសអាម៉េរិក អះអាងថា ជាផ្នែកមួយនៃយុទ្ធសាស្ត្រទប់ស្កាត់ការកើនឡើងនៃជនអន្តោប្រវេសន៍ និងការពារប្រព័ន្ធសង្គមសាធារណៈរបស់អាម៉េរិក៕
អត្ថបទ៖ បូ ដូឡា