អ្នកឧកញ៉ា ម៉ុង ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប និងជាអ្នកជំនួញកសិកម្មដ៏ល្បីល្បាញមួយរូបនៅកម្ពុជា បានចាត់ទុកវិធានការផ្អាកការនាំចូលគ្រឿងក្នុង និងបំណែកសាច់បង្កករបស់រាជរដ្ឋាភិបាល គឺជាការគិតគូរដ៏សំខាន់ដល់កសិករជាអ្នកចិញ្ចឹមសត្វនៅកម្ពុជា។
មហាសេដ្ឋីកសិកម្មរូបនេះរំពឹងថា តាមរយៈវិធានការផ្អាកការនាំចូលជាបណ្ដោះអាសន្នបំណែកសាច់បង្កក និងគ្រឿងក្នុងសត្វរយៈពេល៦ខែ ដែលចាប់ពីថ្ងៃទី១២ ខែមីនា នេះ វានឹងជួយធ្វើឱ្យតម្លៃសត្វក្នុងស្រុកមានភាពល្អប្រសើរឡើងវិញ ដែលអាចផ្តល់ប្រាក់ចំណេញដល់កសិករ។ យ៉ាងណាក៏ដោយ អ្នកឧកញ៉ា ម៉ុង ឬទ្ធី ហាក់នៅមានការព្រួយបារម្ភពីការលួចនាំចូលសាច់បង្កកខុសច្បាប់ក្រោមរូបភាពផ្សេងៗ និងស្នើឱ្យកម្លាំងសមត្ថកិច្ចពាក់ព័ន្ធត្រូវពង្រឹងការអនុវត្តន៍ការហាមឃាត់ឱ្យបានតឹងរ៉ឹងបំផុត។
ពាក់ព័ន្ធបញ្ហានេះដែរលោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ជឿជាក់ថា វិធានការហាមឃាត់ការនាំចូលនេះសាច់បង្កកជាប្រភេទគ្រឿងក្នុងដែលចាប់អនុវត្តពីដើមសប្តាហ៍នេះ នឹងក្លាយជាផ្នែកមួយជួយដល់កសិករចិញ្ចឹមសត្វអាចឱ្យទទួលបានផលចំណេញខ្លះមកវិញនាពេលខាងមុខ។
ទន្ទឹមនឹងបង្ហាញក្តីរំពឹងចំពោះវិធានការនេះ អ្នកជំនាញរូបនេះ ក៏បានបង្ហាញក្តីបារម្ភផងដែរ ចំពោះការលួចនាំចូលសាច់បង្កក និងគ្រឿងក្នុងបង្កកខុសច្បាប់ចូលមកទីផ្សារកម្ពុជា ដែលតែងតែកើតមានជារឿយៗនៅមួយរយៈចុងក្រោយនេះ។
ជាមួយគ្នានេះ លោក ស្នើអ្នកពាក់ព័ន្ធ និងអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ចូលរួមអនុវត្តន៍ឱ្យបានតឹងរ៉ឺងចំពោះវិធានការនេះ ដើម្បីរួមចំណែកជួយលើកកម្ពស់សុខភាពសាធារណៈ និងជួយលើកកម្ពស់វិស័យចិញ្ចឹមសត្វនៅកម្ពុជា។ បើតាមលោក ស្រ៊ុន ពៅ ការនាំចូលសាច់បង្កកតាមច្រកតែមួយ គឺជាវិធានការល្អបំផុតសម្រាប់ការត្រួតពិនិត្យលើគុណភាពឱ្យស្របតាមស្តង់ដា និងសុវត្ថិភាពចំណីអាហារ។
ជាមួយគ្នានេះ ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ(ក.ប.ប)បានគូសបញ្ជាក់ប្រាប់ខេមបូណូមីសថា ដើម្បីចូលរួមអនុវត្តន៍តាមការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចផ្អាកនាំចូលបំណែកសាច់បង្កក និងគ្រឿងក្នុងជាបណ្តោះអាសន្នរយៈពេល៦ខែ អគ្គនាយកដ្ឋាន ក.ប.ប. នឹងបង្កើនសកម្មភាពឃ្លាំពិនិត្យតាមបណ្តាឃ្លាំងស្តុក និងការចរាចរផលិតផលគ្រឿងក្នុង និងបំណែកសាច់បង្កក ដែលនាំចូលឱ្យបានម៉ឺងម៉ាត់បំផុត ដោយរួមទាំងកិច្ចសហការជាមួយបណ្តាស្ថាប័នពាក់ព័ន្ធផងដែរ។
សូមបញ្ជាក់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងពាណិជ្ជកម្ម បានប្រកាសអន្តរក្រសួង បិទការនាំចូលជាបណ្ដោះអាសន្ននូវប្រភេទគ្រឿងក្នុង និងបំណែកសាច់បង្កក រយៈពេល៦ខែ គិតចាប់ពីថ្ងៃទី១២ ខែមីនា ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។
វិធានការហាមឃាត់នេះ បានកើតឡើងក្រោយពេលទីផ្សារសាច់សត្វរស់របស់កសិករក្នុងស្រុក កំពុងប្រឈមបញ្ហាតម្លៃធ្លាក់ចុះជាបន្តបន្ទាប់ ជាហេតុធ្វើឱ្យអ្នកចិញ្ចឹមសត្វមួយចំនួនបានបោះបង់ចោលការការចិញ្ចឹម ហើយនៅតាមកសិដ្ឋានមួយចំនួនទៀត ក៏ចាប់ផ្ដើមកាត់បន្ថយការចិញ្ចឹមសត្វដែរ៕
អត្ថបទ៖ បូ ដូឡា